ភ្នំពេញៈ នា​មួយ​រយៈពេល​ចុងក្រោយ​នេះ គេ​ឧស្សាហ៍​ឃើញ​តារា​ចម្រៀង​ស្រី​រាង​ខ្ពស់​ស្រឡះ មាន​ឈ្មោះ​ពិត​កញ្ញា ផន នីដា ហៅ​កញ្ញា ផន ស្រីខួច បង្ហោះ​សារ​បែប​មាន​អាថ៌កំបាំង​ក្នុង​ដួង​ចិត្ត ហាក់​ដូចជា​កំពុង​តែ​មាន​ភាព​រកាំ​រកូស​នឹង​រឿង​អ្វីមួយ ឬ​អ្នកណា​ម្នាក់​នៅ​ក្នុង​សង្គម​សិល្បៈ​របស់​ខ្លួន​ធ្វើ​ឲ្យ​មហាជន​សង្ស័យ។

តារា​ចម្រៀង​ស្រី​ល្បី​មធ្យម​ដែល​ឈរ​នៅ​លើ​ទ្រនំ​ធំ​គឺ​ផលិតកម្ម​ហង្សមាស កញ្ញា ផន ស្រីខួច បាន​បង្ហើរ​សារ​មួយ​ហាក់​ដូចជា​កំពុង​តែ​មាន​ភាព​ខ្វែង​គំនិត​នឹង​អ្នក​ណា​ម្នាក់​ក្នុង​សង្គម​សិល្បៈ​មាន​ការ​ច្រណែន​ឈ្នានីស និង​បាន​ប្រើ​ពាក្យ​បំបាក់​ទឹកចិត្ត​នាង​ថា៖ «ចង់​ផ្តាំ​មួយ​ម៉ាត់​ទេ​ថា ពាក្យ​បំបាក់​ទឹក​ចិត្ត ស្មារតី ទង្វើ​ផ្សេងៗ​ទៀត និង​និយាយ​ដើម​មិន​ល្អ​ពី​ខ្ញុំ​រហូត​មក​របស់​អ្នក វា​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នេះ បរាជ័យ ឬ​អាច​យក​ឈ្នះ​ការ​ពិត​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ​ខ្លួន​អ្នក​ទេ បរាជ័យ ហើយ​កុំ​ព្យាយាម​សម្តែង​ទៅ នៅ​មុខ​ធ្វើ​តួ​កំសត់ ក្រោយ​ខ្នង​តួ​ឃាតករ!​យល់​ទេពា​ក្យ​ថា កម្ម​ពៀរ អ្នក​ណា​សាង​អ្នក​ហ្នឹង​ទទួល!» និង​សារ​យ៉ាងខ្លី​មួយ​ទៀត​តែ​មាន​ន័យ​ជ្រៅ​ថា៖ «ល្អ​ក្នុង​ប្រសើរ​ជាង​ល្អ​តែ​ខាងក្រៅ»។

មួយ​រំពេច​ក្រោយ​មក​ក៏មាន​ការ​លើក​ឡើង​ជា​ព័ត៌មាន​បែប​ចចាម​អារ៉ាម​ដែរ​ថា តារា​ចម្រៀង​ស្រី​ជា​ចំណូល​ថ្មី​ផលិតកម្ម​ហង្សមាស កញ្ញា ផន នីដា ហៅ ស្រី​ខួច និង​អតីត​ជា​ម្ចាស់​ជយលាភី​លេខ ១ នៅ​ក្នុង​កម្មវិធី​រ៉ុក​ស្ដារ​រូបនេះ ទំនង​ជា​មាន​បញ្ហា​រកាំ​រកូស​នឹង​ផលិតកម្ម​ហង្សមាស​ទេ​ដឹង ព្រោះ​ថា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ នាង​ហាក់​ដូចជា​មិន​សូវ​មាន​បទ​ចម្រៀង​ចេញ​មក​បំពេ​អារម្មណ៍​ប្រិយមិត្ត​ខ្លួន​សោះ ហើយ​ក៏​ឧស្សាហ៍​បង្ហើរ​សារ​បែប​ខូចចិត្ត​ខូច​អារម្មណ៍​ប្រាប់​មហាជន​ឲ្យ​ដឹង​ផង​ដែរ។

តារា​ចម្រៀង​ដែល​មាន​ទឹកដម​ទាក់ទាញ​ជាង​សម្រស់​នាង ផន ស្រីខួច ក៏បាន​អះអាង​តាមរយៈ​ការ​ឆ្លើយ​ឆ្លង​ជា​សារ​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​បញ្ជាក់​រឿង​សារ ដែល​នាង​បាន​ផូស្ត​នោះ​ថា៖ «អូ!​តាម​ពិត​ទៅ​នោះ​គ្រាន់​តែ​ធម្មតា ដែល​នាង​ខ្ញុំ​បង្ហោះ​លេង​តែ​ប៉ុណ្ណោះ។ នាង​ខ្ញុំ​មិន​មាន​បញ្ហា​អ្វី​ឡើយ!»។

ចំពោះ​ព័ត៌មាន​បែប​ជា​រឿង​ចចាម​អារ៉ាម​ថា តារា​ស្រី​រូប​នេះ កំពុង​តែ​មាន​ការ​ខកចិត្ត​ខូច​អារម្មណ៍​ជាមួយ​នឹង​ផលិតកម្ម​ហង្សមាស​ដូច​ដែល​បាន​លើក​ឡើង​ខាង​លើ​នោះ កញ្ញា ផន ស្រី​ខួច បាន​បន្ត​ថា៖ «ហាហា!​តើ​អ្នក​ណា​ទៅ​ថា​ដូច្នោះ? តាម​ពិត​ទៅ​ការងារ​សិល្បៈ​របស់​នាង​ខ្ញុំ ជាមួយ​ផលិតកម្ម​គឺ​ល្អ​ខ្លាំង​ណាស់​គ្មាន​បញ្ហា​នោះ​ទេ!»។

គួរ​កត់សម្គាល់ថា តារាចម្រៀង​ស្រី​រូបនេះ ក៏​ត្រូវបាន​មជ្ឈដ្ឋាន ជា​អ្នក​និយម​គាំទ្រ​វិស័យ​សិល្បៈ​ចម្រៀង​បាន​លើក​ឡើង​ថា តាំង​ពី​ប្តូរ​ទ្រនំ​មក​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ធំ​ហង្សមាស​មក​នោះ​ឃើញ​ថា នាង​ក៏មាន​ចេញ​បទ​ចម្រៀង​កាយវិការ​ក្នុង​វ៉ុល​ថ្មីៗ​មិន​សូវ​លស់​ដែរ​ទេ ដែល​បង្ហាញ​ពី​ភាព​លេច​ធ្លោ​របស់​នាង​មួយ​កម្រិត​ទៀត​សម្រាប់​ការ​ឈាន​មក​ចូល​ទ្រនំ​ថ្មី​នេះ។

ចំពោះ​បញ្ហា​ស្នេហា​វិញ​គេ​ក៏​សង្កេត​ឃើញ​ថា តារា​ស្រី​រូបនេះ ក៏​មិន​ដែល​មាន​ការ​លេច​ឮជា​ព័ត៌មាន​បែក​ធ្លាយ​អ្វី​ខ្លាំង​ដែរ។ តែ​ក្រៅ​ពី​មោទនភាព តារា​ចម្រៀង​ចំណូល​ថ្មី​ផលិតកម្ម​ហង្សមាស​កញ្ញា ផន នីដា ហៅ ផន ស្រីខួច រីកចិត្ត​រីក​ថ្លើម​នោះ នាង​ក៏​ធ្លាប់​ពើប​ប្រទះ​នឹង​រឿង​បរាជ័យ​ក្នុង សេចក្តី​ស្នេហា ​ដែល​ប្រជែង​ចាញ់​ជាមួយ​នឹង​ពិធីការិនី សូដានីតា នា​កាល​ពី​ច្រើន​ឆ្នាំ​កន្លង​មក​នោះ៕