ក្រុង​ហ្សាការតា៖ ក្រុម​អ្នក​អភិរក្ស​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា ពួក​គេ​បាន​ប្រទះ​ឃើញ​ពូជ​រុក្ខជាតិ​ដែល​ធ្លាប់​ត្រូវ​បាន​ចាត់​ទុក​ជា​ផ្កា​ធំ​បំផុត​ក្នុង​លោក​មួយ​ប្រភេទ​។

ផ្កា​យក្ស Rafflesia tuan-mudae ពណ៌​ក្រហម អុច​​កន្ទួល​​ពណ៌​ស លើ​ស្រទាប់​ផ្កា មាន​អង្កត់​ផ្ចិត​ប្រមាណ ១១១ សង់ទីម៉ែត្រ​។

វា​មាន​ទំហំ​ធំ​ជាង​ផ្កា​ជាប់​កំណត់ត្រា​ចាស់​ទំហំ ១០៧ សង់ទីម៉ែត្រ ពេល​រីក​ស្គុសស្គាយ​ ដែល​ប្រទះ​ឃើញ​នៅ​ព្រៃ​កោះ​ស៊ូម៉ាត្រា​ខាង​លិច​កាល​ពី​ច្រើន​ឆ្នាំ​មុន​ផង​ដែរ​។

លោក Ade Putra នៅ​ទីភ្នាក់ងារ​អភិរក្ស​ អាហ្គ្រាម នៅ​កោះ​ស៊ូម៉ាត្រា បាន​និយាយ​ថា​៖ «​នេះ ​គឺ​ជា​ផ្កា Rafflesia tuan-mudae ធំ​បំផុត​ដែល​ធ្លាប់​ចង​ក្រង​មក​»។

លោក​បាន​បន្ថែម​ថា ផ្កា​នេះ រីក​មាន​រយៈពេល​តែ​ប៉ុន្មាន​សប្ដាហ៍ មុន​ពេល​វា​ស្រពោន និង​រលួយ​។

វា​ត្រូវ​បាន​ដាក់​ឈ្មោះ​ Rafflesia តាម​អ្នក​អាណា​និគម​និយម​ចក្រភព​អង់គ្លេស​ឈ្មោះ Sir Stamford Raffles ដែល​បាន​ប្រទះ​ឃើញ​បុប្ផា​ចម្លែក​​នេះ​នៅ​ឥណ្ឌូនេស៊ី​កាល​ពី​ដើម​សតវត្សរ៍​ទី ១៩​។

ពូជ​ផ្កា​នេះ​បាន​ដុះ​នៅ​តាម​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ រួម​ទាំង​ហ្វីលីពីន​ ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​ចេញ​ផ្កា​យក្ស​ទំហំ ១០០ សង់ទីម៉ែត្រ​។

ផ្កា​យក្ស​មាន​ទំហំ​ធំ​ដល់​ជាង ​១ ម៉ែត្រ ​ដែល​ជា​អម្បូរ​ផ្កា​ប៉ារ៉ាស៊ីត ដែល​ជួន​កាល​គេ​ហៅ​ថា​ ផ្កា​គំរង់​ខ្មោច ដោយ​វា​ជះ​ក្លិន​ដូច​សាច់​ស្អុយ ​​​ដើម្បី​ទាក់ទាញ​សត្វ​ល្អិត​។

ក្រៅ​ពី​ផ្កាយក្ស​ដែល​រីក​មាន​ទំហំ​ជាង ​១ ​ម៉ែត្រ​នោះ ក៏​មាន​ផ្កា​ពពួក​ប៉ារ៉ាស៊ីត ដែល​​​បំភាយ​ក្លិន​ពុល​ គឺ​ជា​ផ្កា​ Amorphophallus titanium នៅ​ឥណ្ឌូនេស៊ី ក្រោម​ការ​លូតលាស់​សណ្ឋាន​ដូច​លិង្គ​ និង​អាច​មាន​កម្ពស់​ប្រវែង ៣ ម៉ែត្រ​​​៕ AFP/HR