ក្រុងរ៉ូម: ផ្សិត​ត្រា​ហ្វ​ហ្វ​ល ស (truffle) ដ៏​កម្រ​ទម្ងន់ ៨៥០ ក្រាម ត្រូវបាន​ដាក់​លក់​ដេញ​ថ្លៃ​ដល់​ទៅ ៨៥ ០០០ អឺរ៉ូ (៩៦ ០០០ ដុល្លារ) ក្នុង​តំបន់​អាល់បា ប្រទេស​អ៊ីតាលី កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​អ្នក​ទិញ​មក​ពី​ហុងកុង​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ចំណាយ​ប្រាក់​ទិញ​លើស​ជិត ៣០ ដង​នៃ​តម្លៃ​ទីផ្សារ​ឯណោះ។

ការដេញថ្លៃ​ប្រចាំឆ្នាំ ត្រូវបាន​រៀបចំ​ក្នុង​តំបន់​ក្បែរ​ខាង ធូ​រី​ន បានដាក់​ផ្សិត​ពណ៌​ស​ធំ​មួយ​លក់​ក្នុង​តម្លៃ​ដ៏​ខ្ពស់ ដែល​មាន​តម្លៃ ១ ក្រាម​ថ្លៃ ១០០ អឺរ៉ូ។

ស្ដ្រី​អ្នកនាំពាក្យ​ពិធី​ដេញថ្លៃ បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា៖ «តម្លៃ​ផ្សិត​ដ៏​កម្រ​នេះ​មិន​សម​នឹង​តម្លៃ​ទីផ្សារ ដែល​ឆ្នាំ​នេះ​មាន​តម្លៃ​ប្រមាណ ៣៥០ អឺរ៉ូ​ក្នុង​ទម្ងន់ ១០០ ក្រាម»។

ស្ដ្រី​រូបនេះ បាន​បន្ដថា៖ «អ្វីដែល​ធ្វើ​ឲ្យ​តម្លៃ​វា​ហក់​ឡើង​ខ្លាំង​ដោយសារ ការលក់​ជួយ​សង្គម និង​ភាព​កម្រ​នៃ​ផ្សិត​ស ទម្ងន់ ៨៥០ ក្រាម ពីព្រោះ​ផ្សិត​ត្រាហ្វហ្វល​កាន់​តែ​ធំ​កាន់​តែ​មាន​តម្លៃ​ខ្ពស់»។

ផ្សិត ស មកពី​តំបន់​អាល់​បា ជា​រុក្ខជាតិ​ត្រូវបាន​តាម​ប្រមាញ់​ខ្លាំង និង​ប្រមូល​ផល​ពី​ថ្ងៃទី ២១ ខែ​កញ្ញា​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​មករា។ ការ​រុក​រក​វា​ទាមទារ​ជំនួយ​ពី​សត្វ​សុនខ។

ការប្រមូល​ផល​ឆ្នាំនេះ​ពិតជា​ល្អប្រសើរ​ទាំង​បរិមាណ និង​គុណភាព ក្រោយពី​ជួប​ការ​លំបាក​នៅ​ឆ្នាំ​កន្លង​មក។

តំបន់​អាល់​បា បានរៀបចំ​ពិធី​ដេញថ្លៃ​ផ្សិត​រយៈពេល ៨៨ ឆ្នាំ ជា​ផ្នែក​មួយ​នៃ​ពិព័រណ៍​ផ្សិត​ប្រចាំ​ឆ្នាំ ដែល​មាន​រយៈពេល ២ ខែ។ ព្រឹត្ដិការណ៍​ឆ្នាំ​នេះ ត្រូវ​បាន​រៀបចំ​រួមគ្នា​ជាមួយ​ក្រុង​ហុងកុង ដែល​អតិថិជន​ទិញ​ផ្សិត​ត្រាហ្វហ្វល​ដ៏​ថ្លៃ​នេះ​នៅ ទីនោះ៕