ឧទ្យានជាតិ Dzanga Sangha៖ រូបរាងជាសត្វបុរេប្រវត្តិមានដំណើរយឺតៗ ហើយពូកែលាក់មុខ ពង្រូលជាសត្វពោរពេញដោយអាថ៌កំបាំង ដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្របានដឹងតិចតួចណាស់អំពីពួកវា។
អ្នកតាមដានសត្វពង្រូល ខំប្រឹងផ្ទៀងត្រចៀកស្ដាប់សំឡេងស្រកាវាប៉ះនឹងស្លឹកឈើ ដើម្បីចាប់កន្ទុយវាឲ្យជាប់។
ក្រុមអ្នកតាមដានសត្វព្យាយាមសិក្សាពីពង្រូលកន្ទុយវែង ដោយខ្លះហៅថា «សត្វស្រកាស៊ីស្រមោច» ដែលទំនងជាអាចបន្តពូជពង្សរស់រានដល់ចុងសតវត្សរ៍នេះ។
សត្វស្លូត ដែលធម្មជាតិមិនបានផ្ដល់គ្រឿងការពារខ្លួនអ្វីក្រៅតែពីស្រកាពណ៌ត្នោតនោះ ត្រូវបានចាត់ចូលក្នុងបញ្ជីសត្វទន់ខ្សោយ និងងាយផុតពូជ។
ពង្រូលក៏ត្រូវបានចាត់ទុកជាសត្វងាយរងគ្រោះបំផុតពីអំពើជួញដូរខុសច្បាប់ ទាំងសាច់ និងស្រកា មានការពេញនិយមខ្លាំងជាពិសេសនៅចិន ក្នុងតម្លៃ ១ គីឡូក្រាម ៥០ ដុល្លារ។
យោងតាមការសិក្សាចុះផ្សាយនៅឆ្នាំ ២០១៧ ដោយព្រឹត្តិបត្រ Conservation Letters សត្វពង្រូលពី ៤០ម៉ឺន ទៅ ២,៧ លានក្បាល ត្រូវបានប្រមាញ់រាល់ឆ្នាំនៅព្រៃអា្រហ្វិក។
ការវិនាសហិនហោចរបស់សត្វពង្រូល ទើបតែទទួលបានការចាប់អារម្មណ៍ខ្លាំងពេលមានការរីករាលដាលជាសកលនៃវីរុសកូរ៉ូណា ដោយអ្នកវិទ្យាសាស្ត្រខ្លះអះអាងថា មេរោគមានភាពដូចគ្នា ៩៩ ភាគរយ ទៅនឹងមេរោគឆ្លងលើពង្រូល។
ស្ថិតនៅឧទ្យានជាតិ Dzanga-Sangha អ្នកស្រាវជ្រាវជនជាតិស្វ៊ីស Maja Gudehus ចំណាយពេលយ៉ាងយូរ ស្វែងយល់ពីជីវិតសត្វពង្រូលកន្ទុយវែងស្ទើរតែផុតពូជ។
អ្នកស្រីព្យាយាមសិក្សាពីពង្រូលនៅជម្រកធម្មជាតិ ដើម្បីដឹងពីអាយុកាល ភូមិសាស្ត្រ របបអាហារ ការរស់នៅ ការបន្តពូជ និងវិធីសាស្ត្រការពារខ្លួន។
អ្នកស្រាវជ្រាវ Gudehus និយាយថា៖ «វាស្រួលចាប់មែន តែវាក៏ងាយងាប់ដែរ។ ត្រឹមតែ ២-៣ ថ្ងៃក្នុងទ្រុង វានឹងមិនព្រមស៊ីអី ហើយងាប់ដោយសារស្ត្រេស ជំងឺប្រព័ន្ធរំលាយអាហារ និងបញ្ហាសុខភាពជាច្រើនទៀត»។
សូម្បីតែការចាប់សត្វពង្រូលយកមកសិក្សា ក៏មិនអាចទៅរួច អ្នកវិទ្យាសាស្ត្រមានតែអត់ធ្មត់តាមដានវាទៅព្រៃធម្មជាតិ ដើម្បីប្រមូលព័ត៌មាន។
Gudehus បន្តថា៖ «តាមធម្មតា សត្វផ្សេងបើវាមិនស្រួលខ្លួន យើងអាចសម្គាល់ដឹងបានតែពង្រូលវិញ កន្លះម៉ោងមុនវាស្លាប់ វាអត់មានបង្ហាញអាការៈអ្វីទេ»៕ AFP