ភ្នំពេញៈ សូម្បី​តែ​សាមីខ្លួន​ពិធីការិនី​ទូរទស្សន៍​ដ៏ល្បី​ប្រចាំ​ប៉ុស្តិ៍​ហង្សមាស និង​រស្មី​ហង្សមាស​ដែល​ជា​ដៃគូ​សឹង​គ្រប់​កម្មវិធី​ជាមួយ​លោក ជា វិបុល គឺ​អ្នកនាង ចាន់ កែវនិមល ក៏​ភ្ញាក់ផ្អើល​ដែរ ខណៈ​សុខៗ​ស្រាប់​តែ​លេចឮ​ដំណឹង​ថា រូបនាង​បាន​វិវត្ត​មួយ​ជំហាន​ទៀត​ក្នុង​អាជីព​សិល្បៈ ដោយសារ​ថ្មីៗ​នេះ​ល្បី​ថា​ចាប់​បាន​តំណែង​ជា​តួឯក​ស្រី​នៅ​ក្នុង​ការថតកុន​ដំបូង តែ​ការពិត​មិនមែន​នោះ​ឡើយ​។

ពិធីការិនី​រូប​ស្រស់​សំឡេង​ពីរោះ​មុត​ដែល​ចេះ​ប្រើ​ពាក្យពេចន៍​បត់បែន​តាម​សភាព​ជាក់ស្តែង​នៃ​កម្មវិធី និង​មិន​សូវ​ខ្វះ​លំហូរ​នៃ​វោហារស័ព្ទ​អ្នកនាង ចាន់ កែវនិមល ឆ្លើយ​បកស្រាយ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ទាំង​មាន​សម្តី​លាយឡំ​សំណើច​ខ្លាំង​បដិសេធ​ភ្លាមៗ​ថា​៖ «​អត់​ទេ​បង​! មិន​ពិត​នោះ​ឡើយ នាង​ខ្ញុំ​អត់​មាន​បាន​តំណែង​ជា​តួឯក​ស្រី​ថតកុន​អី​ណា​នោះ​ទេ​បង​!​ហើយ​ដំណឹង​នេះ​គឺជា​រឿង​មិន​ពិត​ឡើយ​។

ម្យ៉ាង​ទៀត​ដូចជា​ទាំង​ខាង​បង​ក្តី និង​ទាំង​ខាង​បងប្អូន​មហាជន​ក្តី ជឿ​ថា​បាន​ជ្រាប​ស្រាប់​ហើយ​ថា នា​ពេល​បំពេញ​ការងារ​ជា​ពិធីការិនី​ម្តងៗ​នោះ​ជាមួយ​លោក វិបុល ឬ​លោក វិសាល នោះ​គឺ​ពួកគេ​តែងតែ​ព្រួត​គ្នា​ធ្វើ​បាប​ខ្ញុំ​ជារឿយៗ​តាមរយៈ​ឲ្យ​នាង​ខ្ញុំ​សម្តែង​ត្រាប់​តាម ឬ​រាំរែក​ជាដើម​នោះ​គឺ​នាង​ខ្ញុំ​ពិបាក​នឹង​ធ្វើ​រួច​បាត់​ទៅ​ហើយ ដោយសារ​តែ​មិន​មាន​ដុង​ហ្នឹង​ទេ ចុះ​ទម្រាំ​តែ​ត្រូវ​ប្រែក្លាយ​ខ្លួន​ជា​តួសម្តែង​កុន​ទៀត​នោះ វា​រឹត​តែ​មិន​អាច​ទៅ​រួច​ឡើយ​គឺ​នាង​ខ្ញុំ​សម្តែង​ទៅ​គឺ​រាង​រឹងៗ​ខ្លួន​ខ្លាំង​ណាស់​សម្រាប់​ជំនាញ​មួយ​នេះ​»​។

អ្នកនាង ចាន់ កែវនិមល ក៏​បាន​បន្ត​ទៀត​ដែរ​ថា​៖ «​និយាយ​សរុប​ទៅ​រឿង​គេ​ល្បី​ថា នាង​ខ្ញុំ​បាន​ប្រែ​ក្លាយ​ខ្លួន​ទៅ​តារាសម្តែង​កុន​នោះ​គឺ​នាង​ខ្ញុំ​ក៏​សុំ​ឆ្លើយ​បញ្ជាក់​អត់​អាច​ទៅ​រួច​ទេ ខណៈ​ខ្ញុំ​គ្មាន​ទេពកោសល្យ​ខាង​សម្តែង​កុន​ទេ​បង​។

និយាយ​តាម​ត្រង់​ទៅ​ចុះ ប្រសិន​បើ​ការលេចឮ​ថា​នាង​ខ្ញុំ​មាន​គេ​ចង់​ហៅ​ឲ្យ​ទៅ​ថតកុន​នោះ​គឺ​មាន​មែន​កាលពី​ពេល​កន្លង​មក តែ​នាង​ខ្ញុំ​មិន​បាន​ទទួល​ទេ ដោយសារ​តែ​នាង​ខ្ញុំ​ដឹង​ខ្លួនឯង​ច្បាស់​ណាស់​ថា ជំនាញ​មួយ​នេះ​ខ្លួនឯង​គឺ​ទៅ​មិន​រួច​ទេ​»​។

ទោះបី​ជា​ដំណឹង​ល្បី​ថា​បាន​តំណែង​តួឯក​ស្រី​ថតកុន​នោះ​មិន​ពិតមែន តែ​បើ​តាម​ស្តាប់​មើល​ទៅ ឬ​ក៏​ថ្ងៃ​តទៅ​មុខ​ទៀត​យ៉ាង​ណា ក៏​ពិធីការិនី​រូប​នេះ​មិន​មាន​ចេតនា​ចង់​សាកល្បង​ប្រែ​ខ្លួនឯង​ឲ្យ​ក្លាយ​ទៅ​ជា​តារា​សម្តែង​កុន​ឡើយ​។

ពិធីការិនី សម្បូរ​សំនួន​វោហារស័ព្ទ ច្រើន​ប្រើ​ពាក្យ​ចៀស​ការជាន់​សម្តី​គ្នា​អ្នកនាង ចាន់ កែវនិមល ក៏​បាន​បង្ហើប​ថា​៖ «​អត់​ហ៊ាន​ថា​ម៉េច​នោះ​ទេ​ចំពោះ​រឿង​ហ្នឹង​! តែ​នាង​ខ្ញុំ​នៅ​និយាយ​ដដែល​ថា ខ្លួនឯង​គ្មាន​ដុង​ខាង​ជំនាញ​សម្តែង​ទេ ហើយ​ក៏​អត់​ហ៊ាន​ប្រាថ្នា​ដែរ​នាពេល​ក្រោយ​»​។

គួរកត់សម្គាល់​ដែរ​ថា​អ្នកនាង ចាន់ កែវនិមល គឺជា​ពិធីការិនី​មួយ​រូប​ដែល​មាន​ភាពលេចធ្លោ​ជាង​គេ​នៅក្នុង​ប៉ុស្តិ៍​ទូរទស្សន៍ និង​សម្បូរ​វត្តមាន​ស្ទើរតែ​គ្រប់​កម្មវិធី​កម្សាន្ត​នានា​នៃ​ប៉ុស្តិ៍​ទូរទស្សន៍​ហង្សមាស​ផង​ដែរ រួមមាន​ដូចជា​កម្មវិធី Cambodian Idol គ្រប់​រដូវកាល កម្មវិធី The Voice Kids Cambodia ទាំង ២ រដូវ​កាល ឬ​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សាយផ្ទាល់​នៅ​តាម​ខេត្ត​នានា​រៀងរាល់​ចុង​សប្តាហ៍ ជាមួយ​នឹង​ពិធីករ​ដែល​ស៊ីចង្វាក់​គ្នា​គឺ​លោក ជា វិបុល និង​ជា​ពិធីការិនី​មួយ​រូប​ដែល​មាន​ទេពកោសល្យ​ចេះ​ប្រើ​សំនួន​ពាក្យពេចន៍​ខ្មែរ​រាង​បែប​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​គេ​ផង​ដែរ​នៅ​ក្នុង​អាជីព​ជា​អ្នកប្រើ​ដើមទុន​សំឡេង​ក្នុង​ការធ្វើ​អត្ថាធិប្បាយ​បង្ហើរ​ជា​សូរសៀង​ពាក្យសម្តី​ដ៏​សមសួន​ទៅ​តាម​បរិយាកាស​នៃ​កម្មវិធី​នានា​តែ​ម្តង បើ​ប្រៀបធៀប​ជាមួយ​នឹង​ចំណោម​អ្នក​ដែល​បាន​ប្រកប​អាជីព​ជា​ពិធីការិនី​នៃ​រលក​ក្រោយៗ​។ លើស​ពី​នេះ​ពិធីការិនី ចាន់ កែវនិមល ផ្តើម​ល្បី​ខ្លាំង​គឺ​នៅ​ពេល​ចាប់ផ្តើម​ការងារ​នៅ​តាំងពី​ប៉ុស្តិ៍​ទូរទស្សន៍​ហង្សមាស​កកើត​តែ​ម្តង​៕