ភ្នំពេញៈ បណ្តុំ​ស្នាដៃ​ពិព័រណ៍​ទោល​របស់​វិចិត្រករ ស្រ៊ុន រីដា ក្រោម​ប្រធានបទ​«​ឥទ្ធិពល​» ដែល​ឆ្លុះបញ្ចាំង​ពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា នឹង​ដាក់​តាំង​បន្ត​រហូត​ដល់​ថ្ងៃទី​​ ១១ ខែ​កញ្ញា ឆ្នាំ​ ២០១៩ ឯណោះ ក្រោយពី​បាន​បើក​សម្ពោធ​កាលពី​ថ្ងៃទី​ ១១ ខែ​កក្កដា ឆ្នាំ​ ២០១៩ កន្លង​មក​នៅ​វិចិត្រសាល ស-ស​។ ដោយឡែក​ការតាំងពិព័រណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អ្នករៀបចំ​ពិព័រណ៍​ឯករាជ្យ ម៉ឹង មេត្តា និង​ឧបត្ថម្ភ​គាំទ្រ​ពី​មូលនិធិ Rei Foundation​។

បើ​តាម​ការ​ឲ្យ​ដឹង​ពេល​សម្ពោធ​ពី ម៉ឹង មេត្តា ជា​អ្នករៀបចំ​ពិព័រណ៍​ឯករាជ្យ​ដែល​រស់នៅ និង​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ​ឲ្យ​ដឹង​ពី​អត្ថន័យ​នៃ​ប្រធានបទ​ថា​៖ «​ការងារ​សិល្បៈ​របស់ ស្រ៊ុន រីដា ជា​ដំណើរការ​នៃ​ការចងចាំ និង​ចងក្រង​ឯកសារ​អំពី​បច្ចុប្បន្ន និង​បន្ត​ទៅ​ថ្ងៃ​អនាគត​។ សម្រាប់​ស្នាដៃ​ថ្មី​របស់​គាត់​នៅក្នុង​ពិព័រណ៍​នេះ​ដែល​មាន​ចំណងជើង​ថា «​ឥទ្ធិពល​» នៅ​ឆ្នាំ​ ២០១៩ ​នេះ​គាត់​បាន​បន្ត​មូលដ្ឋាន​ការងារ​របស់​គាត់ ដោយ​សង្កេត​មើល​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា​។ គាត់​ចាប់អារម្មណ៍​ទៅលើ​វត្ថុ​ដែល​គាត់​បាន​ឃើញ និង​មនុស្ស​ដែល​កំពុង​ប្រើប្រាស់​សម្ភារ​ទាំងនោះ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​ប្រធានបទ «​ឥទ្ធិពល​» គឺជា​សំណួរ​វែកញែក​របស់​សិល្បករ​ចំពោះ​ការអភិវឌ្ឍ​នានា​នៅ​ទីក្រុង​ដែល​មាន​ឥទិ្ធពល​ចំពោះ​សេដ្ឋកិច្ច និង​វប្បធម៌ ហើយ​គាត់​ក៏​ចង់​បង្ហាញ​រូបភាព​ជា​គំនូរ ចម្រុះ​ពណ៌ និង​គំនូរ​លើ​ក្រដាស​ផ្តិត​បន្ទះ​ឈើ​»​។

គួរ​បញ្ជាក់​ដែរ​ថា វិចិត្រករ ស្រ៊ុន រីដា កើត​ឆ្នាំ​ ១៩៩២ នៅ​ខេត្ត​ព្រៃវែង​ប្រទេស​កម្ពុជា​បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នៅក្នុង​ឆ្នាំ ២០១៧ និង​បាន​សិក្សា​នៅ​រោង​ជាង ចារ ដើម្បី​អភិវឌ្ឍ​ការងារ​សិល្បៈ​ផ្តិតរូប​។ គាត់​បាន​ទៅ​សិក្សា​រយៈពេល​ចំនួន​មួយ​​ឆមាស​ផ្នែក Arts Plastique នៅឯ​សាកលវិទ្យាល័យ University Paris 8 ក្នុង​ប្រទេស​បារាំង​កាលពី​ឆ្នាំ​ ២០១៨​។

លោក ស្រ៊ុន រីដា វិចិត្រករ​ម្ចាស់​ពិព័រណ៍​ប្រធានបទ​ «​ឥទ្ធិពល​»​។ រូបថត ហ្វេសប៊ុក

ការបើក​ពិព័រណ៍​ទោល​ដំបូង​របស់​លោក​មាន​ចំណងជើង​ថា «​រំលឹក​» បាន​ដាក់​បង្ហាញ​នៅ Java Creative Cafe ឆ្នាំ​ ២០១៧ ហើយ​លោក​បាន​ចូលរួម​ពិព័រណ៍​ជា​ក្រុម​ជាច្រើន​រួមមាន​ជាមួយ​សិល្បករ​វ័យក្មេង​លើក​ទី ១០ នៅ​មណ្ឌល​ពិព័រណ៍ Andaman Cultural Study Center ខេត្ត​ក្រាប៊ី ប្រទេស​ថៃ ឆ្នាំ​ ២០១៩ ថ្មីៗ​កន្លង​មក ខណៈ​ការតាំងពិព័រណ៍​ប្រធានបទ​ថា «Landscape After War» នៅ​មជ្ឈមណ្ឌល​បុប្ផាណា ភ្នំពេញ​ឆ្នាំ​ ២០១៩ និង​ប្រធាន​ធ្លាប់​តាំង​នៅឯ Faux Mouvement-Centre d''Art contemporain ទីក្រុង Mezt ប្រទេស​បារាំង​ឆ្នាំ​ ២០១៨​។

លោក​ក៏​ដាក់តាំង​ពិព័រណ៍​រូបថត​ជា​ក្រុម​នៅ​វិទ្យាស្ថាន​បារាំង​កាលពី​ឆ្នាំ​ ២០១៧ ក្រោម​ប្រធានបទ​ថា «​តំបន់​ជ្រោយចង្វារ​ ២ ​បរិបទ​កំពុង​បាត់បង់​» នៅឯ​វិចិត្រសាល Bellevue Serviced Apartments ពិព័រណ៍​ឈ្មោះ​ថា «Woodblock Prints» នៅផ្ទះ​មេត្តា​ឆ្នាំ​ ២០១៦ និង​ប្រធានបទ «​ជីវិត​ប្រចាំ​ថ្ងៃ​» នៅ​វិចិត្រសាល Artillery Cafe ឆ្នាំ​ ២០១៥​។

រីឯ​អ្នករៀបចំ​ពិព័រណ៍ ម៉ឹង មេត្តា គឺជា​អ្នករៀបចំ​ពិព័រណ៍​ឯករាជ្យ​ដែល​រស់នៅ​និង​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​ដោយ​លោក​គឺជា​ស្ថាបនិក​វិចិត្រសាល «​កន្លែង​ខ្ញុំ​» និង «​ដំបូល​» ដែល​ជា​ស្ថាប័ន​សិល្បៈ​ឯករាជ្យ និង​ជា​ផ្ទះ​ដែល​មាន​ផ្ទុក​ធនធាន​សិល្បៈ​។ លោក​បាន​រៀបចំ​ពិព័រណ៍​មួយ​ចំនួន​នៅ​វិចិត្រសាល Treeline ដូចជា​ពិព័រណ៍​ឈ្មោះ «​ឆ្ពោះ​ទៅ​មុខ​» ឆ្នាំ​ ២០១៩ ពិព័រណ៍ «​រៀន​ពី​អតីតកាល ឬ គម្រោង វណ្ណ មូលីវណ្ណ​» ឆ្នាំ​ ២០១៩ និង​ពិព័រណ៍ «​ទី​ប្រសព្វ​» ឆ្នាំ​ ២០១៩ ជាដើម​៕