ភ្នំពេញ៖ វិចិត្រករបារាំងលោក ហ្គីយ៉ូម រ៉េណារដ៍ បានប្រមូលផ្តុំគំនិត និងទិដ្ឋភាពប្លែកៗស្តីពីសកម្មភាពនៃជីវភាពរបស់ប្រជាជនខ្មែរដែលកំពុងរស់តាមដងទន្លេមេគង្គ និងទន្លេសាប បង្កើតស្នាដៃគំនូរចំនួន ២១ ផ្ទាំង និងរូបថត ៣៣ ផ្ទាំង បើកពិព័រណ៍នៅក្នុងវិចិត្រសាលនៃវិទ្យាស្ថានបារាំង ក្រោមចំណងថា «នៅលើទូកខ្មែរ» ដែលកើតចេញពីដំណើរកម្សាន្តរបស់លោក។
លោក ឆុន ប៊ុនឈឿន ដែលជាបុគ្គលិកផ្នែកទំនាក់ទំនងសារព័ត៌មាននៃវិទ្យាស្ថានបារាំងនៅកម្ពុជាបានឲ្យដឹងថា៖ «វិចិត្រករជាតិបារាំង លោក ហ្គីយ៉ូម រ៉េណារដ៍ កំពុងបង្ហាញពិព័រណ៍ថ្មីមួយ ក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានបារាំងនៅកម្ពុជា។ ការអញ្ជើញមកប្រទេស កម្ពុជា របស់លោក គឺដើម្បីគូររូបគំនូរស្តីពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា នៅតាមដងទន្លេមេគង្គ និងទន្លេសាប គឺបានកើតចេញពីដំណើរកម្សាន្តរបស់លោកនៅប្រទេសខ្មែរ និងត្រូវបង្ហាញក្នុងការបើកសម្ពោធនាល្ងាចថ្ងៃទី ១៩ ខែកញ្ញា ហើយដាក់តាំងបន្តដល់ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៩ នៅវិចិត្រសាលនៃវិទ្យាស្ថានបារាំង»។
លោក ឆុន ប៊ុនឈឿន បន្តថា៖ «តាមរយៈគំនូរព្រាងតូចៗរហូតដល់ជាគំនូរផ្ទាំងធំៗដែលរំលេចការពណ៌នាពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា កំពុងរស់នៅ តាមបណ្តោយនៃតំបន់មាត់ទឹក តាមបណ្តាខេត្តនានាដូចជាខេត្តកណ្តាល ក្រចេះ ឬសៀមរាប ជាដើម។ លោកនឹងបង្ហាញជូននូវគំនូរចំនួន ២១ ផ្ទាំង និងរូបថតចំនួន ៣៣ ផ្ទាំង»។
ដោយទទួលបានការបណ្ដុះបណ្ដាលផ្នែកឌីហ្សាញ និងមានសញ្ញាបត្រពីសាលាជាតិជាន់ខ្ពស់ ENSCI លោក ហ្គីយ៉ូម រ៉េណារដ៍ គឺជាវិចិត្រករបម្រើការឲ្យសារព័ត៌មាន និងគ្រឹះស្ថានបោះពុម្ពផ្សាយនៅបារាំង។ ការងាររបស់លោក គឺចូលចិត្តចាប់យកភាពលន្លង់លន្លោចនៃទីតាំង ដែលបានឃើញ និងបានជួបធ្វើជាសាក្សីនៃជីវិតមនុស្សលោក។
លោកតែងគូររូបគ្រប់ទីកន្លែង ដូចជានៅទីក្រុងប៉ារីស លោកបានគូររោងជាង និងការធ្វើដំណើរកម្សាន្តផ្សេងៗ ពោលគឺលោកគូរនៅទីកន្លែងនោះតែម្ដង។
លោក ហ្គីយ៉ូម រ៉េណារ ក៏ត្រូវបានអញ្ជើញមកកម្ពុជាតាមគំនិតផ្តួចផ្តើមរបស់វិទ្យាស្ថានបារាំង ដើម្បីបង្កើតការតាំងពិព័រណ៍ថ្មីមួយ ស្នើឲ្យគូរអំពីសកម្មភាពជីវភាពរស់នៅ មាត់ទន្លេ បឹង និងស្ទឹង ក៏ដូចជាទូកតូចៗ ដែលគាត់បានឃើញ នៅតាមផ្លូវនាអំឡុងពេលធ្វើដំណើរចំនួន ១០ ថ្ងៃ រហូតមកដល់គម្រោងពិព័រណ៍នេះ។
លោកបានស្រមៃគូររូបប្រទេស កម្ពុជា ដែលសម្បូរទៅដោយផ្លូវទឹក ភូមិឋាន និងផ្ទះមានសសរខ្ពស់ៗ ព្រមទាំងផ្សារអណ្ដែតនៅលើទឹក ហើយរំពឹងថានៅតាមផ្លូវទឹកទាំងនេះមានកំពង់ដជាច្រើនបែប សម្រាប់ការប្រើប្រាស់ និងទស្សនទានខុសគ្នា នាពេលធ្វើដំណើរពីភ្នំពេញទៅកាន់កោះដាច់ ខេត្តក្រចេះ តំបន់អង្គរ និងតាមទន្លេសាប គឺលោកពេញចិត្តយ៉ាងខ្លាំងដោយបានឃើញកំពង់ដ (ទូកចម្លង) រាប់ពាន់៕