ក្រុងតេអេរ៉ង់: ពិព័រណ៍​គំនូរជីវចល​មួយ​បើកសម្ពោធ​នៅ​ក្រុង​តេអេរ៉ង់ រំលេច​នូវ​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រី​អង់គ្លេស អេលីហ្សាបេត​ទី ២ ជា​ចោរ​សមុទ្រ កាន់​ដាវ​ខ្លី និង​ដៃ​ដែក ក្រោយពី​រឹបអូស​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​។

ទំនាក់ទំនង​ការទូត​ដ៏ជូរចត់​រវាង​ក្រុង​តេអេរ៉ង់ និង​ក្រុង​ឡុងដ៍ កាន់តែ​ដុនដាប​តាំងពី​នាវា British Royal Marines ចូលរួម​ក្នុងការ​រឹបអូស​យក​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់ «Grace 1» នៅលើ​ដែនសមុទ្រ Gibraltar នៃ​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃទី​ ៤ ខែ​កក្កដា​។

ជា​ការ​ឆ្លើយតប​ភ្លាមៗ កង​ឆ្មាំ​បដិវត្ដន៍​អ៊ិស្លាម​របស់​អ៊ីរ៉ង់​បាន​រឹបអូស​នាវា​ដោត​ទង់ជាតិ​ចក្រភព​អង់គ្លេស​មួយគ្រឿង​ក្នុង​ឆក Hormuz នៅ​ថ្ងៃទី ១៩ ខែ​កក្កដា ជា​អ្វីដែល​ក្រុង​ឡុងដ៍​បាន​ហៅថា «​ទង្វើ​សងសឹក​»​។

តុក្តតា ៤០ ផ្ទាំង​ត្រូវបាន​ដាក់តាំង​បង្ហាញ​ក្នុង​ពិព័រណ៍ «​ម្ចាស់ក្សត្រី​ចោរ​សមុទ្រ​» នៅ​សាល​វិចិត្រ Osveh Art និង​មជ្ឈមណ្ឌល​វប្បធម៌​ក្នុង​ក្រុង​តេអេរ៉ង់ ដើម្បី​បង្ហាញ​អំពី​ការ​រឹបអូស​នាវា «Grace 1» ដែល​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ Ayatollah Ali Khamenei ចោទ​ជា​ចោរ​សមុទ្រ​អង់គ្លេស​។

តុក្តតា​មួយ​បង្ហាញ​រូបភាព​ព្រះម្ចាស់ក្សត្រី​គ្រង​ឈុត​ជា​ចោរ​សមុទ្រ មាន​មួក​រំលេច​រូប​ឆ្អឹង​ខ្មោច និង​ដៃ​ដែក សត្វ​សេក​មួយ​ក្បាល​លើ​ស្មា​។

បណ្ណារក្ស Masoud Shojaei-Tabatabayi និយាយ​ថា​៖ «​គោលបំណង​ចម្បង​របស់​យើង​នៃ​ការរៀបចំ​ពិព័រណ៍​នេះ​គឺជា​ប្រតិកម្ម​ចំពោះ​ទង្វើ​ចោរកម្ម​ដ៏ឥត​អៀនខ្មាស​នេះ ដែល​វា​ពិតជា​ខុសច្បាប់​ទាំងស្រុង​»​។

ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ ២ ​ធ្លាក់​ខ្លាំង​ដោយ​ក្រុង​ឡុងដ៍​កាលពី​ឆ្នាំ​ ២០១១ ក្រោយពី​និស្សិត​តវ៉ា​នៅមុខ​ស្ថាន​ទូក​ក្រុង​តេអេរ៉ង់​។ ពួកគេ​ផ្សះផ្សា​វិញ​ក្នុង​ឆ្នាំ​ ២០១៤៕ HR