សៀមរាបៈ នៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះ ក្រៅពីចូលស្តាប់ការអធិប្បាយជាមួយសិល្បករ រួន រី ជាភាសាខ្មែរ និងអមភាសាអង់គ្លេសនោះ អ្នកនិយមចូលចិត្តវិស័យសិល្បៈរូបថតស្តីពីសកម្មភាពនោះ ក៏អាចទស្សនាកម្រងរូបថតភ្ជាប់ការដាក់តាំងបង្ហាញពិព័រណ៍ក្រោមចំណងជើងថា «ភូមិរបស់យើង» ផងដែរ នៅឯវិចិត្រសាល MIRAGE Contemporary Art Space ក្នុងក្រុងសៀមរាប នៃខេត្តសៀមរាប ដោយឥតគិតថ្លៃ។
ចំពោះពិព័រណ៍ក្រោមចំណងជើងថា «ភូមិរបស់យើង» នោះបានចាប់ផ្តើមពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ បន្តដល់ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០ ដោយទស្សនិកជនអាចចូលរួមជួប និងស្តាប់រឿងរ៉ាវ និងអាចសួរនាំទាក់ទងពីជីវិតរបស់គាត់ក្នុងនាមអ្នកថតរូប និងសិល្បករម្នាក់ក្នុងខេត្តសៀមរាប។
បើតាមសេចក្តីប្រកាសនៃគេហទំព័ររបស់វិចិត្រសាល MIRAGE Contemporary Art Space បានដកស្រង់នូវសម្តីពីសិល្បករផ្ទាល់លោក រួន រី ឲ្យដឹងថ្លែងថា៖ «ឈុតកម្រងរូបថត ដែលមានឈ្មោះថា «ភូមិរបស់យើង» នេះគឺជាផ្នែកមួយ ដែលត្រូវបានបំផុសគំនិតដោយការធ្វើអន្តរកម្មរវាងរូបខ្ញុំផ្ទាល់ និងអ្នកភូមិក្នុងសហគមន៍នេសាទ នៅភ្នំក្រោម ភូមិចុងក្នៀស និងភូមិកំពង់ភ្លុក។
ខ្ញុំចង់ស្វែងយល់អំពីជីវិតនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេក្នុងភូមិទាំងនេះ ហើយនឹងចង់ចងក្រងទុកជាឯកសារ ដែលជាបញ្ហាប្រឈម ខណៈបងប្អូនអ្នកនេសាទ និងក្រុមគ្រួសាររបស់ពួកគេបានប្រឈមមុខក្នុងការរស់នៅលើបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។
មួយវិញទៀតនោះ ជាមួយគម្រោងនៃការសាងសង់ទំនប់វារីអគ្គិសនី និងការនេសាទហួសកម្រិតនឺងអាចក្លាយទៅជាការគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីនៃបឹងនេះ ហើយខ្ញុំសង្ឃឹមថា ទស្សនិកជនទាំងអស់អាចយល់ដូចជារូបខ្ញុំដែរ អំពីសារៈសំខាន់នៃទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិថា វាពិតជាមានសារៈសំខាន់កម្រិតយ៉ាងណាហើយសម្រាប់យើងប្រជាជនខ្មែរ ជាពិសេសនោះ គឺសម្រាប់ប្រជាជនដែលលោករស់នៅក្នុងសហគមន៍នេសាទនៅតំបន់ទន្លេសាបតែម្តង»។
គួរបញ្ជាក់ផងដែរថា សិល្បករថតរូបលោក រួន រី គឺជាអ្នកថតរូបម្នាក់ ដែលបានរៀនចេះជំនាញថតរូបដោយខ្លួនឯង ហើយលោកក៏ជាអ្នកបកប្រែភាសាអង់គ្លេសម្នាក់ មានមូលដ្ឋាននៅខេត្តសៀមរាប។
ចំពោះចំណាប់អារម្មណ៍ ដែលគាត់បានចាប់ផ្តើមដំបូង ពេលគាត់បានចូលរួមសិក្ខាសាលាថតរូបក្នុងឆ្នាំ ២០១០ ដែលរៀបចំដោយក្រុមហ៊ុនក្រៅរដ្ឋាភិបាល ដែលមិនគិតពីចំណូលមួយមានឈ្មោះថា អង្គរហ្វូតូហ្វែសស្ទីវ៉ល និងវឹកហ្សព (Angkor Photo Festival & Workshops)។
នៅក្នុងឆ្នាំ ២០១៦ លោក រួន រីក៏ត្រូវបានគេអញ្ជើញឲ្យចូលរួមថ្នាក់បណ្តុះបណ្តាលថតរូបពិសេសមួយ ជាមួយនឹងគ្រូថតរូបអាជីពជំនាញៗ មានដូចជា លោក អង់ធ្វន់ ឌីហ្កាតា ជាជនជាតិបារាំង និងលោក សូរ៉ាប់ហ៊ូរ៉ា ជាជនជាតិឥណ្ឌា ក្នុងអំឡុងពេលបើកវគ្គសិក្ខាសាលាអង្គរហ្វូតូហ្វែសស្ទីវ៉លនោះ ហើយលោកក៏ចាប់ផ្តើមមានការជក់ចិត្តខ្លាំងជាមួយនឹងការងារថតរូបនេះ បន្តរហូតមកដល់សព្វថ្ងៃ៕