ភ្នំពេញៈ បណ្តុំរូបថតស្តីពីស្ថានភាពនៃជីវិតបានរស់រានមានជីវិត ក្រោយសម័យខ្មែរក្រហមមានចំនួន ១៨ ផ្ទាំងរបស់អ្នកថតរូបជើងចាស់លោក គឹម ហាក់ នឹងត្រូវបើកសម្ពោធនៅវេលាម៉ោង ៦ និង ៣០ នាទីល្ងាចនាថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៩ នេះនៅឯមជ្ឈមណ្ឌលបុប្ផាណា។
បើតាមលោក ចេង រតនា ជាបុគ្គលិកផ្នែកទំនាក់ទំនង និងរៀបចំព្រឹត្តិការណ៍វប្បធម៌នៅមជ្ឈមណ្ឌលបុប្ផាណាបង្ហើបឲ្យដឹងថា៖ «ពិព័រណ៍រូបថតនៅក្រោមប្រធានបទថា «រស់រាន» របស់លោក គឹម ហាក់ មានចំនួន ១៨ ផ្ទាំងដែលលោកនឹងយកមកដាក់បង្ហាញជូននៅថ្ងៃបើកសម្ពោធល្ងាចនេះដែលជារូបថតលោកបានផ្តោតសំខាន់ទៅលើវត្ថុដែលមានសាច់រឿងពាក់ព័ន្ធនឹងការរស់រានរបស់លោក ក្រោយសម័យខ្មែរក្រហម»។
រូបថតដែលជាសំណៅឯកសារទាំងអស់នេះធ្លាប់ត្រូវបានលោក គឹម ហាក់ បានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ជាលើកដំបូងនៅវិចិត្រសាល Objectspace នៅទីក្រុង Auckland នៃប្រទេសនូវែលសេឡង់កាលពីថ្ងៃទី ១ ខែមិថុនាដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៩ កន្លងមក។ នៅប្រទេសកម្ពុជា ពិព័រណ៍រូបថតនេះនឹងចាប់ផ្តើមដាក់តាំងបង្ហាញពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៩ ខណៈទស្សនិកជនអាចចូលទស្សនាដោយសេរីសម្រាប់ការដាក់តាំងមានរយៈពេល ១ ខែនៅមជ្ឈមណ្ឌលបុប្ផាណានៅភ្នំពេញ។
ដោយសារមានការគាំទ្រពីមូលនិធិ Rei Foundation នៅក្នុងឆ្នាំ ២០១៨ លោក គឹម ហាក់ បានចំណាយពេលជាមួយនឹងប្រជាជនកម្ពុជាចំនួន ១២ គ្រួសារ ដែលរស់នៅឯប្រទេសនូវែលសេឡង់ដោយធ្វើការចងក្រងឯកសារផ្ទាល់ខ្លួនរបស់ពួកគាត់។ នៅក្នុងឯកសារទាំងនោះពួកគាត់បានរៀបរាប់អំពីការរស់រានមានជីវិតដែលរួចពីរបបខ្មែរក្រហមអំពីជំរំជនភៀសខ្លួន ខណៈបន្ទាប់គឺការតាំងទីលំនៅដ៏សែនឆ្ងាយអំពីស្រុកកំណើតរបស់ពួកគាត់។
សិល្បករថតរូបលោក គឹម ហាក់ ក៏បានធ្វើការផ្សងព្រេងរុករកមួយដោយចេញដំណើរពីស្រុកកំណើតគាត់នៅខេត្តបាត់ដំបងឆ្ពោះទៅកាន់តំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ហើយក៏បានទៅដល់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ទៀតផង។ ក្នុងកន្លែងនីមួយៗគាត់ក៏រកឃើញប្រជាជនកម្ពុជាដែលបានរស់រានជីវិតរួចផុតពីរបបខ្មែរក្រហមជាមួយរឿងរ៉ាវផ្ទាល់ខ្លួនផ្សេងៗគ្នាអំពីការឈឺចាប់ និងភាពរឹងមាំតស៊ូដើម្បីរស់។
លោក ចេង រតនា ក៏បានបញ្ជាក់បន្ថែមទៀតថា៖ «ការតាំងពិព័រណ៍រូបថតនេះ គឺមិនមែនជាលើកដំបូងនៃការបើកសម្ពោធពិព័រណ៍ស្នាដៃរបស់លោក គឹម ហាក់ នោះឡើយ ខណៈលោកក៏ធ្លាប់បានរៀបចំជាច្រើនលើកមកហើយដែរនៅឯមជ្ឈមណ្ឌលបុប្ផាណានេះ។ តែសម្រាប់ការធ្វើលើកនេះគឺលោកជាចង់បង្ហាញឲ្យដឹងពីស្ថានភាពនៃការរស់រានមានជីវិតរបស់ប្រជាជនខ្មែរ ទាំងរស់នៅក្រៅប្រទេស និងក្នុងប្រទេសដែលបានរួចផុតពីសម័យខ្មែរក្រហម ឬរបរខ្មែរក្រហមតែប៉ុណ្ណោះ»៕