ក្រុងដាក្កា៖ ក្នុងចំណោមពូជកំប្រុកធំទាំង ៨ ក្នុងពិភពលោក ម៉ាឡាយ៉ាន (Malayan) ដែលជាកំប្រុកធំបំផុត ត្រូវបានរកឃើញនៅតំបន់ព្រៃ Rema-Kalenga នៃស្រុក Habiganj ប្រទេស បង់ក្លាដែស។
សាស្ត្រាចារ្យ Mohammad Arefin Khan នៃនាយកដ្ឋានវិទ្យាសាស្ត្របរិស្ថានព្រៃឈើនៅសាកលវិទ្យាល័យ Shahjalal បានឲ្យដឹងថា នេះជាពូជកំប្រុកដ៏ធំបំផុតក្នុងលោក ហើយប្រសិនបើមិនមានសកម្មភាពការពារព្រៃជាបន្ទាន់នោះទេ ពួកវានឹងដាច់ពូជនៅថ្ងៃណាមួយពុំខាន។
ក្រៅពីនៅប្រទស បង់ក្លាដែស ពូជកំប្រុកម៉ាឡាយ៉ាន ក៏មាននៅប្រទេស ចិន នេប៉ាល់ ឥណ្ឌា មីយ៉ាន់ម៉ា ឡាវ កម្ពុជា វៀតណាម និងថៃ ផងដែរ។
ក្រឡេកមើលមួយភ្លែត ពូជកំប្រុកធំនេះស្រដៀងទៅនឹងសត្វស្វា ជាមួយកន្ទុយវែង និងត្រចៀកធំ។
កំប្រុកធំនេះមានឈ្មោះជាភាសាអង់គ្លេស Black giant ឬ Malayan និងឈ្មោះវិទ្យាសាស្ត្រហៅថា Ratufa bicolour។
យោងតាមអ្នកជំនាញស្រាវជ្រាវសត្វ ព្រៃ Rema-Kalenga គឺជាជម្រកតែមួយគត់ ដែលមានកំប្រុកធំពូជនេះ នៅបង់ក្លាដែស។
ប៉ុន្តែចំនួនរបស់វាបានធ្លាក់ចុះគួរឲ្យបារម្ភ ដោយអ្នកស្រាវជ្រាវកម្រប្រទះភ្នែកឃើញដូចមុនណាស់។
នៅប្រទស បង់ក្លាដែស កំប្រុកធំកំពុងប្រឈមនឹងការផុតពូជ ដោយសារការកាប់បំផ្លាញព្រៃឈើ។
អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) បានចុះបញ្ជីក្រហមសត្វកំប្រុកធំ ថាជាពូជសត្វរងការគំរាមកំហែងឆ្ពោះទៅរកការប្រឈមដាច់ពូជ។
សាស្ត្រាចារ្យជំនាញផ្នែកសត្វ Dr M Monirul H Khan មកពីសាកលវិទ្យាល័យ Jahangirnagar បានឲ្យដឹងថា៖ «សត្វកំប្រុកធំធ្លាប់តែឧស្សាហ៍ប្រទះឃើញនៅព្រៃ Rema-Kalenga»។
លោកបន្តទៀតថា៖ «ខ្ញុំខានឃើញវាមួយរយៈ ហើយទើបតែប្រទះវត្តមានថ្មីៗនេះទេ»។
ពូជកំប្រុកធំប្រើស្លឹកឈើធ្វើសំបុកនៅចុងកំពូល ហើយវាអាស្រ័យផ្លែឈើ គ្រាប់ធញ្ញជាតិ និងស្លឹកឈើស៊ីជាអាហារប្រចាំថ្ងៃ។
មន្ត្រីរដ្ឋបាលព្រៃឈើ Shamsul Muhith Chowdhury បានឲ្យដឹងថា សព្វថ្ងៃវិធានការការពារព្រៃឈើពីការកាប់បំផ្លាញពុំត្រូវបានអនុវត្តដោយមានប្រសិទ្ធភាព ដោយសារតែកង្វះធនធានមនុស្ស។
លោកក៏បានបញ្ជាក់ផងដែរថា កំប្រុកធំដែលកំពុងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN នោះ ក្រៅពីថមថយដោយសារការបាត់បង់ជម្រកព្រៃនោះ ក៏ប្រឈមនឹងការប្រមាញ់ជួញដូរផងដែរ៕ Asia News Network