ភ្នំពេញ៖ តារា​សម្តែង​ស្រី​ល្បី​អាច​សម្តែង​បាន​គ្រប់​ទម្រង់ និង​​ចេះ​ក្បាច់​គុន​ល្បុក្កតោ​កញ្ញា ពេជ្រ ចរណៃ បាន​ធ្វើ​ឲ្យ​អ្នក​​ប្រើប្រាស់​បណ្តាញ​សង្គម​ស្ងើច​សរសើរ ​បន្ទាប់​ពី​តារា​ស្រី​​​រូប​នេះ​ ប្រកាស​មិន​ថត​ផ្សព្វផ្សាយ​ជាតិ​ស្រវឹង​ជា​សាធារណៈ​​នៅ​ក្នុង​បណ្តាញ​សង្គម​។​

អ្នក​សិល្បៈ​វ័យ​ក្មេង​ទទួល​បាន​ការ​កោត​សរសើរ​​ថា ​ជា​តារា​រលក​ក្រោយ​ ប៉ុន្តែ​ខ្វល់ខ្វាយ​ច្រើន​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​ជំនាន់​មុន​​ ​ពេជ្រ​ ចរណៃ បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្តាញ​សង្គម​ថា៖ ​​«សូម​ប្រកាស​ថា: នាង​ខ្ញុំ​មិន​ទទួល​ថត​ ឬ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ទេ»​។

តារា​សម្តែង​ស្រី និង​ជា​ពិធីការិនី​រូប​ស្រស់​​វ័យ​​ ២៥ ឆ្នាំ​រូប​នេះ​ បាន​ប្រាប់​មក​ ភ្នំពេញ ​ប៉ុស្តិ៍​ ទាក់ទង​នឹង​ការ​ប្រកាស​មិន​ទទួល​ផ្សព្វផ្សាយ​ជាតិ​ស្រវឹង​ថា​៖​ «​តាម​ពិត​ទៅ​​តាំង​ពី​ដើម​មក​ម្ល៉េះ នាង​ខ្ញុំ​មិន​ដែល​ទទួល​ថត​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នោះ​ទេ ប៉ុន្តែ​កន្លង​មក​​ខ្ញុំ​បាន​ត្រឹម​តែ​បដិសេធ​លក្ខណៈ​មិន​បើក​ចំហ ដោយសារ​នៅ​តែ​មាន​ការ​ទាក់ទង​មក​ឲ្យ​ខ្ញុំ​ផ្សព្វផ្សាយ​បែប​នេះ​ទៀត ទើប​ខ្ញុំ​សម្រេច​ចិត្ត​ប្រកាស​ជា​សាធារណៈ​ដូច្នេះ​​តែ​ម្តង​ទៅ​»​។

គួរ​បញ្ជាក់​ដែរ​ថា​ បន្ទាប់​ពី​បាន​ជា​សះស្បើយ​ពី​ជំងឺ​បេះដូង​ គេ​សង្កេត​ឃើញ​​ថា តារា​សម្តែង​ស្រី​រូប​នេះ​ តែងតែ​ចូលរួម​ក្នុង​កិច្ចការ​សង្គម​ ស្វែង​រក​ជំនួយ​ ដើម្បី​ឧបត្ថម្ភ​ដល់​ជន​ក្រីក្រ ថែម​ទាំង​មាន​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ ដែល​ជិត​បាត់បង់​ផង​ដែរ​។

កញ្ញា ពេជ្រ​ ចរណៃ ក៏​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​មិន​ទទួល​ការ​ថត​ផ្សព្វផ្សាយ​ជាតិ​​ស្រវឹង​យ៉ាង​​ដូច្នេះ​ថា​៖ ​«គោល​បំណង​ខ្ញុំ​គឺ​មិន​ចង់​ផ្សព្វផ្សាយ​ដល់​យុវជន​ ឬ​ក្មេងៗ​ណា ដែល​គាត់​បាន​លេង​ប្រព័ន្ធ​អ៊ីនធឺណិត​អី​ផ្សេងៗ​ នៅ​ពេល​ដែល​គាត់​ឃើញ​ថា​ ខ្ញុំ​ជា​យុវជន​ម្នាក់​ដែល​ជា ​អាយ​ដល ​របស់​គាត់​ ហើយ​បែរ​មក​ថត​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ​​ហាក់​ដូច​ជា​ខ្ញុំ​កំពុង​ណែនាំ​ឲ្យ​ពួក​គាត់​ទទួល​ផឹក​គ្រឿង​ស្រវឹង​អ៊ីចឹង​ វា​ជា​អារម្មណ៍​មួយ​ដែល​ខ្ញុំ​បាន​គិត ហើយ​ទោះបី​ជា​បាន​លុយ​ច្រើន​ប៉ុន​ណា​ក៏​ខ្ញុំ​មិន​ថត​ដែរ​។ មិន​មាន​ន័យ​ថា​ហាម​ឃាត់​មិន​ឲ្យ​មាន​អ្នក​​ញ៉ាំ​ទេ សូម្បី​​ខ្ញុំ​ក៏​ញ៉ាំ​គ្រឿង​ស្រវឹង​ដែរ​ ប៉ុន្តែ​​ញ៉ាំ​តែ​ពេល​មាន​កម្មវិធី​ធំៗ តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ​ដែល​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​»។ ​

ភាព​រីក​ចម្រើន​ខាង​​សិល្បៈ​សម្តែង​កាន់​តែ​មាន​ទីផ្សារ​ តារា​សម្តែង​ស្រី​ពោរពេញ​ដោយ​ទេពកោសល្យ​ និង​មាន​សម្រស់​ស្អាត​កញ្ញា ពេជ្រ​ ចរណៃ​ ក៏​បាន​បញ្ចប់​នូវ​ខ្សែ​ភាពយន្ត​ដុំ​ និង​ភាគ​ជា​ច្រើន​ដូច​គ្នា ដោយ​ភាគ​ច្រើន​គ្រង​តំណែង​ជា​តួ​​​កាច​ឆ្នាស​ដូច​ជា​រឿង​ «ប្រពន្ធ​លួច​លាក់​» ​ដែល​នាង​ត្រូវ​សម្តែង​ជា​តួ​​​ប្រពន្ធ​ចុង​។

កញ្ញា ពេជ្រ ចរណៃ ក៏​បាន​បង្ហើប​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​ដឹកនាំ​ជ្រើសរើស​ស្រី​ស្អាត​រូប​នេះ​ធ្វើ​ជា​តួ​កាច​ឆ្នាស​ដែរ​ថា​៖ ​«​អាច​ថា​មក​ពី​ខ្ញុំ​សម្តែង​បាន​ច្រើន​ទម្រង់ ទាំង​កាច ស្លូត ទឹក​ភ្នែក ហើយ​អាច​បត់​បែន​អត្តចរិត​​បាន​ ៤ ទៅ ៥ ទម្រង់​ក្នុង​រឿង​តែ​មួយ​ ដោយ​អ្នក​ដឹកនាំ​ធ្លាប់​បាន​ប្រាប់​ថា​ អ្នក​ខ្លះ​បាន​តែ​តួ​កាច​ អ្នក​ខ្លះ​ទៀត​បាន​តែ​តួ​ស្លូត​ អ៊ីចឹង​ខ្ញុំ​ក៏​អាច​មាន​សមត្ថភាព​ក្នុង​ការ​សម្តែង​តួអង្គ​បែប​នេះ។ ខ្ញុំ​ក៏​មិន​តូច​ចិត្ត​ដែរ ព្រោះ​ខ្ញុំ​គិត​ថា​នេះ​ជា​សិល្បៈ​នៃ​ការ​សម្តែង​ សម្តែង​ឲ្យ​មហាជន​បាន​ទស្សនា ជា​គំនិត​អប់រំ​មួយ​ផ្នែក​ប៉ុណ្ណោះ​»៕