ភ្នំពេញ៖ បណ្តាប្រភេទបន្លែស្រស់ៗរបស់ខ្មែរមានប្រមាណជាង ២០០ មុខ នឹងត្រូវបានគេរៀបចំដាក់តាំងក្នុងព្រឹត្តិការណ៍ «ពិព័រណ៍បន្លែស្រុកស្រែ» នាថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ នៅឯភោជនីយដ្ឋានមាតុភូមិ ចាប់ផ្តើមពីម៉ោង ៨ កន្លះព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់។
កញ្ញា មាស ដាណា ប្រធានផ្នែកទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយនៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍បន្លែស្រុកស្រែ ដែលធ្វើនៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅភោជនីយដ្ឋានមាតុភូមិ សាខាបាក់ខែង នៃដងវិថីផ្លូវជាតិលេខ ៦ អា (ស្ពានទី ១០) បានបង្ហើបឲ្យដឹងពីគោលបំណងនៃការរៀបចំនេះថា៖ «ព្រោះចង់គាស់កកាយឡើងវិញពីប្រភេទទាំងឡាយបន្លែខ្មែរយើង ដែលមានតាំងពីដូនតាយើង តរៀងមក ហើយមានច្រើនមុខ នឹងត្រូវដាក់តាំងឲ្យបងប្អូនប្រជាជនខ្មែរគ្រប់ស្រទាប់ បានចូលរួមទស្សនា និងស្គាល់នូវមុខបន្លែខ្មែរ ដែលយើងបានប្រមូលពីតាមតំបន់ខេត្តនានាប្រមាណចំនួនជាង ១០ ខេត្ត ហើយមុខបន្លែទាំងនេះ មានជាង ៩០ ភាគរយ ជាបន្លែស្រស់ៗតែម្តង ដើម្បីដាក់តាំងបង្ហាញ»។
កញ្ញា មាស ដាណា បានបន្តថា៖ «លើសពីនេះ យើងក៏ចង់ឲ្យខាងក្រសួងកសិកម្ម គួរពិចារណាផងដែរថា ចំពោះមុខបន្លែរបស់ខ្មែរទាំងនេះ គួររិះរកវិធីសាស្រ្តដាំដុះឲ្យមានគ្រប់មុខ និងផ្សព្វផ្សាយឲ្យវិស័យកសិកម្មប្រភេទនេះមានគុណតមៃ្លផ្នែកមុខម្ហូបជាប្រពៃណីខ្មែរយើងនេះតែម្តង។ ដូច្នេះហើយ យើងក៏នឹងបន្តគាស់កកាយ ប្រមូលផ្តុំនូវបន្លែខ្មែរធម្មជាតិ បន្លែស្រុកស្រែ បន្លែជនបទ បន្លែកម្រតាមរដូវគ្រប់ប្រភេទ ព្រមទាំងអ្វីជាសែស្រឡាយនៃគ្រឿងផ្សំមុខម្ហូបប្រពៃណីខ្មែរមានរាប់រយមុខ ដើម្បីបង្ហាញជូនមហាជនឲ្យបានដឹង ចងចាំ និងកត់ត្រាឡើងវិញព្រមទាំងការយល់ដឹងពីអត្ថប្រយោជន៍ដ៏មហិមាដែលបុព្វបុរសដូនតាខ្មែរយើងបានបន្តលំនាំទុកមកនេះ»។
ក្រៅពីមានការដាក់តាំងនូវមុខបន្លែខ្មែរជាង ២០០ ប្រភេទនោះ ព្រឹត្តិការណ៍ពិព័រណ៍បន្លែស្រុកស្រែក៏បានរៀបចំឲ្យមានការជួបជុំគ្នានៃក្រុមសិល្បករ-សិល្បការិនីខ្មែរ នាទសវត្សរ៍ទី ៨០-៩០ ជាច្រើនរូប ដើម្បីមានឱកាសមកជុំគ្នា ជាមួយនឹងវត្តមាននៃវិរសិល្បករចម្រៀងអាយ៉ៃ និងប្រពៃណីខ្មែរលោក ព្រហ្ម ម៉ាញ ផងដែរ ក្នុងព្រឹត្តិការណ៍ពិព័រណ៍បន្លែស្រុកស្រែនេះផងដែរ។
កញ្ញា មាស ដាណា បញ្ជាក់ពីការអញ្ជើញលោកពូ ព្រហ្ម ម៉ាញ និងក្រុមសិល្បករ-សិល្បការិនីជាច្រើននោះថា៖ «ហេតុផលនៃការអញ្ជើញលោកពូ ព្រហ្ម ម៉ាញ ក៏ដោយសារតែគាត់ គឺជាអ្នកសិល្បៈបែបប្រពៃណីដ៏ល្បីម្នាក់របស់ខ្មែរ ដែលស្របនឹងគោលដៅយើងចង់ផ្សាយនូវមុខបន្លែខ្មែរបែបប្រពៃណីខ្មែរនេះស្រាប់ផង។
វីរសិល្បករជាតារាកិត្តិយសអាយ៉ៃកំប្លែងឆ្លើយឆ្លង លោកពូ ព្រហ្ម ម៉ាញ ក៏ច្រៀងបទចម្រៀង ដែលយើងសំណូមពរគាត់និពន្ធរាប់រៀបស្តីអំពីឈ្មោះមុខបន្លែទាំងនោះដែរ។ ក្រៅពីនេះព្រមទាំងក្រុមអ្នកសិល្បៈ ល្បីៗ នាទសវត្សរ៍ទី ៨០-៩០ ផងដែរ រួមមានដូចជា លោក ទេព រិនដារ៉ូ លោកស្រី ចាន់ តារាទី លោក ជា សំណាង លោកស្រី ប៉ែន សុផានី លោក ហម ឈរ៉ា លោក ច័ន្ទ រឹទ្ធិមេធានី លោកស្រី អ៊ុំ សក្ខណា លោក ជា ណូបូ លោក ចៅ ចាន់ណារី និងបណ្តាសិល្បករ-សិល្បការិនីល្បីៗដទៃទៀត»។
ខណៈមុខបន្លែនានា ដែលត្រៀមដាក់តាំងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍បន្លែស្រុកស្រែ នោះ ជាអាទិ៍រួមមានដូចជាបន្លែផ្អែម ឬហៅត្រួយឆ្អឹងមាន់ ស្លឹកស៊ុងរៀង ឬស្លឹកសណ្តែកខ្មោច ត្រួយកណ្តៀង ត្រួយចន្ទល់ភ្នំ ត្រកៀត ឬស្លឹកដងរែក ត្រួយដំឡូងជ្វា ត្រួយទាល់ ត្រួយស្មាច់ ថ្នក់ទឹក ត្រួយម្ជូរព្រឹក សក់នាង ស្លាបច្រវា ស្លឹកថ្នឹង ស្លឹកសណ្តាន់ ផ្លែពិការ ត្រួយត្រដក់ ត្រួយរាំងទឹក ផ្កាក្រចកអណ្តើក ផ្លែពង្រ ផ្សិតក្ងោក ជាដើម និងប្រភេទបន្លែប្លែកៗដែលប្រជាជនខ្មែរយើងខ្លះនៅមិនទាន់បានស្គាល់៕