ខេត្តបន្ទាយមានជ័យៈ ទោះបី​ទើប​តែ​បាន​មក​កាន់​តំណែង​នៅ​ទី​អារាម​ថ្មី​គឺ​វត្ត​សុវណ្ណ​គិរី​ភ្នំ​ជញ្ជាំង ជា​ព្រះចៅ​អធិការ​វត្ត បាន​ត្រឹម​តែ​ជាង ២ ខែ​ក្តី ក៏​ព្រះ​តេជគុណ​ព្រះគ្រូ​វុឌ្ឍិ​វិរិយាចារ្យ សួន សំអាត បាន​រៀបចំ​រចនា​សម្ព័ន្ធ ច្បាប់​វិន័យ និង បរិស្ថាន បាន​យ៉ាង​ល្អ​ប្រពៃ​គួរ​ឲ្យ​ស្ញប់​ស្ញែង​ពី​ពុទ្ធ​បរិស័ទ ផ្អើល​ពេញ​ទូទាំង​ខេត្ត​បន្ទាយ​មានជ័យ និង​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទៀត​ផង។

ដោយសារ​បរិយាកាស​មា​ន​អំណោយផល​ល្អ​ពី​ធម្មជាតិ ស្ថិតនៅលើ​ផ្ទៃដី​ធំ​ទូលាយ​ប្រមាណ ១៥ ហិកតា ឯណោះ​វត្ត​សុវណ្ណ​គិរី​ភ្នំ​ជញ្ជាំង ដែល​មាន​ទីតាំង​នៅ​ឯ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់វារី ស្រុក​ព្រះនេត្រ​ព្រះ​ខេត្ត​បន្ទាយមានជ័យ ចម្ងាយ ២០០ ម៉ែត្រ​ចេញ​ពី​ផ្លូវ​ជាតិ​ទើប​មាន​ការ​រៀបចំ​យ៉ាង​ស្អាត។

ព្រះ​តេជគុណ ព្រះគ្រូ​វុឌ្ឍិ​វិរិ​យា​ចា​រ្យ សួន សំអាត ដែលជា​ចៅអធិការ​ថ្មី​វត្ត​សុវណ្ណ​គិរី​ភ្នំជញ្ជាំង ទើប​តែ​មាន​រយៈពេល​ជាង ២ ខែ ខណៈ​ដើម​ឡើយ​ព្រះ​តេជគុណ​គង់​នៅ​ទី​អារាម​នៃ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល ខ្ចាស់​ក្នុងស្រុក​ព្រះនេត្រ​ព្រះ ខេត្ត​បន្ទាយមានជ័យ​ដែរ​នោះ មាន​ដីកា​ឲ្យ​ដឹង​ពី​ការ​កសាង​រចនា​សម្ព័ន្ធ​ថ្មី​នៅ​ទី​អារាម​នេះ​ថា៖ «ដោយ​មាន​សំណូមពរ​ពី​ញាតិ​ញោម ពុទ្ធ​បរិស័ទ នៅ​វត្ត​សុវណ្ណ​គិរី​ភ្នំ​ជញ្ជាំង និមន្ត​អាត្មាភាព​មក​ទីនេះ ដើម្បី​ជួយ​រៀបចំ​កិច្ចការ​ផ្សេងៗ​នៅ​ទី​អារាម និង​មាន​ការ​សម្រេច​ចេញ​ពី​គណៈ​គ្រប់​គ្រង​នៃ​ព្រះគ្រូ​មេគណ​ខេត្ត​ផង​ដែរ»។

​​ព្រះសង្ឃ និងង​ពុទ្ធ​បរិស័ទ​ នា​ពេល​ធ្វើ​សមាធិ​នៅ​វត្ត​សុវណ្ណ​គិរីភ្នំជញ្ជាំងប្រចាំថ្ងៃ​​​​។ សហការី

ព្រះ​តេជគុណ​ដែល​ទទួលបាន​ការបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ពី​សាកល​វិទ្យាល័យ​ជូឡា​ឡុង​កន​នៃ​ប្រទេស​ថៃ មាន​សង្ឃដីកា​បន្ត​ថា៖ «ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផល​ខ្លះ​មាន​នៅ​ទី​អារាម​សុវណ្ណ​គិរី​ភ្នំ​ជញ្ជាំង​ដូច​ដែល​ញោម បាន​ឃើញ​នា​ពេល​បច្ចុប្បន្ន​នេះ អាត្មា​បាន​ដាក់​គោល​ការណ៍ ធំ​ចំនួន ៣ ក្នុង​ការ​បង្កើត​ជា​រចនា​សម្ព័ន្ធ​នានា​នៅ​វត្ត​ដែល​អាត្មា​កំពុង​តែ​គ្រប់គ្រង​ជា ចៅ​អធិការ​នេះ​តែ​ម្តង។ គោលការណ៍​ចម្បង​ទី ១ ផ្តោតទៅលើ​ផ្នែក​បរិស្ថាន​ជុំវិញ​វត្ត​ឲ្យ​បាន​ស្អាត និង​ស្រស់​បំព្រង​ជា​អំណោយ​ផល​ពី​ធម្មជាតិ​នៃ​ព្រៃ​ព្រឹក្សា ដែល​មាន​ស្រាប់។ គោល​ការណ៍​សំខាន់​ទី ២ គឺ​អាត្មា ដាក់​វិធាន​ការ​ពង្រឹង​ច្បាប់​វិន័យ​ដល់​ព្រះសង្ឃ​គង់​នៅ​វត្ត​សុវណ្ណ​គិរី​ភ្នំ​ជញ្ជាំង ឲ្យ​ប្រកប​ដោយ​ធម្ម​វិន័យ​ជា​ព្រះសង្ឃ​តាម​ពុទ្ធ​ឱវាទ និង​ធ្វើការ​ប្រណិប័តន៍​តាម​គន្លង​ធម៌។ ចំណែក​ឯ​គោល​ការណ៍​សំខាន់​ទី ៣ អាត្មា​ភាព​ផ្តោត​ទៅ​ការ​ពង្រឹង​វិស័យ​អប់រំ​នានា​ទាំង​ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​សុវណ្ណ​គិរី​ភ្នំ​ជញ្ជាំង​តែ​ម្តង ដោយ​បង្រៀន​កុមារ​ក្មេងៗ​ឲ្យ​ចេះ​ស្តាប់​ព្រះធម៌ និង​រៀន​សូត្រ​នូវ​ព្រះធម៌​ពី​ក្មេង​វ័យ និង​មាន​ការ​ធ្វើ​វិបស្សនា​សមាធិ​ប្រចាំ​ថ្ងៃ​ទៀត​ផង»។

ព្រះគ្រូ សួន សំអាត ក៏មាន​សង្ឃដីកា បញ្ជាក់​ពី​ការធ្វើ​សមាធិ​នេះដែរ​ថា៖ «ការធ្វើ​សមាធិ​នេះ អាត្មា បាន​កំណត់​ធ្វើ​រាល់​ថ្ងៃ​រយៈពេល ១ ម៉ោង គឺ​ចាប់​ពី​ម៉ោង ៥ ដល់​ម៉ោង ៦ ល្ងាច ដោយ​អត្មា បាន​ដឹកនាំ​ទាំង​ពុទ្ធ​បរិស័ទ​ចាស់​ក្មេង និង​ព្រះសង្ឃ ដើម្បី​ធ្វើ​វិបស្សនា​នេះ​រាល់​ថ្ងៃ»៕