ខេត្ត​សាមុតប្រាកាន៖ ព្រះសង្ឃ ​១ អង្គ ​បាន​ចារ​គូស​វាស​​សំណេរ​ធម៌​ នៅ​លើ​ម៉ាស់​ពណ៌​ទឹក​ក្រូច​ បួងសួង​ទទូច​សុំ​ឲ្យ​មាន​ការ​បញ្ចប់​សេចក្ដី​ឈឺ​ចាប់​របស់​​សត្វ​លោក​ដោយសារ​តែ​វីរុស​​កូរ៉ូណា។

ចំណារ​ព្រះសង្ឃ គឺ​ជា​អត្តសញ្ញាណ​សម្រាប់​ម៉ាស់​ប្រចាំ​អារាម ដែល​ត្រូវ​បាន​ផលិត​​ឡើង​ពី​ការ​កែច្នៃ​សំរាម​ប្លាស្ទិក​ជុំវិញ​បវិវេណ​វត្ត។

ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ី​ដែល​​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ដ៏​ច្រើន​នោះ ប្រទេស ​ថៃ ​ដែល​បាន​ប្រកាស​បិទ​ព្រំ​ដែន និង​ទីសាធារណៈ មាន​តម្រូវ​ការ​ប្រើប្រាស់​ម៉ាស់​ច្រើន។

ព្រះសង្ឃ​នៅ​អារាម​ក្បែរ​ក្រុង​បាងកក បាន​នឹក​ឃើញ​គំនិត​ច្នៃ​ប្រឌិត​​ កែច្នៃ​ម៉ាស់​បន្ថែម​ដោយចារ​នូវ​សំណេរ​លើក​ទឹក​ចិត្ត​សម្រាប់​អ្នក​ដែល​មាន​ជំនឿ​​លើ​សាសនា ក្នុង​ការ​រួម​ចំណែក​បង្ការ​ជំងឺ។

អារាម ចាកដេង (Chak Daeng) ដែល​ល្បីល្បាញ​ដោយសារ​តែ​ព្រះចៅ​អធិការ​ប្រណិប័តន៍​គំនិត​គិតគូរ​ដល់​បរិស្ថាន បាន​ផលិត​ក្រណាត់​ស្បង់​ពី​សំរាម​ដប​ប្លាស្ទិក ១៥ តោន​ជា​រៀងរាល់​ខែ។

​ព្រះ​សង្ឃ​ថៃ​ប្រមូល​ដប​ប្លាស្ទិក​ដើម្បី​យក​ទៅច្នៃ​ជា​ម៉ាស​់ការពារ​វីរុស​​​។ រូបថត AFP

ព្រះសង្ឃ និង​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​បាន​​ធ្វើ​ការ​ត្បាញ​រវៃ​សរសៃ​ជ័រ​ ដែល​ចម្រាញ់​ពី​ប្លាស្ទិក ផ្គួប​ជាមួយ​នឹង​​សំឡី​កប្បាស​ដើម្បី​បង្កើត​ជា​ក្រណាត់។

បន្ថែម​​លើ​កិច្ចការ​ផលិត​ស្បង់​កន្លង​មក ព្រះ​សង្ឃ​ ប្រាណម ដាម៉ាឡាងការ៉ូ កាល​ពី​ខែ​មុន​បាន​ចាប់​ផ្ដើម​កិច្ចការ​ផលិត​ម៉ាស់ ដើម្បី​រួម​ចំណែក​ការពារ​សុខភាព​ប្រជាជន។

ស្រទាប់​ការពារ​បន្ថែម​ត្រូវ​បាន​ដេរ​នៅ​ចន្លោះ​ស្រទាប់​ក្រណាត់​នៃ​ម៉ាស់ ដែល​ព្រះអង្គ​មាន​សង្ឃ​ដីកា​ប្រាប់​ទីភ្នាក់ងារ AFP ថា វា​នឹង​ជួយ​ការពារ​តំណក់​តូចៗ​ចេញ​ពី​មាត់​ ឬ​ច្រមុះ។

ដើម្បី​ជំនួយ​ដល់​សេចក្ដី​ស្ងប់​ផ្លូវ​ចិត្ត អ្នក​ជំនាញ​ចារ​យ័ន្ត​ នៅ​អារាម ចាកដេង បាន​បន្ថែម​សំណេរ​បែប​ព្រះធម៌ ដែល​មាន​អត្ថន័យ​សម្រាយ​ថា «ដើម្បី​ស្វែង​យល់​អំពី​បញ្ហា​ត្រូវ​ស្វែងរក​វិធី​បញ្ចប់​សេចក្ដី​ឈឺ​ចាប់»។

ពុទ្ធសាសនិក​ជា​ច្រើន​ជឿ​ថា ការ​ស្វះស្វែង​រក​ប្រភព​នៃ​បញ្ហា​នឹង​ធ្វើ​ឲ្យ​មនុស្ស​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​និពា្វន ប៉ុន្តែ​ព្រះតេជគុណ ប្រាណម ទទួល​ស្គាល់​ថា មិនមែន​សុទ្ធ​តែ​មនុស្ស​គ្រប់​គ្នា​មាន​ជំនឿ​បែប​នេះ​ទេ។

​​ព្រះ​សង្ឃ​អំពាវនាវ​ឲ្យ​ពុទ្ធ​បរិស័ទ​រក្សា​ភាព​ស្ងប់​ស្ងាត់​ជា​ជាង​ការ​ជ្រួលច្របល់​។ AFP

ព្រះតេជគុណ​មាន​សង្ឃដីកា​ថា៖ «អ្នក​​ដែល​មិន​ជឿ​ធម៌​សាសនា​ព្រះពុទ្ធ ម៉ាស់​ធម្មតា និង​ម៉ាស់​ពី​អារាម​នេះ​មិន​មាន​អ្វី​ខុស​គ្នា​ទេ»។

ទោះបី​ជា​ប្រជាជន​ថៃ​ខ្លះ​មាន​ការ​ភិតភ័យ និង​ខ្លះ​ទៀត​ជ្រួល​ច្របល់​ដោយសារ​តែ​វិបត្តិ​ជំងឺ​រាត​ត្បាត​នេះ ព្រះតេជគុណ ប្រាណម បាន​អំពាវនាវ ទៅ​ដល់​ប្រជាពលរដ្ឋ​ថៃ​ដោយ​បន្ត​ប្រណិប័តន៍​ធម៌ និង​ប្រព្រឹត្ត​តែ​ទង្វើ​ប្រកប​ដោយ​ធម៌ ដើម្បី​រក្សា​ចិត្ត​ស្ងប់​អំឡុង​ពេល​ឆ្លង​កាត់​គ្រោះ​ជំងឺ​សកល​មួយ​នេះ។

នៅ​ប្រទេស​ជិត​ខាង មីយ៉ាន់ម៉ា វិញ​ព្រះ​សង្ឃ​ពុទ្ធសាសនា​ស្រវាស្រទេញ​ និង​សូត្រ​ព្រះធម៌ ដើម្បី​ការពារ​ប្រជាជាតិ​ទាំង​មូល។

ព្រះសង្ឃ​មីយ៉ាន់ម៉ា​ មួយ​ក្រុម​បាន​ប្រើ​បាឡុង​ហោះ​លើ​តំបន់​ស័ក្ដិសិទ្ធិ​ដែល​​សម្បូរ​ប្រាង្គប្រាសាទ និង​អារាម​បាហ្គាន ដោយ​ប្រោះព្រំ​ទឹក​មន្ត​ពី​លើ​ផ្ទៃ​អាកាស៕ AFP