ភ្នំពេញ: បេន (សម្ដែងដោយ ដាវីដ ក្រូស) ជានិស្សិតអាល្លឺម៉ង់ ដែលធ្វើដំណើរមកកាន់កម្ពុជា ក្រោយបញ្ចប់ការសិក្សា ហើយ ស្រីកែវ (សម្ដែងដោយតារាស្រីថៃ អាពីនយ៉ា សាគុលចារឿនស៊ុក) ជាតួនារីខ្មែរ អាយុ ២១ ឆ្នាំ ជាបុគ្គលិកបម្រើការក្នុងបារ៍មួយនៅទីក្រុងភ្នំពេញ។ អ្នកទាំង ២ បានជួបគ្នាក្នុងក្លិបរាត្រីមួយ និងផ្ដើមស្រឡាញ់គ្នាជាគូសង្សារ។
ក្រោយពី បេន ត្រឡប់ទៅផ្ទះវិញ ស្រីកែវ បានឆ្លើយឆ្លងវីដេអូតាម Skype និងបានប្រាប់ថា នាងផ្ទុកមេរោគហ៊ីវ អេដស៍។ ឮបែបនេះ បេន ប្រញាប់ធ្វើដំណើរមកជួយនាង។ ពេលនោះ យុវជន បេន បានមើលពីពិភពដែលមនុស្សគ្រប់រូបមិនសុទ្ធតែមានតម្លៃស្មើគ្នា និងទីដែលត្រូវការកម្លាំងចិត្ដដ៏ពិតប្រាកដ។ នេះជាដំណើររឿងរ៉ាវសេ្នហាដែលត្រូវបានផលិតឡើងជាភាពយន្ដរបស់កវី បេនចាមីន ព្រូហ្វ័រ។
ភាពយន្ដអាល្លឺម៉ង់ដែលដកស្រង់ពីជីវិតស្នេហាពិតរឿង «Same Same But Different» ផលិតក្នុងឆ្នាំ ២០០៩ រយៈពេល ១០៧ នាទី នឹងត្រូវបានដាក់បញ្ចាំងជាថ្មីនៅផ្ទះមេត្តា ឬ Meta House ជាផ្នែកមួយនៃភាពយន្ដដ៏ល្អបំផុតដែលបង្ហាញពីកម្ពុជា។
លោក Nicolaus Mesterharm នាយកមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ បានឲ្យដឹងថា៖ «Meta House ដាក់បញ្ចាំងភាពយន្ដល្បីៗបំផុត ដែលបង្ហាញពីតថភាពនៅកម្ពុជានាសម័យទំនើប។ «Same Same But Different» ជាភាពយន្ដមួយក្នុងចំណោមការបញ្ចាំងភាពយន្ដស្ដីពីកម្ពុជាជាច្រើនទៀត»។
៩ ឆ្នាំក្រោយពីសម្ពោធការចាក់បញ្ចាំង ចុងសប្ដាហ៍នេះ ផ្ទះមេត្តា បានជ្រើសរើសភាពយន្ដអាល្លឺម៉ង់-ខ្មែរ «Same Same But Different» មកដាក់បញ្ចាំងជាថ្មី ដោយសារតែមានការគាំទ្រខ្លាំងពីទស្សនិកជន និងជាគម្រោងដ៏ធំដំបូងរបស់អាល្លឺម៉ង់។
លោក Nicolaus បានបន្ដថា៖ «វាគឺជាភាពយន្ដដ៏ល្អ ហើយវាក៏ជាគម្រោងភាពយន្ដដ៏ធំបំផុតដែលបានផលិតនៅកម្ពុជានេះ។ ផ្ទះមេត្តា គឺជាផ្នែកមួយនៃក្រុមការងារផលិត។ យើងយល់ថា សារក្នុងភាពយន្ដបែបមនោសញ្ចេតនានៅតែមានឥទ្ធិពល និងគួរឲ្យចាប់អារម្មណ៍។ នេះជាមូលហេតុ ដែលផ្ទះមេត្តា បន្ដបញ្ចាំងវាច្រើនលើកច្រើនសាទៀត»។
លោក ដាវីដ ក្រូស ជាតួអង្គឈ្មោះ បេន ធ្លាប់បានផ្ដល់បទសម្ភាសជាមួយភ្នំពេញប៉ុស្ដិ៍ ដោយបាននិយាយថា៖ «ពិតជាខុសប្លែកឆ្ងាយខ្លាំងណាស់។ យើងត្រូវចេះបត់បែន ហើយត្រូវការភាពរហ័សរហួន។ ខ្ញុំពិតជារីករាយចំពោះបទពិសោធថ្មីទាំងនេះ។ ខ្ញុំបានឃើញទីតាំងមួយចំនួន ដែលអ្នកមិនធ្លាប់បានឃើញក្នុងនាមជាភ្ញៀវទេសចរ»។
បើទោះបីជារឿង «Same Same But Different» នេះត្រូវបានដាក់បញ្ចាំងជាច្រើនលើកច្រើនសានៅផ្ទះមេត្តា ក៏វានៅតែទទួលបានការគាំទ្រខ្លាំង ដោយមហាជនចូលទស្សនាឥតឈប់ឈរ។
នាយកផ្ទះមេត្តា Nicolaus បានបញ្ជាក់ថា៖ «រឿងនេះត្រូវបានដាក់បញ្ចាំងជាង ៥០ ដងទៅហើយហើយវានៅតែទទួលបានអ្នកទស្សនាច្រើន។ រាល់ការបញ្ចាំងនីមួយៗ មិនគិតប្រាក់ពីមហាជនឡើយ»។
ចំពោះមតិរិះគន់លើការរើសតួសម្ដែងស្រីថៃជំនួសខ្មែរនោះ ផលិតករអាល្លឺម៉ង់ Detlev Buck ធ្លាប់ប្រាប់ថា៖ «Tom Cruise ក៏ធ្លាប់សម្ដែងជាតួវីរបុរសអាល្លឺម៉ង់ដែរ ក្នុងរឿង Valkyrie។ អនាគតទៅ អាស៊ីត្រូវតែជាសកលលោក មិនមែនត្រឹមថ្នាក់ជាតិនោះទេ»។
«Same Same But Different» នឹងដាក់បញ្ចាំងនៅថ្ងៃទី១៥ ខែធ្នូ ម៉ោង ៧ យប់ដោយឥតគិតថ្លៃនៅ Meta House ផ្ទះលេខ ៣៧ ផ្លូវសុធារស រាជធានីភ្នំពេញ៕