ភ្នំពេញៈ ទំនង​រឿងរ៉ាវ​ចំហាយ​ព័ត៌មាន​ក្នុង​មួយរយៈ​ពេល​ចុង​ក្រោយ ដោយ​ឧស្សាហ៍​ឃើញ​តារា​សម្តែង​ប្រុស និង​ពិធីករ​ទូរទស្សន៍​លោក ប៉ែន ចំរ៉ុង ដែល​តែង​តែ​ដើរ​ពកូន​គេ ដើម្បី​បន្លប់​ចិត្ត​នឹក​កូន​ស្រី​ខ្លួន លេច​ឮ​ទៅ​អ្នក​នាង ភិន សុដាលីស តាម​សង្គម​អ្នក​សិល្បៈ​នោះ​ហើយ បាន​ជា​ថ្មីៗ​ក៏​ល្បី​នាង​បាន​ព្រលយ​ចេញ​ពាក្យ​ថា អតីត​ជា​ស្វាមី​មិន​បាន​រៀបការ​នោះ គឺ​គ្រាន់​តែ​សម្តែង​ឫកពា​ប្រាប់​គេ​ប៉ុណ្ណោះ។

ខណៈ​ដំណឹង​នេះ​បាន​លេចឮ នា​ថ្ងៃ​បើកសម្ពោធ​ខ្សែ​ភាពយន្ត​ភាគ​ថ្មី​គឺ​រឿង «ម្ចាស់​បំណុល» ដែល​ជា​កុន​ភាគ​ទី ៤ របស់​តារា​ស្រី​ជា​កូន​ស្រី​ច្បង​បង្កើត​ថៅកែ​ផលិតកម្ម​មហាហង្ស​ក្រោយ​ពី​សម្រាល​កូន​ស្រី​មក និង​នាពេល​បច្ចុប្បន្ន​កូន​ស្រី​នាង​មាន​វ័យ​ជិត ២ ខួប​ទៅ​ហើយ​ដែរ។ ពេល​បើក​សម្ពោធ​ដាក់​បញ្ជាំង​កុន​ភាគ​របស់​ផលិតកម្ម​មហាហង្ស​ជា​ផ្លូវការ ដែល​នឹង​ត្រូវ​ចាក់​ផ្សាយ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ PNN ថ្ងៃ​ទី ២០ មេសា ឆ្នាំ ២០១៨ ខាង​មុខ​នោះ ក៏មាន​ការ​ជជែក​គ្នា​ពី​រឿង​លោក ប៉ែន ចំរ៉ុង ថា «គាត់​ពិត​ជា​មាន​ការ​នឹក​រឭក​កូនស្រី​ខ្លាំង​ណាស់ ដោយ​សារ​ឧស្សាហ៍​ឃើញ​គាត់​ទៅ​បីកូន​គេ មើល​ទៅ​គឺមាន​ភាព​នឹក​រឭក​ទៅ​កូន​ស្រី​ខ្លួន​ខ្លាំង​ណាស់ គួរ​ឲ្យ​អាណិត​គាត់​មែន​ទែន»។

ទោះយ៉ាងណា​មាន​សារ​លេចឮ​ចេញ​មកតៗ​គ្នា​ពី​ប្រភព​អ្នកសិល្បៈ​នេះ​ដដែល បែប​បញ្ចើច​ទៅ​ព័ត៌មាន​ថា លោក ប៉ែន ចំរ៉ុង នឹក​កូនស្រី​ខ្លួន​រហូត​ទៅ​ពកូន​គេ​បន្លប់​ចិត្ត​នឹក​នោះ​វិញ​ពី​អ្នក​នាង ភិន សុដាលីស ដែរ​ថា៖ «នេះ​គ្រាន់​តែ​ជា​ការ​សម្តែង​នូវ​ឫកពា​របស់គា​ត់​តែ​ប៉ុណ្ណោះ គ្មាន​ការ​ពិត​អ្វី​នោះ​ទេ»។

តារា​សម្តែង​ស្រី មេម៉ាយ​កូន​មួយ​ទាំង​ក្មេងខ្ចី តែ​សាច់​សខ្ចី សម្រស់​នៅតែ​ស្អាត​ផូរផង់ អ្នកនាង ភិន សុដាលីស ក៏បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ព័ត៌មាន​យ៉ាង​ណា​នោះ​ខ្ញុំ​មិន​ដឹង​ច្បាស់​ទេ! តែ​ប្រសិន​បើ​និយាយ​ពី​រឿង​កូន​វិញ នោះ គឺ​គាត់​ដូចជា​មិន​មាន​សិទ្ធិ​អ្វី​ត្រូវ​និយាយ​ទេ ព្រោះ​ថា​គាត់​អត់​មាន​សិទ្ធិ​ដឹង​ឮ​រឿង​កូន​យូរ​ណាស់​ហើយ គឺ​ចាប់​តាំង​ពី​គាត់​បាន​សម្រេច​ដាក់​ពាក្យ​លែង​លះ​ខ្ញុំ​មក»។

ដោយឡែក​តារា​ស្រី​ក្រោយពី​មានកូន​ស្រី​សំណព្វចិត្ត​ឈ្មោះ​ថា ភិន សុខេធើរីណា ហៅ​ក្រៅ Katherine បច្ចុប្បន្ន​មាន​វ័យ​ជិត ២ ខួប​ហើយ និង​រូប​ខ្លួន​ក៏បាន​វិល​ត្រឡប់​ទៅ​ប្រឡូក​ថត​កុន​ជា​ហូរហែ​វិញ​ផង​នោះ មហាជន​ក៏​ចាប់​អារម្មណ៍​ខ្លាំង​នឹង​សារ​បង្ហើរ​តាម​អ៊ីនស្តាក្រាម​នាង​បង្ហាញ​ពី​ជម្រើស​នៃ​ក្តី​ស្នេហ៍​ថ្មី​របស់​អ្នក​ម្តាយ​វ័យ​ក្មេង​រូប​នេះ។

ខណៈពេល​មានដំណើរ​កម្សាន្ត​ក្រៅ​ស្រុក​ដូចជា​ប្រទេស​ថៃ ចិន និង​សិង្ហ​បុរី ដើម្បី​លំហែកាយ និង​ឡើង​ចុះ​ក្នុង​កិច្ច​ការងារ​រកស៊ី​នោះ​កូនស្រី​ច្បង​ចាង​ហ្វាង​ផលិតកម្ម​មហាហង្ស អ្នក​នាង ភិន សុដាលីស បង្ហោះ​សារ​ជា​ភាសា​អង់គ្លេស ដែល​មាន​ន័យ​ប្រែ​សម្រួល​ថា៖ «ហេតុផល​មួយ ដែល​ចង់​នៅ​ម្នាក់​ឯង​គឺ​អាច​មាន​ជម្រើស​លួច​ស្រឡាញ់​គេ​បាន​ច្រើន» ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន​ខ្លាំង និង​ចោទ​សួរ​ដេញ​ដោល​គ្នា​ថា៖ «តើ​អ្នក​នាង ភិន សុដាលីស កំពុង​តែ​តាម​ស្រឡាញ់​អ្នក​ណា​ខ្លះ​ទៅ​ទើប​នាង​បាន​លើក​ឡើង​បែប​នេះ?»។

តារា​សម្តែង​ស្រី​មេម៉ាយ​កូន​មួយ​នៅ​ក្តៅ​ស្រួយ ភិន សុ​ដា​លី​ស ដែល​មហាជន ចាប់​អារម្មណ៍​ខ្លាំង​នឹង​សម្ព័ន្ធ- ភាព​ឯកជន​របស់​នាង​ក្រោយ​ពី​បាន​បែក​បាក់​គូ​ស្នេហ៍ និង​តែង​បង្កើត​នូវ​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​បុរស​ប្លែកៗ​មុខ ខណៈ​នាង​ធ្លាប់​បាន​បក​ស្រាយ​ថា គ្រាន់​តែ​ជា​តួ​ប្រុស​សម្តែង​កុន​ជាមួយ​គ្នា​នោះ។

ដា​លី​ស ក៏​បកស្រាយ​សារ​ខាងលើ​ដែរ​ថា៖ «នោះ​គឺ​គ្រាន់​ជា​សារ ដែល​នាង​ខ្ញុំ​សរសេរ​លេង​ជាមួយនឹង​មិត្តភក្តិ​តែ​ប៉ុណ្ណោះ មិន​មាន​អ្វី​នោះ​ទេ»៕