ក្រុង​វ៉ាស៊ីនតោន: កូន​សត្វ​តុក្កតា​​ពណ៌​លឿង​គួរ​ឲ្យ​ស្រឡាញ់ Pokemon មាន​អាយុ​ជាង ២ ទសវត្សរ៍​ហើយ ប៉ុន្តែ​ប្រជាប្រិយភាព​របស់​វា​នៅ​តែ​បន្ត​សាយភាយ​ពាសពេញ​ពិភព​លោក ជាមួយ​អ្នក​គាំទ្រ​ចាស់​ក្មេង។

មនុស្ស​ជាង ៧ ៥០០ នាក់​ មក​ពី ​៤៩ ប្រទេស បាន​មក​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​ហ្គេម Pokemon នៅ​ទីក្រុង​វ៉ាស៊ីនតោន កាល​ពី​ចុង​សប្ដាហ៍ មុន ដោយ​អ្នក​ចូលរួម​ភាគ​ច្រើន​ស្ថិត​ក្នុង​វ័យ​ខ្ទង់​ ២០ ឆ្នាំ​ប្លាយ។

នាង អាមេនដា ហ្គេនខល ដែល​ពាក់​មួក​រូបសត្វ Pokemon មក​ពី​ក្រុង​ភីតស៍ប៊ើក បាន​បន្លឺ​សំឡេង​ឡើង​ថា៖ «ខ្ញុំ​អាយុ ២៤ ឆ្នាំ តែ​ខ្ញុំ​នៅ​តែ​ជក់​លេង​ហ្គេម Pokemon ខ្ញុំ​ស្រឡាញ់​វា​តាំង​ពី​ខ្ញុំ​នៅ​កូន​ក្មេង​»។

វា​ច្បាស់​ណាស់​ថា​មូលហេតុ​អ្វី បាន​ជា កូនតុក្កតា Pokemon ទាក់ទាញ​ទាំង​មនុស្ស​ចាស់ និង​កូន​ក្មេង ដោយសារ​តែ​វា​​ផ្ដល់​នូវ​អារម្មណ៍​ពិសេស​ពី​អតីតកាល និង​ភាព​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់​វា​តែ​ម្ដង​។

ចាប់​តាំង​ពី​សម្ពោធ​នៅ​ប្រទេស ​ជប៉ុន ​ក្នុង​ឆ្នាំ ១៩៩៦ Pokemon ទើប​តែ​ល្បី​នៅ​សហរដ្ឋ​អាមេរិក​អំឡុង​ដើម​​ឆ្នាំ ២០០០ នោះ​ទេ។

ប្រជាប្រិយភាព​នៃ​កូន​តុក្កតា​នេះ​បាន​សាយភាយ​សម្បើម​ជាមួយ​ការ​ផលិត​ហ្គេម​កាន់​តែ​ទំនើប តុក្កតា ផលិតផល​ប្រើប្រាស់ និង​​ខ្សែ​ភាពយន្ត​ ទើប​តែ​ចាក់​បញ្ចាំង​ថ្មីៗ​នេះ​ផង​ដែរ។

ដោយ​ឡែក​សម្រាប់​អ្នក​មក​ប្រកួត​ហ្គេម Pokemon ចុង​សប្ដាហ៍​នេះ រង្វាន់​ក៏​មិន​តិច​ដែរ ដោយ​គ្រាន់​តែ​ហ្គេម​សន្លឹក​​ក្រដាស​ Pokemon ​មាន​រង្វាន់​ដល់​ទៅ ២៥ ០០០ ដុល្លារ​អាមេរិក។ នៅ​មាន​រង្វាន់​ធំ​ដទៃ​ទៀត​ដូចជា អាហារូបករណ៍​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ និង​កញ្ចប់​ទេសចរណ៍​។

អ្នក​នាំពាក្យ​កម្មវិធី ​Elvin Gee បាន​លើក​ឡើង​ថា៖ «កម្មវិធី​នេះ​គឺ​មាន​រង្វាន់​ផ្ដោត​សំខាន់​លើ​មនុស្ស​វ័យ​ក្រោម ១៨ ឆ្នាំ​តែ​ម្ដង»៕ AFP