ភ្នំពេញៈ ផ្តើមចេញពីបទពិសោធជាច្រើនអាជីពជាអ្នករែកបន្លែលក់ និងអ្នកអនាម័យនៅតាមសណ្ឋាគារបូករួមទាំងអាជីពកំប៉ិកកំប៉ុកជាច្រើនមុខទៀតលោក ឈួន សុខលីម បានបែរមកបង្កើតផលិតកម្មផលិតចម្រៀងបែបតែងនិពន្ធថ្មី (បទអូរីជីណល) និង ចម្រៀងមរតកដើមច្រៀងឡើងវិញដែលជាការងារខ្លួនស្រឡាញ់ និងផ្ដល់ឱកាសឲ្យអ្នកមានសំឡេងល្អអាចរះត្រចះត្រចង់លើវិថីសិល្បៈ។
លោក ឈួន សុខលីម ម្ចាស់ផលិតកម្ម មរតក មេឌា បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ ពីមូលហេតុដែលធ្វើឲ្យលោកសម្រេចចិត្តធ្វើអាជីវកម្មនេះថា៖ «ពីមុនប្រទេសយើងមិនសម្បូរទីផ្សារសិល្បៈច្រើនដូចសម័យបច្ចុប្បន្នទេ។ កាលដែលខ្ញុំបង្កើតផលិតកម្មនេះឡើងមកគឺដើម្បីជួយលើកស្ទួយវិស័យសិល្បៈយើងកាន់តែរីកចម្រើនជាងមុន មានគេទទួលស្គាល់ពីតារាស្រុកយើងកាន់តែច្រើន»។
លោកបានអះអាងទៀតថា៖ «សម្រាប់ខ្ញុំមានការប្រកួតប្រជែងកាន់តែច្រើនក្នុងវិស័យនេះខ្ញុំកាន់តែសប្បាយចិត្ត ព្រោះវាមិនមែនជារឿងអាក្រក់នោះទេ គឺវាកាន់តែជំរុញសិល្បៈឲ្យកាន់តែទូលំទូលាយ និងចង់ឲ្យតារាដែលមានសំឡេងល្អគាត់មានទីផ្សារការងារច្រើន»។
តារាចម្រៀងក្នុងផលិតកម្ម មរតក មេឌា សុទ្ធសឹងតែជាបេក្ខជនបេក្ខនារីដែលធ្លាប់ចូលរួមក្នុងការប្រលងប្រជែងក្នុងកម្មវិធីលំដាប់ពិភពលោកដូចជា The Voice Cambodia, Cambodian Idol និងមានកម្មវិធីផ្សេងៗទៀតដូចជាកញ្ញា ដានីកា លោក សាម សុភ័ស លោក ខេម អ៊ីសាក់ លោក នាង ប្រាក់សុគន្ធ និងលោក ជិត ចាន់ធឿន តារាផ្សេងទៀតសរុបចំនួន ១៣ នាក់។
ម្ចាស់ផលិតកម្ម មរតក មេឌា ដែលធ្លាប់ធ្វើជាអ្នកលក់អីវ៉ាន់ចាប់ហួយមុខរោងចក្រស្បែកជើងនៅម្ដុំទឹកថ្លាបានប្រាប់ពីហេតុផលដែលជ្រើសយកតារាចម្រៀងដែលធ្លាប់ប្រលងប្រជែងក្នុងកម្មវិធីប្រលងចម្រៀងទៀតថា៖ «ដូចដឹងស្រាប់ហើយថា ទោះបីជាសំឡេងល្អប៉ុនណាក៏ដោយ បើសិនជាមិនមានការជ្រោមជ្រែងពីផលិតកម្ម ឬក៏មិនមានចេញបទចម្រៀងថ្មីៗប្រាកដណាស់ត្រឹម ១ ឆ្នាំហ្នឹងពិតជាមហាជនភ្លេចសំឡេងរបស់គាត់ជាមិនខាន។ អ៊ីចឹងហើយខ្ញុំគ្រាន់តែចង់ឲ្យអ្នកដែលគាត់មានសំឡេងល្អ មានទីផ្សារក្នុងការងារសិល្បៈឡើងវិញ និងចង់ផ្តល់ឱកាសឲ្យគាត់។ បើសិនជាមានផលិតកម្មធំៗណាដែលគាត់ពេញចិត្តនឹងសមត្ថភាពរបស់ពួកគាត់ហើយចង់ឲ្យគាត់ចូលផលិតកម្មផ្សេងដែលល្បីនោះគឺខ្ញុំសប្បាយចិត្តហើយ»។
ចំណែកឯបទចម្រៀងដែលត្រៀមចេញក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះផលិតកម្ម មរតក មេឌា ក៏បានត្រៀមចម្រៀងចំនួនជាង ៨០ បទដោយក្នុងនោះក៏មានបទលាគ្នាបែបសប្បាយៗ និងការចងចាំមិត្តភាពល្អៗក្រោយបញ្ចប់ពិធីបុណ្យជាតិខ្មែរយើង ដើម្បីទៅប្រកបមុខរបររកស៊ី ឬធ្វើការងារផ្សេងៗបន្តទៀត។
លោក ឈួន សុខលីម ចាងហ្វាងផលិតកម្មក៏បានប្រាប់ពីគោលបំណងរបស់ខ្លួនជាចម្បងដែរ ដោយមិនសំដៅលើការផលិតហើយចំណេញច្រើនតែម្យ៉ាងនោះទេ។ លោកអះអាងថាកិច្ចការនេះក៏ដើម្បីជ្រោមជ្រែងទាំងអ្នកចម្រៀងអាជីព តន្ត្រីករ អ្នកឌីហ្សាញ អ្នកនិពន្ធ និងអ្នកកាត់តវីដេអូឲ្យបានពង្រឹងសមត្ថភាពខ្លួនព្រមទាំងមានទីផ្សារការងារទូលាយជាងមុន។
នៅថ្ងៃអនាគតដំណើរលើវិស័យសិល្បៈលោកគ្រាន់តែចង់ថតជារឿងខ្លីបែបអប់រំ ដែលជាចំណូលចិត្តទាក់ទងការងារដែលធ្លាប់ហែលកន្លងមក។ លោកក៏បានបង្ហើបដែរថានឹងមិនពង្រីកអាជីវកម្មនេះបន្ថែមទៀតទេ ដោយបំណងនៅពេលវ័យជ្រេគ្រាន់ចង់មានចម្ការដាំម្រេចចិញ្ចឹមជីវិតនៅពេលចាស់ទៅតែប៉ុណ្ណោះ៕