ភ្នំពេញៈ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ក្តៅគគុក​ទាំង​អ្នក​សិល្បៈ និង​មហាជន​តែ​ម្តង ខណៈ​ធ្លាយ​រឿង​ម្ចាស់​ពាន​ទី ១ នៃ​កម្មវិធី The Voice Cambodia លោក ប៊ុត សីហា ត្រូវ​ប៉ូលិស​ចាប់​ឃាត់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឆ្នាំ ២០១៨ និង​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ បន្ទាប់​ពី​ខាង​អាណា​ព្យាបាល​មក​ធានា​ក្នុង​បទ​ពាក់ព័ន្ធ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន។

ទម្រាំ​តែ​បាន​ក្លាយជា​តារា​ចម្រៀង​ឈរលើ​ទ្រនំ​ផលិតកម្ម​ធំ​មួយ គឺជា​ម្ចាស់​ជយ​លាភី​នៃ​កម្មវិធី​លំដាប់​ពិភពលោក The Voice Cambodia ដំបូង ប៊ុត សីហា ត្រូវ​ឆ្លង​ការ​ប្រឡង​ប្រជែង​ដ៏​ស្វិត​ស្វាញ ជាមួយ​នឹង​បេក្ខជន​ជាគូ​ប្រជែង ដែល​មាន​សំឡេង​ចម្រៀង​ល្អ​យ៉ាង​ច្រើន រួ​មផ្សំ​ការ​ជួយ​ណែនាំ​បន្ថែម​ពី​ក្រុម​តារា​ចម្រៀង​រៀម​ច្បង​សិល្បៈ ក្នុង​នាម​ជា​គ្រូបង្វឹក​ទាំង ៤ រូប​ផង និង​ឆ្លង​កាត់​ការ​វាយ​តម្លៃ​ពី​គណៈ​កម្មការ​មហាជន តាមរយៈ​ការ​ផ្ញើ​សារ​គាំទ្រ​ផង​ដែរ តែ​ឮ​ដំណឹង​នេះ ពិត​ជា​ងឿង​ឆ្ងល់ និង​ខកចិត្ត ស្តាយ​ក្រោយ​ខ្លាំង​ណាស់។

ថ្លែង​ទាំង​អារម្មណ៍​ភ្ញាក់ផ្អើល​ផង និង​មាន​សេចក្តី​សោក​ស្តាយ​ផង ពេល​បាន​ឃើញ​ព័ត៌មាន​របស់​លោក ប៊ុត សីហា ជា​ម្ចាស់​ជយ​លាភី​ទី ១ នៃ​កម្មវិធី The Voice Cambodia លោក ណុប បាយ៉ារិទ្ធ ដែល​ជា គ្រូបង្វឹក​ម្នាក់​ក្នុង​ចំណោម​គ្រូបង្វឹក ៤ រូប ដែល​ចំនួន ៣ រូប​ទៀត​មាន ឆន សុវណ្ណារាជ កញ្ញា ឱក សុគន្ធ​កញ្ញា និង​អ្នកនាង ពេជ្រ សោភា បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ក្នុង​នាម​ខ្ញុំ Coach ម្នាក់ និង​ជា​រៀម​ច្បង​ផ្នែក​សិល្បៈ​ពិត​ជា​មាន​ការ​នឹក​ស្មាន​មិន​ដល់ ហើយ​ក៏​សោក​ស្តាយ​យ៉ាង​ខ្លាំង​ពី​សមិទ្ធផល​នៃ​ការ​ខំប្រឹង​របស់​គាត់​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​មែន​ទែន។ ខ្ញុំ​ស្តាយ​ត្រង់​ថា ទម្រាំ​គាត់​បាន​ពាន និង​មាន​ឈ្មោះ​ល្បី​ក្នុង​ពិភព​សិល្បៈ​នេះ គឺ​ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​ច្រើន​ណាស់»។

លោក ណុប បាយ៉ារិទ្ធ ក៏​បន្តថា៖ «រឿង​គាត់​ប្រើប្រាស់​គ្រឿង​ញៀន​វិញ ទាំង​ខាង​ខ្ញុំ​ក្តី ខាង​ផលិតកម្ម​ក្តី គិត​ថា​នេះ​ជា​ទង្វើ​ផ្ទាល់​ខ្លួន​គាត់​ក្រៅ​ពី​ការងារ​ផ្នែក​សិល្បៈ ហើយ​មិន​ដឹង​ថា​គាត់​បាន​ទៅ​ពាក់ព័ន្ធ​របៀប​ណា​នោះ​ទេ។ សម្រាប់​ខ្ញុំ​វិញ​ជាមួយ សីហា មិន​សូវ​ជា​មាន​ការងារ​សិល្បៈ​ជួប​គ្នា​ទេ»។

លោក ឆន សុវណា្ណរាជ ជា​គ្រូបង្វឹក​ផ្ទាល់​លោក ប៊ុត សីហា មិន​ហ៊ាន​ថា​យ៉ាង​ណា​ទេ​ចំពោះ​អតីត​កូន​ក្រុម​ខ្លួន ខណៈ​ខាង​ភ្នំពេញ​ប៉ុស្តិ៍​ស្នើ​សុំ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​នោះ។

លោក ឆន សុវណ្ណ​រាជ បាន​ឆ្លើយ​ដោយ​ប្រើ​លេស​ថា៖ «សុំទោស​ផង​បង ពេល​នេះ​ខ្ញុំ​កំពុង​តែ​ជាប់​ថត ហើយ​គេ​កំពុង​ចាំ​ខ្ញុំ។ ចាំ​ពេល​ណា​ខ្ញុំ​ថត​ចប់ ខ្ញុំ​នឹង​ទូរស័ព្ទ​ទៅ​បង​វិញ​ពេល​នោះ»។

ចំពោះ​រឿង ប៊ុត សីហា ប្រើ​គ្រឿងញៀន​នោះ ក៏ត្រូវ​បាន​លោក មាស រិទ្ធី ជា​នាយក​ព័ត៌មាន​នៃ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស បាន​ទម្លាយ​ឲ្យ​ដឹង​តាម​កម្មវិធី​ផ្សាយ​ព័ត៌មាន​ពេល​ព្រឹក​ថា៖ «តាម​ការ​ពិត ផលិតកម្ម​បាន​ដឹង​យូរ​មក​ហើយ​ថា ប៊ុត សីហា បាន​ប្រើប្រាស់​គ្រឿង​ញៀន ពោល​តាំង​ពី​ពេល​ក្រោយ​ប្រឡង​ជាប់​ជយ​លាភី​លេខ ១ នា​រដូវកាល​ទី ១ នៃ​កម្មវិធី The Voice Cambodia ប្រមាណ ៣ ខែ មក​ម្ល៉េះ។ ថ្នាក់​ដឹកនាំ​ផលិតកម្ម ក៏​ហៅ ប៊ុត សីហា មក​ណែនាំ​ច្រើន​លើក​ហើយ​ដែរ ប្រមាណ​ជា ១០ លើក​ឯណោះ ដើម្បី​ឲ្យ​ឈប់​ទង្វើ​នោះ តែ​តារា​ចម្រៀង​រូប​នេះ មិន​បាន​ស្តាប់ និង​មិន​ធ្វើ​តាម​ទេ»៕