ក្រុង​ម៉ូស្គូ៖ មហា​សេដ្ឋី​ប្រេង ឡេអូនីដ មីកហេលសុន រមែង​ចុះ​កិច្ច​ព្រមព្រៀង​ និង​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន តែ​នៅ​ថ្ងៃ​អង្គារ​ បុរស​មាន​លុយ​ច្រើន​បំផុត​របស់​រុស្ស៊ី​រូប​នេះ​បាន​​ជួប​ជាមួយ​ក្រុម​អ្នក​វប្បធម៌​ ខណៈ​លោក​បង្ហាញ​គម្រោង​មជ្ឈមណ្ឌល​សិល្បៈ​ក្រុង​​ម៉ូស្គូ​ថ្មី​។

ទីតាំង GES-2 នៅ​ភាគ​កណ្ដាល​ម៉ូស្គូ ឧបត្ថម្ភ​ដោយ​មូលនិធិ VAC របស់​លោក មីកហេលសុន ស្ថិត​នៅ​រោងចក្រ​ថាមពល​អគ្គិសនី​អាយុ​កាល ​១ ​សតវត្សរ៍ ដែល​ត្រូវ​បាន​ឌីហ្សាញ​ឡើង​វិញ​ និង​រៀបចំ​កម្មវិធី​សម្ពោធ​ដោយ​​វិចិត្រករ Renzo Piano របស់​អ៊ីតាលី​។

លោក​បាន​ថ្លែង​ក្នុង​សិន្នសីទ​សារព័ត៌មាន​ថា បរិវេណ​ដ៏​ធំ​ទូលាយ​គ្រោង​បង្កើត​ជា​វិចិត្រ​សាល​ ហាង​កាហ្វេ និង​ទីកន្លែង​ផលិត​សិល្បៈ ដោយ​ត្រៀម​បើក​ទ្វារ​នៅ​ខែ​កញ្ញា ឆ្នាំ ​២០២០​។

ស្ថិត​​​លើ​ដង​ទន្លេ​ក្រុង​ម៉ូស្គូ ទីតាំង​វិចិត្រសាល​រក្សា​នូវ​រចនា​សម្ព័ន្ធ​រោងចក្រ​ឆ្នាំ ១៩០៧ ដែល​ផ្គត់ផ្គង់​អគ្គិសនី​ក្រុង​ក្រឹមឡាំង តែ​ពេល​នេះ​ប្រើ​បន្ទះ​ថាមពល​សូឡា លើ​ដំបូល​។

​មជ្ឈមណ្ឌល​សិល្បៈ​ក្រុង​ម៉ូស្គូ​ថ្មី​ដែល​ចំណាយ​ប្រាក់​ ២៧,៣ ពាន់លាន​ដុល្លារ​​​។ AFP

យោង​តាម​ចំណាត់​ថ្នាក់​ទស្សនាវដ្ដី​ Forbes បាន​បង្ហាញ​ថា ការ​វិនិយោគ​របស់​លោក មីកហេលសុន មាន​ទឹក​ប្រាក់​ ២៧,៣ ពាន់​លាន​ដុល្លារ ជា​អគារ​ដ៏​សម្បើម​ក្នុង​ប្រទេស ​រុស្ស៊ី​។

លោក មីកហេលសុន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ «​ខ្ញុំ​កសាង​សមិទ្ធផល​ជា​ច្រើន​ក្នុង​ជីវិត​ តែ​​គម្រោង​នេះ​ពិត​ជា​មាន​តម្លៃ​ណាស់​សម្រាប់​ខ្ញុំ​»។

ជា​អ្នក​រក្សា​ទុក​ស្នាដៃ​សិល្បៈ​ម្នាក់ លោក មីកហេលសុន បាន​ចំណាយ​ប្រាក់​ ២០០ លាន​ដុល្លារ ​​ប្រមូល​ស្នាដៃ​​វិចិត្រករ Francis Bacon, Amedeo Modigliani, Gerhard Richter និង​អ្នក​ដទៃ​ទៀត ​ដែល​នឹង​បង្ហាញ​​នៅ​វិចិត្រសាល​ GES-2 ផង​ដែរ។

គម្រោង​នេះ ​គឺ​ជា​ទីតាំង​វិចិត្រសាល​រាង​ចតុកោណ​ដំបូង​បំផុត​របស់​លោក​ ​ខណៈ​មហាសេដ្ឋី​រុស្ស៊ី​ជា​ច្រើន​នាក់​ទៀត​​ធ្វើ​កិច្ចការ​សប្បុរស​ធម៌​ទាក់ទង​សិល្បៈ​ ផ្ដល់​មូលនិធិ​​ដល់​វិទ្យាស្ថាន​វប្បធម៌​បស្ចិម​ប្រទេស ឬ​ឧបត្ថម្ភ និង​ទិញ​ស្នាដៃ​សិល្បៈ​​​៕ AFP/HR