ភ្នំពេញ៖ មហោស្រព​គីហ្សូណា​ជប៉ុន-កម្ពុជា ​លើក​ទី ៩ នឹង​ប្រារព្ធ​​​ធ្វើ​ពី​ថ្ងៃទី ​២០ ដល់​ថ្ងៃទី ​២៣ ខែ ​កុម្ភៈ ឆ្នាំ ​២០២០​ ​​ហើយ​​​នៅ​​មជ្ឈមណ្ឌល​​សហប្រតិបត្តិការ​នៃ​កម្ពុជា-ជប៉ុន (CJCC) ដែល​ជា​ការ​សហការ​គ្នា​​រវាង​​​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស ​កម្ពុជា​​ និង​មជ្ឈមណ្ឌល​មូលនិធិ​ជប៉ុន​នៅ​​​​អាស៊ី​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​​ជា​​រៀងរាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ ​២០១២​ នៅ​ក្នុង​គោលបំណង​បង្ហាញ​ពី​វប្បធម៌​ជប៉ុន ​និង​កម្ពុជា​​ ដើម្បី​​ជំរុញ​​ឲ្យ​មាន​ការ​​ផ្លាស់ប្តូរ​បន្ថែម​រវាង​ប្រជាជន​នៃ​ប្រទេស​​ទាំង ២​​ ក្រោម​ប្រធានបទ​មួយ​​​​ថា​ «អានុភាព​នៃ​កីឡា»។​

បើ​​យោង​ទៅ​​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ពី​កម្មវិធី​ពិសេស​ត្រួសៗ​​ពី​ថ្ងៃ​​សំខាន់ៗ​នៃ​​​​ឆ្នាំ ​២០២០​​ ឲ្យ​​ដឹង​ថា៖ «មហោស្រព​គីហ្សូណា​ជប៉ុន-កម្ពុជា ​ត្រូវ​​បាន​រៀបចំ​​ឡើង​​​ជា​រៀងរាល់​ឆ្នាំ​​ ដោយសារ​​តែ​ប្រទេស ​ជប៉ុន ​​​​នឹង​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​​អូឡាំពិក និង​ប៉ារ៉ាឡាំពិក​ឆ្នាំ​នេះ ដូច្នេះ​មហោស្រព​គីហ្សូណា ក្រោម​​ប្រធានបទ ​«អានុភាព​កីឡា» នឹង​មាន​​រៀបចំ​កម្មវិធី​កីឡា​មួយ​​ចំនួន​ផង​ដែរ​។​ លើស​ពី​នេះ​​ មហោស្រព​ក៏​នឹង​មាន​​កម្មវិធី​ជា​ច្រើន​ទៀត​ដែរ​ ​​ដូចជា​សិក្ខា​សាលា​ទាក់ទង​នឹង​​សិល្បៈ​អប់រំ​សុខភាព និង​បច្ចេកវិទ្យា​សាកល្បង​ភ្លក្ស​​ម្ហូប និង​បង្អែម​ខែ្មរ-ជប៉ុន សាកល្បង​ស្លៀក​​ «ក្បិន»​​ ខ្មែរ​ ​និង​ការ​ស្លៀក​​ពាក់ «​​យូកាតា»​ ​ជប៉ុន​សាកល្បង​​ក្នុង​ពិធី​​លៀង​​តែ​ជប៉ុន «​សា​ដូ» ​សិល្បៈ​បត់​​​ក្រដាស​ «អូរី​ហ្គាមី»​ ការ​តុបតែង​ផ្កា ​«អ៊ីកេបាណា» ការ​សរសេរ​អក្សរ​ផ្ចង់ «ស្យូដូ» ​ជា​ដើម​»​។​

សេចក្តី​ប្រកាស​ដដែល​បន្ត​ឲ្យ​ដឹង​កម្មវិធី​បន្ថែម​ដែរ​​ថា​៖ «​យើង​មាន​ការ​សម្តែង​​​​របាំ​ប្រពៃណី និង​សម័យ​​​របស់​ជប៉ុន​-​កម្ពុជា​ សិក្ខាសាលា​ និង​ការ​សម្តែង​ក្បាច់​រាំ​លើក​ទឹក​ចិត្ត​ការ​​​​សាកល្បង​​សកម្មភាព​​ជាមួយ​កីឡាករ​ប៉ារ៉ាឡាំពិក​​ សិក្ខាសាលា​ស្តីពី​បាល់ទាត់​​ដោយ​ Soltilo​ សម្តែង និង​សិក្ខាសាលា​​របាំ Awa Odori កម្មវិធី​សាកល្បង​ប្រាជ្ញា​​សប្បាយៗ​ស្តី​អំពី​ជប៉ុន និង​កម្ពុជា​​ ការ​​ប្រគំ​​​​តន្រ្តី​ក្លាស៊ិក​ដោយ​ក្រុម​​ Worldship Orchestra​ ​និង​ក្រុម​តន្រី្ត​យុវជន​អង្គរ​ការ​ប្រគំ​តន្រ្តី​ដោយ​​ក្រុម Mortal Combat​ និង​សិល្បការិនី រ៉េបសាំងសុខសេរី​។​ សាកល្បង​ជាមួយ​នឹង​​កីឡាយុទ្ធ​សិល្ប៍​ជប៉ុន​​ និង​កម្ពុជា (កីឡា​យូដូ ការ៉ាតេដូ​ អៃគីដូ និង​ក្បាច់​គុនល្បុក្កតោ) ​តោះ​យើង Cosplay Kizuna ឆ្នាំ ​២០២០ និង​​ការ​​​សម្តែង​ល្ខោន​ស្បែក​តូច និង​ការ​សម្តែង​​យីកេ​ខ្មែរ​»។​​

អ្នកចូល​រួម​ខ្មែរ និង​ក្រុម​ MINYO GIRLS ជប៉ុន​ នៅក្នុង​មហោស្រព​គីហ្សូណាជប៉ុន-កម្ពុជា លើកទី ៨​ ឆ្នាំ ២០១៩។ រូបថត CJCC

ខណៈ​​កម្មវិធី​ប្រចាំ​ថ្ងៃ​នីមួយៗ​ នោះ ​​ក៏​​​ត្រូវ​បាន​​គេ​ឲ្យ​ដឹង​កម្មវិធី​ពិសេសៗ មួយ​​​ចំនួន​តាមរយៈ​សេចក្តី​ប្រកាស​​​​ព័ត៌មាន​​​ដែរ​ថា​៖ «​សម្រាប់​ថ្ងៃទី​ ២០ ខែ​កុម្ភៈ ​ជា​ការ​បើក​​​កម្មវិធី​​មហោស្រព​ដោយ​មាន​​ការ​សម្តែង​​​របាំ​ប្រពៃណី​ខ្មែរ​​ និង​​សម័យ​​​របស់​ក្រុមសិល្បៈ​ខ្មែរ និង​របាំ​ជប៉ុន។ ចំណែក​ល្ងាច​​ថ្ងៃទី​ ២១ ខែ​កុម្ភៈ មាន​ការ​សម្តែង​របាំ​អាវ៉ាអូដូរី​ ដែល​​ជា​របាំ​ប្រពៃណី​ដ៏​ល្បី​មួយ​ប្រចាំ​ខេត្ត​​តុគឺស៊ីម៉ា និង​ជា​លើក​ទី ​២ ដែល​​របាំ​នេះ ​បាន​មក​សម្តែង​នៅ​ក្នុង​មហោស្រព​​គីហ្សូណា​នៅ​កម្ពុជា​។

ល្ងាច​ថ្ងៃទី​ ២២ ខែ​ កុម្ភៈ ឆ្នាំ ២០២០ ​វិញ គឺ​​មាន​ការ​ប្រគំ​តន្រ្តី​ក្លាស៊ិក​មាន​ឈ្មោះ​ថា​ Worldship Orchestra​ ជាមួយ​នឹង​​ក្រុម​តន្រ្តី​យុវជន​ខ្មែរ​អង្គរ​ (Angkor Youth Orchestra​) និង​ការ​​ប្រគំ​តន្រ្តី​ដោយ​ក្រុម ​MORTAL COMBAT និង​ក្រុម​ SANG MORTAL COMBAT។​ ​សម្រាប់​ថ្ងៃ​ចុង​ក្រោ​យ​នៅ​​​ថ្ងៃទី​ ២៣ ខែ​ ​កុម្ភៈ ឆ្នាំ ​២០២០​ ក៏​មាន​កម្មវិធី​តោះ​! ​យើង Cosplay Kizuna ឆ្នាំ​ ២០២០​ នៅ​ម៉ោង​​ ៣ ដល់​ម៉ោង ៤ និង ​៣០ នាទី រសៀល និង​វេលា​ម៉ោង ​៦ ល្ងាច​​ដល់​​​ម៉ោង ៧ និង​ ៣០ នាទី​យប់ មាន​ការ​​សម្តែង​​​ល្ខោន​ស្បែក​តូច​ និង​ល្ខោន​​យីកេ​របស់​ខ្មែរ​»៕​