ភ្នំពេញៈ នា​ថ្ងៃទី ៧ ខែមិថុនា នេះ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-​កូរ៉េ (CKCC) មាន​ការប្រារព្ធ​ធ្វើ​កម្មវិធី​មហោស្រព​វប្បធម៌​កូរ៉េ​ប្រចាំ​ឆ្នាំ​-២០១៩ និង​ជា​ការប្រកួត​នៃ​​កម្មវិធី​ប្រកួត K-POP World Festival វគ្គ​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

កម្មវិធី​ប្រកួត K-POP World Festival គឺជា​កម្មវិធី​សម្រាប់​ប្រិយមិត្ត​គាំទ្រ​វិស័យ K-POP ទូទាំង​ពិភពលោក​ដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍ KBS ក្រសួង​ការបរទេស​ប្រទេស​កូរ៉េ និង​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​វប្បធម៌​បរទេស​ ខណៈ​កម្មវិធី​វគ្គ​ដំបូង​ត្រូវ​បាន​ប្រារព្ធ​ឡើង​តាម​ប្រទេស​នីមួយៗ ហើយ​ធ្វើការ​ជ្រើសរើស​អ្នកតំណាង​របស់​ប្រទេស​នោះ​ពី​ក្នុង​ចំណោម​ម្ចាស់​ជយលាភី​នៃ​វគ្គ​ដំបូង ដើម្បី​ចូលរួម​នៅក្នុង​កម្មវិធី​ប្រកួត​ទូទាំង​ពិភពលោក ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​ ១១ ខែ​តុលា ឆ្នាំ​ ២០១៩ នៅ​ទីក្រុង Changwon នៃ​ប្រទេស​កូរ៉េ​។

មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC) តែង​បាន​ប្រារព្ធ​កម្មវិធី​មហោស្រព​វប្បធម៌​កូរ៉េ​ជា​រៀងរាល់​ឆ្នាំ បន្ទាប់ពី​មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​សង់​តាមរយៈ​ជំនួយ​របស់​អង្គការ KOICA តាំងពី​ឆ្នាំ​ ២០១៤ ​មក​។ សម្រាប់​ឆ្នាំ​នេះ កម្មវិធី​មហោស្រព​វប្បធម៌​កូរ៉េ​នឹង​ត្រូវ​ប្រារព្ធ​ឡើង​បន្តបន្ទាប់​គ្នា​ជាមួយ​នឹង​កម្មវិធី​ប្រកួត K-POP World Festival ដែល​ញ៉ាំង​កម្មវិធី​នេះ​ឲ្យ​កាន់តែ​មាន​អត្ថន័យ​ទៀត​។

ក្រុម​បេក្ខជន​ជម្រើស​ពី​ការប្រកួត​កម្មវិធី K-POP World Festival ឆ្នាំ​ ២០១៩​។ រូបថត សហការី

សម្រាប់​កម្មវិធី​មហោស្រព​វប្បធម៌​កូរ៉េ​ឆ្នាំ​នេះ មាន​កម្មវិធី​លាយ​ចម្រុះ​ជាច្រើន​ដូចជា ការសាកល្បង​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​កូរ៉េ ហាន់ប៊ុគ (HAN BOK) ការលេង​ល្បែង​ប្រជាប្រិយ​កូរ៉េ ការប្រកួត​ឆ្លើយ​សំណួរ​ខ្លីៗ​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រទេស​កូរ៉េ និង​ការប្រកួត​ចម្អិន​អាហារ​កូរ៉េ​ជាដើម​ដោយ​ការចាប់ផ្តើម​ពី​ម៉ោង ១ ដល់​ម៉ោង ៤ រសៀល ខណៈ​កម្មវិធី​ប្រកួត K-POP World Festival នឹង​ចាប់ផ្តើម​ពី​ម៉ោង ៤ រសៀល​បន្ត​រហូត​ដល់ ៦ និង ៣០ នាទី​ល្ងាច​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ៥ ខែ​មិថុនា ឆ្នាំ​ ២០១៩ នេះ​បាន​ឲ្យ​ដឹងថា​៖ «​លក្ខណពិសេស​នៅក្នុង​ឆ្នាំ​​នេះ​ក្រុម​ការងារ​របស់​ស្ថានីយ​ទូរទស្សន៍ KBS (Korean Broadcast System) នឹង​ចុះ​មក​ថត​ផ្តិត​យក​ទិដ្ឋភាព​នៃ​ការប្រកួត​កម្មវិធី​វគ្គ​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​រួច​នឹង​ចាក់ផ្សាយ​ទៅ​ប្រមាណ ១២០ ប្រទេស​ទូទាំង​ពិភពលោក ហើយ​ក៏​មាន​ក្រុម​ចម្រៀង​ប្រុស​ឈ្មោះ N-tic របស់​កូរ៉េ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​សម្តែង​អបអរ​កម្មវិធី​នេះ​ទៀត​ផង​។

ដោយឡែក​ប្រិយមិត្ត​គាំទ្រ​វិស័យ K-POP ប្រមាណ​ជាង​ ១០០ នាក់​បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ហើយ ក្រោយ​ឆ្លងកាត់​តាមរយៈ​ការវាយតម្លៃ​តាម​វីដេអូ និង​បាន​ជ្រើសរើស​បេក្ខជន និង​បេក្ខនារី​ចំនួន ១២ ក្រុម (​រាំ​ ៧ ក្រុម ច្រៀង ៥ ក្រុម​) គឺ​សរុប​មាន​ចំនួន ៥១ នាក់​»​។

សម្រាប់​ក្រុម​ម្ចាស់​ជយលាភី​ឆ្នើម​ក្នុង​កម្មវិធី​ប្រកួត K-POP World Festival ជយលាភី​ឆ្នើម​ក្រុម​លេខ​ ១ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១០០០ ដុល្លារ និង​ពានរង្វាន់​ព្រម​ទាំង​បាន​ឱកាស​ចូលរួម​នៅក្នុង​កម្មវិធី​ប្រកួត​ធំ​​ទូទាំង​ពិភពលោក ខណៈ​ក្រុម​លេខ​ ២ ចំនួន ២ ក្រុម ក្នុង ១ ​ក្រុម​គឺ​បាន​ប្រាក់​រង្វាន់ ៥០០ ដុល្លារ និង​ពានរង្វាន់ ហើយ​ក្រុម​លេខ ៣ ចំនួន ២ ក្រុម ក្នុង ១ ក្រុម បាន​ប្រាក់​រង្វាន់​ ៣០០ ដុល្លារ និង​ទទួល​បាន​នូវ​លិខិត​សរសើរ​ផង​ដែរ​ពី​ការប្រកួត​​កម្មវិធី​ខាង​លើ​នេះ​៕