ភ្នំពេញ៖​ ព្រឹត្តិការណ៍​​មហោស្រព​សិល្បៈ​ទីក្រុង​លើក​ទី ​៥ (Cambodia Urban Art Festival2020) នឹង​​ប្រារព្ធ​​​​ធ្វើ​​ថ្ងៃទី ​២១ ខែ ​មករា ឆ្នាំ ​២០២០ ​​នេះ ​​ដោយ​មាន​ក្រុម​វិចិត្រករ​ចម្រុះ​ជាតិ​សាសន៍​ ចំនួន​​ ​១៥ រូប និង​ក្រុម​​សិល្បករ និង​តន្រ្តីករ​​ ១៩ រូប​ នឹង​ត្រូវ​​បញ្ចប់​​ថ្ងៃទី ​២៦ ខែ ​មករា​ ឆ្នាំ ​២០២០​​​​។

កញ្ញា Letitia Troussel​ អ្នក​​រៀបចំ​មហោស្រព​សិល្បៈ​ទីក្រុង​​​​បាន​ឲ្យ​ដឹង​ពី​កម្មវិធី​ត្រួសៗ​​ថា៖ «សម្រាប់​វិចិត្រករ​ខ្មែរ​ នៅ​ឆ្នាំ​នេះ​​ មាន​ចំនួន​​ ៧ រូប ខណៈ​វិចិត្រករ​បរទេស​វិញ​ មាន​ចំនួន​ ៨ រូប ដែល​មក​ពី​ប្រទេស​ ​បារាំង ចិន តៃវ៉ាន់ ឥណ្ឌា​ ព័រទុយហ្គាល់ ដាណឺម៉ាក ប៉ូឡូញ និង​ថៃ​។

សម្រាប់​ទីតាំង​គូរ​គំនូរ​ដ៏​​សំខាន់​ គឺ​​​​​នៅ​ឯ​​បរិវេណ​​ជុំវិញ​​​ព្រះ​បរមរាជវាំង​​ ខណៈ​ទីតាំង​ប្រារព្ធ​​​ធ្វើ​មហោស្រព​​​​​សិល្បៈ​ទីក្រុង​​ឆ្នាំ ​២០២០​​ ​​ធ្វើ​​នៅ​​​​វិចិត្រសាល Friend''s Futures Factory​ ​លើ​ដង​ផ្លូវ​លេខ​ ១៣ ដែល​​ជា​ទីតាំង​ថ្មី​កំពុង​តែ​ពេញ​និយម​​សម្រាប់​​បង្ហាញ​សា្នដៃ​សិល្បៈ​នានា​នោះ​។​ កាន់​តែ​ពិសេស​​នោះ នៅ​ឆ្នាំ​ ​២០២០ ​នេះ យើង​ក៏​មាន​ក្រុម​​សិស្ស​​​សិល្បៈ​​មក​ពី​សាលា​ហ្វារពន្លឺ​សិល្បៈ ​នាំ​យក​​ទស្សនីយភាព​​​របស់​ពួក​គេ​ជា​ស៊េរី​មក​​​​សម្តែង​នៅ​​​​​​​ផ្សារ​​ទំនើប​ Exchange Square​ និង​ទីតាំង​ផ្សេងៗ​ទៀត​​នៅ​​ទីក្រុង​ភ្នំពេញ​រួម​មាន​ដូច​ជា​នៅ​ទីតាំង​វិចិត្រសាល​ស្រាអាត ផ្ទះ​មេត្តា ​(Meta​ House) ទីតាំង​មុខ​វត្ត​បទុមវត្តី​ នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង ម្តុំ​សារមន្ទីរ​​ទួល​ស្លែង​​ និង​នៅ​មណ្ឌល Student Center Enfants​ d''​Asie លើ​ដង​ផ្លូវ ​២៦៩​»។

ការ​សម្តែង​ទម្រង់​សិល្បៈ​របស់​ក្រុម​សិស្ស​សិល្បៈមក​​ពីសាលា​ហ្វារពន្លឺ​សិល្បៈក្នុង​មហាស្រពសិល្បៈ​ទី​ក្រុង​​។ រូបថត សហ​ការី

កញ្ញា Letitia Troussel​ អ្នក​​រៀបចំ​មហោស្រព​សិល្បៈ​ទីក្រុង​ ដែល​មាន​សហការី​រៀបចំ​ម្នាក់ ​គឺ​លោក Im chifumi​ ដែល​​ជា​វិចិត្រករ​​ជាតិ​បារាំង ​ក៏​បន្ត​​ថា៖ «​​ក្រុម​វិចិត្រករ​យើង​នឹង​គូរ​រូប​​នៅ​លើ​ទីតាំង​សម្រាប់​គូរ​​​​​គំនូរ​នៅ​​តាម​របង ឬ​ជញ្ជាំង​​តាម​ផ្លូវ​សាធារណៈ​​ចំនួន ​១០ ផ្ទាំង​ នៅ​រាជធានី​ភ្នំពេញ​ ហើយ​សម្រាប់​ព្រឹត្តិការណ៍​មហោស្រព​​សិល្បៈ ​​ទីក្រុង​ឆ្នាំ ​២០២០ ​នេះ នឹង​​​ចំណាយ​ទឹក​ថ្នាំ​លាប​ប្រមាណ​ ២៨០ លីត្រ​។​

ដោយ​​ឡែក​​​​ឆ្នាំ ​២០២០ ​នេះ ទីតាំង​ប្រារព្ធ​មហោស្រព​​សិល្បៈ​​​ទីក្រុង​យើង ក៏​​ប្រារព្ធ​ធ្វើ​​ នៅ​ខេត្ត​សៀមរាប​​លើក​ដំបូង​ផង​ដែរ​ ខណៈ​ស្នាដៃ​​គំនូរ​ ៥​ ផ្ទាំង នឹង​ត្រូវ​គូរ​នៅ​ឯ​ក្រុង​​សៀមរាប​ ខេត្ត​សៀមរាប»។

គួរ​បញ្ជាក់​ដែរ​ថា ព្រឹត្តិការណ៍​មហោស្រព​សិល្បៈ​ទីក្រុង​នេះ បាន​បង្កើត​​​ដំបូង​​​ ឆ្នាំ ​២០១៥ នៅ​ក្នុង​គោល​បំណង​អភិវឌ្ឍ​ជំនាញ​​សិល្បៈ​​​វិចិត្រ​គំនូរ​នៅ​​តាម​ជញ្ជាំង ឬ​របង ហើយ​ក៏​ជា​ឱកាស​បង្ហាញ​ស្នាដៃ​របស់​ក្រុម​វិចិត្រ​ជំនាញ​នេះ សម្រាប់​បង្ហាញ​សាធារណជន​ និង​ក្រុម​វិចិត្រករ​​ជំនាន់​ក្រោយ​ បាន​ឃើញ​ពី​ស្នាដៃ​ខ្លួន​ផង​ដែរ​។

ភ្ញៀវ​ទេសចរ ទស្សនា​ការ​គូរ​គំនូរ​លើ​ជញ្ជាំង​របស់​វិចិត្រករ​​​។ រូបថត សហ​ការី

កញ្ញា Letitia Troussel​ បាន​បញ្ជាក់​ឲ្យ​ដឹង​​ថា៖ «ព្រឹត្តិការណ៍​​មហោស្រព​​សិល្បៈ​ទីក្រុង​នេះ បាន​ប្រារព្ធ​ធ្វើ​​​ឡើង​​នៅ​​ឆ្នាំ ​២០១៥ ខណៈ​នាង​ខ្ញុំ និងលោក Im chifumi​ បាន​បន្ត​កិច្ចការ​នេះ​ នៅ​ត្រឹម​ឆ្នាំ ​២០១៧ ក្រោយ​ពី​ខាង​​​វិទ្យាស្ថាន​​​បារាំង ឈប់​កាន់​កិច្ចការ​នេះ​ ហើយ​បាន​ប្រគល់​ឲ្យ​ពួក​យើង​ធ្វើ​បន្ត​នៅ​ត្រឹម​ឆ្នាំ​ ២០១៧ ​​មក​​នោះ​»។​

នា​ថ្ងៃ​ប្រារព្ធ​មហោស្រព​​សិល្បៈ​ទីក្រុង​នេះ​ផង​ដែរ ការ​បង្ហាញ​ផ្ទាំង​​ទស្សនីយភាព​ពិព័រណ៍​ថ្មី​សម្រាប់​​ការងារ​សិល្បៈ​របស់​សិល្បករ​តាម​ផ្លូវ​ទាំង​ជាតិ និង​អន្តរជាតិ​ក៏​ត្រូវ​បាន​រៀបចំ​យ៉ាង​ពិសេស​ផង​ដែរ ដោយ​មាន​​វិចិត្រករ​ខ្មែរ​ ឈុន​​លី និង​​កូលាប ដែល​នឹង​មាន​​​​ការ​បាញ់​ពណ៌ នៅ​ទល់​មុខ​​វិចិត្រសាល​ស្រាអាត​ ផ្ទាល់​​ដោយ​​​​ប្រើ​ដៃ ១ ​ក្នុង​ពេល​តែ​មួយ ខណៈ​​វិចិត្រករ​ខ្មែរ​​លោក​ យី កក្កដា ប្រើ​ដៃ ២ ក្នុង​ពេល​តែ​មួយ​សម្រាប់​បង្កើត​ស្នាដៃ។​

ចំណែក​វិចិត្រករ​កូន​កាត់​ព័រទុយហ្គាល់​-​បារាំង LE FUNKY ​ក៏​ផាត់ និង​បាញ់​ថ្នាំ​ពណ៌​នៅ​លើ​ផ្ទាំង​ក្រណាត់​ជាមួយ​នឹង​ចក្ខុ​វិស័យ​ប្លែក​ភ្នែក​ផង​ដែរ​។ ​វិចិត្រករ​ដាណឺម៉ាក ​PHUC VAN DANG​ នឹង​ទាក់ទាញ​អារម្មណ៍​របស់​ទស្សនិកជន​ជាមួយ​នឹង​ការ​ផាត់​ពណ៌​ផ្ទាល់​របស់​គាត់​នៅ​លើ​ផ្ទៃ​ក្រណាត់​ផង​ដែរ។

ដោយ​ឡែក​សម្រាប់​ឆ្នាំ​ ​២០២០​ នេះ ក៏​មាន​ភាព​ខុស​ប្លែក​គ្នា​​ពី​ឆ្នាំ​មុន​ផង​ដែរ ​សម្រាប់​​ការ​ប្រារព្ធ​មហោស្រព​សិល្បៈ​ទីក្រុង​នេះ ​ដោយ​មិន​មាន​ការ​ប្រើ​រ៉ឺម៉ក​កង់បី​ជា​ក្បួន​ដង្ហែ​​ទៀត​ឡើយ ដោយ​ក្រុម​វិចិត្រករ​ទាំង​អស់​ត្រូវ​ថ្មើរ​ជើង ខណៈ​​សម្រាប់​អ្នក​ចូលរួម​​ទស្សនា​​វិញ​អាច​ប្រើ​ប្រព័ន្ធ​នាំ​ផ្លូវ​​ទៅ​រក​ទីតាំង​កន្លែង​ប្រារព្ធ​កម្មវិធី​មហោស្រព​សិល្បៈ​ទីក្រុង​​ផ្ទាល់​មួយ​ឈ្មោះ Grasshopper Self guided Advteures app៕

កម្ម​វិធី​នឹង​មិន​ប្រើ​ក្បួន​រ៉ឺម៉ក​កង់បី​ទៀតឡើយ​​នៅ​ឆ្នាំ​ ២០២០​​​ នេះ​។ រូបថត សហ​ការី