ភ្នំពេញៈ តារាចម្រៀងស្រីសំឡេងផ្អែមពីរោះរណ្តំកញ្ញា មាស សុខសោភា បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រិយមិត្តជាអ្នកគាំទ្រ និងមហាជនទូទៅ តាមរយៈការចេញបទចម្រៀងថ្មីមួយ ដែលបានទៅថតនៅច្រើនប្រទេសលើទឹកដីអឺរ៉ុប ជាពិសេសនោះមានការចូលរួមសម្តែងពីគូស្នេហ៍ជាង ១០ ឆ្នាំ លោក អ៊ឹង រ៉ាដា ដែលជាអាណិកជនខ្មែរនៅកាណាដាទៀតផង។
តារាចម្រៀងស្រីឈរនៅជួរមុខគេនៃផលិតកម្មថោន ដែលល្បីសុសសាយតាមសំនៀងដ៏គ្រលួច ស្តាប់មិនជិនណាយ ក៏បានផលិតចម្រៀងខ្លួនឯងជាច្រើនបទបន្តបន្ទាប់ និងបានចំណាយដើមទុនម៉ឺនដុល្លារជួលក្រុមថតដោយខ្លួនឯង និងបង្ហោះក្នុងបណ្តាញយូធូបផងដែរ។
នាចុងឆ្នាំ ២០១៨ នេះ តារាចម្រៀងស្រីចាស់វស្សានៅទ្រនំថោនកញ្ញា មាស សុខសោភា ទើបតែចេញបទថ្មីគឺបទ «Everywhere together» ដែលកំពុងតែធ្វើឲ្យមានការភ្ញាក់ផ្អើលពីអ្នកលេងបណ្តាញយូធូបមិនតិចនោះឡើយ ព្រោះតែមានទិដ្ឋភាពថតនៅក្នុងវីដេអូទាំងស្រុងគឺមិនមែននៅក្នុងប្រទេសខ្មែរនោះឡើយ។
តារាចម្រៀងស្រីជើងចាស់ តែកេរ្តិ៍ឈ្មោះនៅតែបន្តភាពល្បីល្បាញមិនចាញ់តារាថ្មីៗ មាស សុខសោភា បានប្រាប់មកភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទដែរថា៖ «ចំពោះបទ Everywhere together នេះគឺបងបានទៅថតនៅឯប្រទេសក្រិក ប្រទេសអាល្លឺម៉ង់ និងប្រទេសបារាំង»។
ទាក់ទងទៅនឹងការចំណាយទៅលើការផលិតបទចម្រៀងនេះ កញ្ញា មាស សុខសោភា ក៏សុំមិនបង្ហាញពីតម្លៃនៃការចំណាយពិតនោះទេ ដោយនាងគ្រាន់តែនិយាយថា៖ «បងត្រូវចំណាយទៅលើការធ្វើដំណើរទាំង ៣ ប្រទេសផង និងជួលជាងថតនៅស្រុកគេទាំងអស់ រួមទាំងលើការដើរលេងផងមិនបានផ្តោតតែលើការថតតែម្យ៉ាងនោះទេ។ តែវាក៏មិនចំណាយអស់តិចនោះដែរ»។
ចំពោះមូលហេតុដែលធ្វើឲ្យតារាចម្រៀងស្រីរូបនេះ នឹកទៅថតបទ «Everywhere together» ដែលមានការចូលរួមសម្តែងពីគូស្នេហ៍ស្និទ្ធតាមស្អិតជាង ១០ ឆ្នាំ លោក អ៊ឹង រ៉ាដា បានបញ្ជាក់ថា៖ «កាលដែលបងថតបទនេះ ក៏ព្រោះតែចង់ជូនជាកាដូមួយទៅដល់អ្នកគាំទ្របងទាំងអស់ ក្នុងឱកាសថ្ងៃឆ្លងឆ្នាំ ២០១៨ ខាងមុខនេះ សម្រាប់ជាចំណងដៃ និងតបស្នងដែលប្រិយមិត្តទាំងអស់តែងតែបានគាំទ្របងរហូតមកនោះ»។
តាមរយៈបទនេះដែរ ធ្វើឲ្យមានប្រិយមិត្តទាំងអស់បានគិតថា ៖ «ប្រហែលជានឹងមានដំណឹងល្អសម្រាប់គូស្នេហ៍ជាង ១០ ឆ្នាំដែរថា ពួកគាត់ជិតចូលរោងជ័យឆ្នាំថ្មីនេះ ឬក៏ឆាប់ៗនេះក៏អាចថាបាន ព្រោះថា ចំណងស្នេហ៍ រវាងតារាស្រីល្បីឈ្មោះ មាស សុខសោភា និង អាណិកជនខ្មែរ-កាណាដា នោះបានសាងស្ពានមេត្រីយូរដែរហើយ!»។
តារាស្រីសំឡេងស្រទន់រូបនេះ ក៏នៅតែបដិសេធ ហើយក៏បានបញ្ជាក់ផងដែរទាក់ទងទៅនឹងរឿងនេះផ្ទាល់ទៀតថា៖ «គឺមិនទាន់នឹងមានគម្រោងអីទេ សុំលាក់សិន ព្រោះថា បើប្រាប់មុនវាមិនមានភាពភ្ញាក់ផ្អើលអ្វីទេ ចាំដល់ពេល ខ្ញុំនឹងបង្ហាញឲ្យអ្នកគ្រប់គ្នាបានដឹងតែម្ដងដោយមិនបាច់សួរនាំទៀតនោះទេ»៕