ភ្នំពេញៈ តារាចម្រៀង​ទាំងប្រុស​ស្រី​គ្រប់​ផលិតកម្ម បាន​សម្រុក​ថត​បទ​ចម្រៀង សម្រាប់​ត្រៀម​ចេញ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ ២០១៨ នេះ តែ​មហាជន​សង្កេត​ឃើញ​ថា សម្បូរ​តែ​បទ​បែក​ស្លុយ​សឹង​ទាំង​អស់​តារា​ចាស់ និង​តារា​រលក​ក្រោយ មិន​សូវ​ជា​សម្បូរ​បទ​បែប​ប្រពៃណី​ខ្មែរ​នោះ​ឡើយ។

យ៉ាងណាមិញ​បទ​ចេញ​ថ្មី​មាន​ចំណងជើង​ថា «ចង្កេះ​ទន់​ទោរ» របស់​តារា​ចម្រៀង​ស្រី​កំពូល​នៅ​ទ្រនំ​ថោន កញ្ញា មាស សុខសោភា ក្លាយជា​ដើម​ចម​មួយ​ដែល​ធ្វើ​ឲ្យ​មហាជន​ចោទ​សួរ​នាំ គ្នា​ភ្លាមៗ​ថា តើ​ចុះ​កញ្ញា មាស សុខ​សោភា មាន​ចេញ​បទ​បែក​ស្លុយ​នឹង​គ្នា​ដែរ​ទេ សម្រាប់​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​ថ្មី​នេះ?»។

សាមីខ្លួន​មិនទាន់បាន​បកស្រាយ​អ្វី​ផង​នោះ ក៏មាន​ក្រុម​អ្នកគាំទ្រ​ដែលជា Fans របស់​តារា​ចម្រៀង​ស្រី​ចាស់​វស្សា​នៅ​ទ្រនំ​ថោន ចេញ​មក​និយាយ​ការពារ​ភ្លែត​ថា៖ «បើ​តាម​ដឹង​តាំង​ពី​អ៊ើយ​មក​នោះ កញ្ញា មាស សុខ​សោភា មិន​ដែល​ចេញ​បទ​បែក​ស្លុយ​នោះ​ឡើយ ហើយ​ឆ្នាំនេះ​ក៏​មិន​ឃើញ​មាន​ដែរ»។

បន្ថែម​ពីនេះ តារាចម្រៀង​ស្រី​ឈរ​លំដាប់​កំពូល​ថោ​ន ដែល​ទើបតែ​លេចឮ​នូវ​ដំណឹង​ថា អាក់​អន់​ស្រពន់​ចិត្ត​នឹង​ទ្រនំ​ចាស់ ហើយ​មាន​ទ្រនំ​ថ្មី​ចង់​បាន​នោះ ក៏បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា៖ «ជា​ការ​ពិត​សម្រាប់​នាង​ខ្ញុំ​ផ្ទាល់ បទ​ចម្រៀង​សម្រាប់​ត្រៀម​ចេញ​រដូវ​ចូល​ឆ្នាំ​ថ្មី​នីមួយៗ​នោះ​គឺថា​នាង​ខ្ញុំ​មិន​ដែល​ចេញ​បទ​ចម្រៀង​បែប​មាន​ចង្វាក់​ញាប់ៗ ឬ​បទ​ខ្មែរ​បច្ចុប្បន្ន​ហៅថា​បទ​បែប​ស្លុយ​នោះ​ឡើយ។ មូលហេតុ​មិន​មាន​មក​ពី​នាង​ខ្ញុំ​មិន​ចូលចិត្ត ហើយ​ខ្ញុំ​ក៏បាន​សង្កេត និង​បាន​ស្ទង់​មើល​ពី​ទំនោរ​ទស្សនិកជន​ជា​អ្នក​ស្តាប់​ដែរ​ថា បង​ប្អូន​ក៏​មិន​និយម​បទ​បែប​នោះ​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត បទ​ចម្រៀង​ប្រភេទ​មាន​ចង្វាក់​ញាប់ៗ ឬ​ខ្មែរ​បច្ចុប្បន្ន​ហៅថា​បទ​បែប​ស្លុយ​នោះ​ខាង​ផលិតកម្ម​ក៏មាន​ក្រុម​តារា​ចម្រៀង​តាម​បែប​នេះ​ផង​ដែរ ដើម្បី​បម្រើ​ទៅ​តាម​ទីផ្សារ​មហាជន​ជា​អ្នក​ស្តាប់។ ចំណែក​ឯ​នាង​ខ្ញុំ​វិញ​ក៏​តែងតែ​យក​បទ​ចម្រៀង​បែប​ចង្វាក់​ខ្មែរ​តាំង​ពី​ដើម​មក»។

ហាក់ដូចជា​ដឹង​រឿង​មុន​ថា នឹងត្រូវ​លើកយក​ការចេញ​បទ​ថ្មី «ចង្កេះ​ទន់​ទោរ» របស់​ខ្លួន ដែល​មាន​ការ​ច្រៀង​រ៉េប​ផងដែរ​នោះ​មក​និយាយ កញ្ញា មាស សុខសោភា ក៏​បញ្ជាក់​ភ្លាម​ដែរ​ថា៖ «សម្រាប់​បទ​ថ្មី​របស់​ខ្ញុំ​នេះ មាន​លាយ​ឡំ​គ្នា​រវាង​បទ​បែប​ខ្មែរ និង​មាន​ការ​រ៉េប​ពី​តារា​ចម្រៀង​ប្រុស ២ រូប​ដែរ​គឺ​លោក Tempo Tris និង​លោក Riel Bob Mula។ តែ​ការ​ធ្វើ​បទ​បែប​នេះ មិន​មែន​ជា​បទ​ចម្រៀង​ដែល​មាន​លក្ខណៈ​ជា​បទ​ចម្រៀង​មាន​ចង្វាក់​លឿន ឬ​បែក​ស្លុយ​ដាច់​ឆ្ងាយ​តែ​ឯង​នោះ​ឡើយ ដោយ​យើង​ខិតខំ​បញ្ចូល​អ្វី​ជា​អត្តសញ្ញាណ​ខ្មែរ​ខ្លះ សម្រាប់​អ្នក​និយម​ស្តាប់​បទ​បែប​នេះ»។

ម្យ៉ាងទៀត​កាលពី​តារា​នេះ​ចេញ «Dance and Smile» ក្រោម​ការ​រិះរក​គំនិត​ច្នៃប្រឌិត​ដោយ​លោក អ៊ុក រតនា ដែល​ជា​អ្នក​ដឹកនាំ​សម្តែង​របស់​ផលិតកម្ម​ថោន និង​ជា​ជំនួយការ​ផ្ទាល់​របស់​តារា​ចម្រៀង​ស្រី​សំឡេង​ផ្អែម​ស្រទន់​កញ្ញា មាស សុខសោភា ដែល​មាន​ការច្នៃ​ប្រឌិត​ថ្មី​បែប​ចម្រុះ​ទម្រង់​សិល្បៈ ជា​ពិសេស​គឺ​ទម្រង់​សិល្បៈ​បុរាណ​សៀក​រហស្សកម្ម បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍ របស់​ទស្សនិកជន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ផង​ដែរ។

ក្រៅពី​សិល្បៈ​ខ្មែរ ក៏មាន​រំលេច​សិល្បៈ​បស្ចិមប្រទេស​នៅក្នុង MV បទ​ថ្មី​នោះ​ផង​ដែរ ខណៈ​លោក អ៊ុក រតនា ក៏​ធ្លាប់​បាន​បកស្រាយ​ថា៖ «យើង​ចង់​បង្ហាញ​ឲ្យ​ឃើញ​ភាព​ចម្រុះ​នៃ​វប្បធម៌ ២ រវាង​ខ្មែរ និង​បរទេស​ផង​ដែរ តាមរយៈ​បទ​ថ្មី​របស់​តារា​ស្រី​ល្បី​កញ្ញា មាស សុខ​សោភា»៕