ភ្នំពេញៈ ខណៈដែល​កុន​រឿង «កិច្ចសន្យា​ស្នេហ៍ Tom & Jerry» ដែល​សម្តែង​ដោយ​តារា​ចម្រៀង​ប្រុស​អូរីជីណល​លោក ម៉ា ច័ន្ទ​បញ្ញា និង​តួស្រី​កញ្ញា អ៊ីង​អ៊ីង ចាក់​បញ្ជាំង​តាម​រោងកុន​នានា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក ក៏​ស្រាប់​តែ​ផ្ទុះ​សារ​ខក​ចិត្ត​នឹង​ទស្សនិកជន​ពី​សំណាក់ តួ​ប្រុស​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

ចេញពី​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​តារា​ចម្រៀង​ប្រុស​អូរីជីណល​លោក​ម៉ា ច័ន្ទបញ្ញា ក្រោយ​ពី​បាន​ឃើញ​សម្ទុះ​នៃ​ការ​ចាប់​អារម្មណ៍​ជាវ​សំបុត្រ​ចូល​ទស្សនា​កុន​ទី ៤ របស់​ខ្លួន​បាន​សម្តែង​គឺ​រឿង «កិច្ចសន្យា​ស្នេហ៍ Tom & Jerry» មាន​តិច ហើយ​ក៏បាន​លុប​ចោល​សារ​នោះ​វិញ​ថា៖ «ភាព​ឈឺ​ចាប់​មួយ​ដែល​គ្មាន​អ្នក​ដឹង។ ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត​ប្រឹង​សរសេរ​រឿងនេះ​ឡើង ដើម្បី​ឲ្យ​ទស្សនិកជន​បាន​មើល​ឃើញ​រូបភាព​ដូច​អ្វី​ដែល​ខ្ញុំ​បាន​ស្រមើ​ស្រមៃ។ តែ​ចុង​ក្រោយ​ស្នាដៃ​មួយ​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​ព្រោះ​តែ​មាន​ការ​គាំទ្រ​តិចតួច​បំផុត​រហូត​សឹង​តែ​មិន​ជឿ។ ក្តី​បរាជ័យ​មួយ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ ខ្លាច​រអា​នឹង​ការ​បោះ​ជំហាន​បន្ត​ក្នុង​វិស័យ​ភាពយន្ត​នៅ​ក្នុង​នាម​ជា​អ្នក​និពន្ធ។ អារម្មណ៍​ពេល​នេះ ប្រៀប​ដូចជា​ដើម​ឈើ​ជ្រុះ​ស្លឹក។ ប្រសិន​បើ​គ្មាន​ការ​គាំទ្រ គ្មាន​ការ​លើក​ទឹកចិត្ត និង​គ្មាន​ការ​ផ្តល់​ឱកាស​នោះ ខ្ញុំ​នឹង​ដើរ​ចេញ​ពី​វិថី​មួយ​នេះ ហើយ​ខ្ញុំ​ក៏​រីករាយ​ទទួល​គំនិត​បន្ថែម ដើម្បី​ស្ថាបនា សាច់​រឿង​ដូចគ្នា។ សង្ឃឹម​ថា បងប្អូន​នឹង​សាកល្បង​ទៅ​ទស្សនា​រឿង​នេះ មុន​នឹង​ធ្វើការ​វិភាគ​ថា រឿង​នេះ​មិន​ល្អ​មើល»។

តារាចម្រៀង​ប្រុស ដែល​បាន​រះ​លើ​វិថី​សិល្បៈ​ចម្រៀង​បែប​អូរីជីណល ហើយ​ក៏​ហក់​ទៅ​ចាប់​អាជីព​សម្តែង​កុន​ទៀត​រូប​នេះ ក៏បាន​លើក​សរសើ​ពី​កម្រិត​សាច់​រឿង​ខ្លួន​ឯង​ដែរ​ថា៖ «រឿង​កិច្ចសន្យា​ស្នេហ៍ Tom & Jerry ជា​ស្នាដៃ​ទី ៤ របស់​ខ្ញុំ បន្ទាប់​ពី​រឿង សិស្ស​ប្អូន​សំណព្វ​ចិត្ត និង​រឿង​ខូចចិត្ត​អាជីព។ ខ្ញុំ​សែន​ស្រឡាញ់​សាច់​រឿង​នេះ​ណាស់​ព្រោះ​វា​មាន​រំលេច​គ្រប់​រស​ជាតិ ទាំង​អារម្មណ៍​ស្នេហា កំប្លុក​កំប្លែង ភាព​ភ័យ​រន្ធត់ និង​ទេសភាព​ស្រស់​ត្រកាល​នៃ​ខេត្ត​រតនគិរី ជាមួយ​នឹង​ការ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច ដែល​មនុស្ស​ភាគ​ច្រើន​ស្ទើរ​តែ​បំភ្លេច​ទៅ​ហើយ»។

នា​មួយ​រំពេច​ក្រោយមក​ក៏មាន​គណនី​ហ្វេសប៊ុក​មួយ ដែល​ប្រាប់​ពី​មុខងារ​ខ្លួន​ជា​ផលិតករ​ម្នាក់​ឈ្មោះ​ថា Mung Kul បាន​ចូល​មក​បញ្ចេញ​មតិ​យោបល់​ឆ្លុះ​បញ្ចាំង​ពី​វិស័យ​ភាពយន្ត​ផងដែរ។ ពី​គណនី​ហ្វេសប៊ុក​នេះ​បាន​សរសេរ​ថា៖ «ក្នុង​នាម​ជា​ផលិតករ​ភាពយន្ត​ម្នាក់ ទោះបី​ស្នាដៃ​ការ​ផលិត​របស់​ខ្លួន​នៅ​មិន​ទាន់​ដល់​ចំណុច​មួយ​ខ្លាំង តែ​ក៏មាន​មោទនភាព នឹង​ក្រុម​ការងារ​របស់​ខ្លួន ដែល​បាន​ចូលរួម​ចំណែក​ក្នុងការ​បង្ហាញ និង​ផ្សព្វផ្សាយ​នូវ​ទស្សនីយភាព​នៃ​តំបន់​ទេសចរណ៍ ស្អាតៗ ក្នុង​ប្រទេស​កម្ពុជា ដែល​បងប្អូន​យើង​មិន​សូវ​បាន​ទៅ​ដល់ ដើម្បី​ឲ្យ​ពួកគាត់​បាន​ស្គាល់ និង​ចូលរួម​ទស្សនា​កម្សាន្ត​ក្នុងការ​លម្ហែ​អារម្មណ៍»។

គួរ​បញ្ជាក់ដែរ​ថា ភាពយន្ត​រឿង «កិច្ចសន្យា​ស្នេហ៍ Tom & Jerry» នេះ​ផលិត​ដោយ​ផលិតកម្ម​រ៉ុក ដែល​បាន​ចាក់​បញ្ជាំង​តាម​រោងកុន​នានា​នៅ​ភ្នំពេញ​តាំង​ពី​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ មក​ហើយ បាន​បញ្ចប់​នៅ​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ ឆ្នាំ ២០១៨ កាល​ពី​ថ្ងៃ​ម្សិល​មិញ៕