ក្រុង​គូឡាំឡាំពួ៖ ក្រោយពី​លេច​​រូបភាព​បុរស​​ស្ត្រី​អាកាត​កាយ​ល្វែង​លើ​រំលេច​ស្នាម​សាក់​មន្ត្រី​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​​ចន្ទ​បាន​ចាត់​ទុក​ពិព័រណ៍​ចាក់​សាក់​ ជា​សកម្មភាព​អាសអាភាស មិន​ស័ក្ដិសម​នឹង​ប្រទេស​​មាន​ប្រជាជន​​មូស្លីម​ភាគ​ច្រើន​ឡើយ។​

កម្មវិធី​ពិព័រណ៍​ចាក់​សាក់​ម៉ាឡេស៊ី ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​គូឡាឡាំពួ​បាន​ទាក់ទាញ​មនុស្ស​មក​ពី​ជុំវិញ​ពិភព​លោក ហើយ​រូបភាព​បុរស​ស្ត្រី​សាក់​ពេញ​ខ្លួន​ត្រូវ​បាន​ចែកចាយ​​ពាស​ពេញ​អនឡាញ ដោយ​អ្នក​ខ្លះ​បិទ​បាំង​តែ​កន្លែង​កេរខ្មាស ព្រោះ​ចង់​រំលេច​ការ​រចនា​រូប​សាក់​​ឲ្យ​សព្វ​។

រដ្ឋមន្ត្រី​ទេសចរណ៍ ​ដើម​ឡើយ​បាន​គាំទ្រ​កម្មវិធី​​ពិព័រណ៍​រយៈពេល ​៣ ថ្ងៃ​ ដែល​​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​​ថ្មីៗ​នេះ។ ប៉ុន្តែ​​ក្រោយ​ពី​លោក​បាន​ឃើញ​រូបភាព​ចែកចាយ​តាម​អនឡាញ លោក​បាន​​ច្រានចោល​ថា ពិព័រណ៍​ចាក់​សាក់​ម៉ាឡេស៊ី មិន​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​ទន់ភ្លន់ ​ស្រគត់​ស្រគំ​​របស់​ប្រជាជន​អាស៊ីអាគ្នេយ៍​​នោះ​ទេ។

លោក​រដ្ឋមន្ត្រី​​ Mohammadin Ketapi បាន​ថ្លែង​​ថា៖ «មិន​អាច​ទៅ​រួច​ទេ ​រដ្ឋមន្ត្រី​​អនុញ្ញាត​ឲ្យ​មាន​កម្មវិធី​ពោរពេញ​ដោយ​សកម្មភាព​អាសអាភាស​ដូច្នោះ​ទេ»។

រូបភាព​បិទបាំង​តែកេរខ្មាសដើម្បីបង្ហាញស្នាមសាក់​​ នៅម៉ាឡេស៊ី​។ រូបថត AFP

លោក​បញ្ជាក់​ថា៖ «នេះ​មិនមែន​ជា​វប្បធម៌​ម៉ាឡេស៊ី​យើង​ទេ។ ប្រជាជន​យើង​ភាគ​ច្រើន​ជា​មូស្លីម»។

លោក​បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត និង​ព្រមាន​ដល់​អ្នក​រៀបចំ​កម្មវិធី ដោយ​ពួក​គេ​ក៏​អាច​​​ប្រឈម​ចំពោះ​មុខ​ច្បាប់​ផង​ដែរ។

អាជ្ញាធរ​បាន​បញ្ជាក់​បន្ថែម​ថា មិន​មាន​ការ​​អនុញ្ញាត​ឲ្យ​កម្មវិធី​នោះ​រៀបចំ​ក្បួន​ដង្ហែ​អាក្រាត​ល្វែង​លើ​ឡើយ។ កន្លង​មក​​កម្មវិធី​ពិព័រណ៍​ចាក់​សាក់​អន្តរជាតិ ដែល​ធ្វើ​នៅ​ដែន​កោះ​បូណេអូ​របស់​ម៉ាឡេស៊ី​ ក៏​មិន​មាន​រូបភាព​​អត់​សម្លៀក​បំពាក់​ចំហ​ប្រាណ​ខាង​លើ​ដូច្នោះ​ដែរ។

ប្រមាណ ៦០ ភាគរយ ​​នៃ​​ប្រជាជន​សរុប​នៅ​ប្រទេស ​ម៉ាឡេស៊ី ជា​ពលរដ្ឋ​មូស្លីម ដែល​​​រិះគន់​ថា​សាសនា​​អ៊ិស្លាម​​នៅ​ប្រទេស​នេះ​កំពុង​តែ​ប្រណិប័តន៍​ប្រពៃណី​ដ៏​ធូរ​រលុង នាំ​ឲ្យ​​ការ​អភិរក្ស​សាសនា​​មិន​ល្អ​ខ្ជាប់ខ្ជួន៕ AFP