ក្រុង​សៀមរាបៈ ទោះបី​ពុំឆ្លងកាត់​រៀន​ជំនាញ​សិល្បៈ​មែន​ក្តី តែ​ថ្វីដៃ​កែច្នៃ​ម៉ូដ​សម្លៀក​បំពាក់​បុរាណ​ប្លែកៗ​គ្រង​ឈុត​តុក្កតា​របស់​សិល្បករ​ខ្មែរ​វ័យ ២៦ ឆ្នាំ កំពុង​តែ​ទាក់​ចំណាប់​អារម្មណ៍​ទេសចរ​បរទេស និង​ខ្មែរ​អាណិក​ជន ជាវ​ទុក​ជា​វត្ថុ​អនុស្សាវរីយ៍​យ៉ាង​ផុស​ផុល។

តែ​ក្រោយពី​ខិតខំ​ចំណាយពេល​អស់ ៧ ខែ បង់កម្លាំង​កាយ ចំណាយ​អស់​ធនធាន​ប្រាក់​រាប់​ពាន់​ដុល្លារ​មក ដើម្បី​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​រចនា​បែប​ខ្មែរ ដែល​សង្ឃឹម​ថា អាច​នាំយក​តាំង​បង្ហាញ​សាធា​រណជន​ទស្សនា និង​ស្វែង​យល់​កាល​ពី ២ ឆ្នាំ​មុន មក​ទល់​ពេល​នេះ ក៏​កម្រង​ស្នាដៃ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​តំណាង​ស្ត្រី​ទូទាំង ២៥ ខេត្ត-ក្រុង របស់​លោក ជៀប ស៊ី​បូរ៉ា នៅ​តែ​ពុំ​ទាន់​អាច​មាន​ឱកាស​រក​ទីកន្លែង​ដាក់​តាំង​បង្ហាញ​នៅ​ឡើយ​ដោយ​ខ្វះ​ការ​គាំទ្រ។

លោក ជៀប ស៊ី​បូរ៉ា ដែលមាន​ទេពកោសល្យ​ផ្នែក​សិល្បៈ​អតីត​ជា​និស្សិត​ជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យា រៀប​រាប់​ពី​ការ​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ជា​ម៉ូដ​នៃ​ឈុត​សម្លៀក​បំពាក់​បុរាណ​បែប​ខ្មែរ​នេះ​ថា៖ «ខ្ញុំ​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ២០១៣ មក គឺ​យក​តុក្កតា​បាប៊ី​ច្នៃ​ជា​អ្នក​គ្រង​ឈុត​ម៉ូដ​នានា។ ទោះបី​ជា​ខ្ញុំ​មិន​បាន​រៀន​ជំនាញ​សិល្បៈច្នៃ​ម៉ូដ​មែន តែ​ខ្ញុំ​ចូលចិត្ត​មើល​សៀវភៅ​ម៉ូដ និង​សិល្បៈ​ច្រើន ទើប​ជក់​ចិត្ត​រហូត​សាក​ល្បង​ធ្វើ​វា​រហូត​មក។ ម្យ៉ាង​ទៀត​នេះ​ជា​ការងារ​ក្រៅ​ពី​ជំនាញ​រៀន​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ»។

លោក ជៀប ស៊ីបូរ៉ា​ អ្នកច្នៃ​ម៉ូដឈុតបាប៊ី។ Bora Apsara Barbie

កំលោះ​រៀន​ព័ត៌មានវិទ្យា តែ​ដុង​សិល្បៈ​រូបនេះ​បន្តថា៖ «ទោះ​ដំបូង​ឡើយ​ពុំមាន​អ្នកគាំទ្រ​ក្តី លុះ​ក្រោយ​ឃើញ​មាន​ការ​គាំទ្រ​ពី​បងប្អូន​ខ្មែរ និង​ជន​បរទេស ជា​បណ្តើរ។ តែ​ភាគ​ច្រើន​អ្នក​ជាវ​វត្ថុ​នេះ​គឺជា​បរទេស និង​ខ្មែរ​អាណិក​ជន ហើយ​ខ្ញុំ​ក៏​មិន​ទាន់​បាន​បើក​ជា​កន្លែង​សម្រាប់​ច្នៃ​លក់​ជា​របរ​ធំដុំ​នៅ​ឡើយ​ដែរ គ្រាន់​តែ​ឆ្លៀត​ធ្វើ​ពេល​មាន​គេ​កុម្ម៉ង់​គឺ ១ តម្លៃ​ចន្លោះ​ពី ៣០ ដុល្លារ ទៅ ៥០ ដុល្លារ ខណៈ​ខ្ញុំ​ក៏ត្រូវ​ចំណាយ​ពេល ២-៣ ថ្ងៃ ឯណោះ​ទើប​បាន ព្រោះ​ត្រូវ​ប៉ាក់​ឌិន ដាំ​អង្កាំ និង​ជ្រើស​ក្រណាត់​សូត្រ​ខ្មែរ​មក​កាត់​ច្នៃ​ជា​ម៉ូដ»។

ឈុត​សម្លៀកបំពាក់​ស្ត្រី​ខ្មែរ​ទាំង ២៥ ខេត្ត-ក្រុង​នោះ​រួមមាន ភ្នំពេញ​ឈុត «រាជិនី​ទីក្រុង​គជ់» បាត់ដំបង​ឈុត «ព្រះ​ប្រពៃ​ស្រព» កំពង់ស្ពឺ​ឈុត «មន្ត​ស្នេហ៍​រកា​សួគ៌» ប៉ៃលិន «មយូរ៉ា» មណ្ឌលគិរី​ឈុត «រុក្ខទេវី» សៀមរាប​ឈុត «នាង​ទេពអប្សរ» ឧត្តរ​មានជ័យ​ឈុត «នាដ​ស្ត្រី» ក្រចេះ​ឈុត «ទេវវារី» កោះកុង​ឈុត «សុវណ្ណ​មច្ឆា» ត្បូងឃ្មុំ​ឈុត «នារី​ទសវត្សរ៍​ ទី៩០» រតនគិរី​ឈុត «ភូមិ​រីធីតា» កំពត «អភិជន​និយម​បារាំង» កណ្តាល «ធរណី​មាតា» ស្ទឹងត្រែង «គង្គា​ទេវី» កំពង់ចាម​ឈុត «បទុម​ទេវី» កែប​ឈុត «ទេវី​ស្រី​សមុទ្រ» ព្រៃវែង​ឈុត «កុល​ស្ត្រី​ខ្មែរ» កំពង់ឆ្នាំង​ឈុត «នារី​កុលា​ភាជន៍» បន្ទាយ​មានជ័យ «សោភ័ណ​ស្ត្រី» កំពង់ធំ «ម​ហិង្សា​នារី» ពោធិ៍សាត់ «បុប្ធា​ផ្សង​ទៀន» ស្វាយរៀង​ឈុត «វីរ​ស្ត្រី» ព្រះសីហនុ​ឈុត «សិង្ហ​អប្សរ» តាកែវ «សុវណ្ណ​ហង្ស» និង​ព្រះវិហារ​ឈុត «គិរី​ស្វរទេវី»៕

ប៉ៃលិនឈុត «មយូរ៉ា»។ ​​Bora Apsara Barbie

ពោធិ៍សាត់ ឈុត«បុប្ធាផ្សងទៀន»។​ Bora Apsara Barbie ​

ព្រះវិហារឈុត«គីរីស្វរទេវី»។​ Bora Apsara Barbie

កំពង់ធំឈុរ«មហិង្សានារី»។ Bora Apsara Barbie ​

កណ្តាលឈុត«ធរណីមាតា»។Bora Apsara Barbie

ព្រៃវែងឈុត«កុលស្រ្តីខ្មែរ»។ Bora Apsara Barbie ​​

កោះកុងឈុត«សុវណ្ណមច្ឆា»។ ​​Bora Apsara Barbie