ភ្នំ​ពេញៈ​ ហាក់​ដូចជា​មាន​ភាព​ប្រែប្រួល​បន្តិច​ទៅ​នឹង​សារ​បង្ហោះ​តាម​ហ្វេបស៊ុក​​ របស់​លោក ហេង ឡុង ជា​ម្ចាស់​ចិត្ត​​របស់​អ្នកនាង ចន ច័ន្ទ​លក្ខិណា ពាក់​ព័ន្ទ​នឹង​រឿង​ចេញ​មុខ​ជួយ​អតីត​ជា​គ្រូ​អគ្គិនេត្រ​ ដែល​ល្បី​ឈ្មោះ​មួយ​ប្រ៉ាវ​តាម​បណ្តាញ​សង្គម​ ខណៈ​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធធនាគារ​នោះ​។​

ផ្តើម​ចេញ​ពី​​ការ​អា​ណិត​អា​សូរ​ដល់​ក្មេង​កំ​ព្រា​គឺ​ គ្រូ​អគ្គី​នេត្រ​ ទើប​​បុរសជា​អ្នក​ជំនួញ​​​ មុខ​ស្រស់​លោក​ ហេង​ ឡុង​ បាន​​បង្ហោះ​សារ​មួយ​សុំ​យោ​បល់​ពី​មហា​ជន​មួយ​ថា៖​«តើ​បងប្អូន​​គាំទ្រ​ទេ បើ​ខ្ញុំធានា​​គ្រូ​អាគី​នេត្រ​​ចេញ​ពីគុក? ​ មួយ​ជី​វិត​គាត់​មាន​ស្នា​ដៃ​តែ​ក្នុង​រឿង​ បណ្តោង​ឆ្នាំង​ដី​ តែ​ប៉ុណ្ណោះ​ កំ​ព្រា​ឪ​ពុក​ម្តាយ​តាំង​មិន​ទាន់​ដឹង​ក្តី​លួច​រៀន​តាម​បង្អួច​ លោក​យាយ​គាត់​បាន​យំ​ប្រាប់​ខ្ញុំ​ហើយ​។​ បើ​បាន​ ៥០០០​ share ខ្ញុំ​នឹង​ធា​នា​គាត់​ចេញ មនុស្ស​ណា​ក៏​ធ្លាប់​ខុស​ដែរ​ តែ​សំ​ខាន់​មាន​ឳកាស​ហើយ​កែ​ខ្លួន​រឺ​អត់​?»។​

បន្ទាប់​ពី​​ឃើញ​សារ​​ ចង់​​ធា​នា​ខ្លួន​គ្រូ​អគ្គី​នេត្រ​ល្បី​ថា​កាប់​មិន​មុត​ ដុត​មិន​ឆេះពាក់​ពន្ធ​នឹង​រឿង​ជួញ​ដូរ​គ្រឿង​ញៀន​ពី​​គ​ណីយ​ហ្វេស​ប៊ុក​ លោក​ ហេង​ ឡុង​ ដែលជា​គូ​​ស្នេហ៍​អ្នក​នាង​ ចន​ ច័ន្ទ​លក្ខិណា​ មួយ​ស្របក់​មកនោះ ក៏​បាន​ធ្វើ​ឲ្យ​អ្នក​លេង​​បណ្តាញ​សង្គម​ទាំង​អស់​មាន​ការ​រិះ​គន់​​​ខ្លាំងផង​ដែរ​ដល់​លោក​​ មាន​ទាំង​​អ្នក​សិល្បៈ​ និង​មហា​ជន។​

ទាក់​ទង​នឹង​​រឿង​នេះ​ដែរ​ លោក​ ហេង​ ឡុង​ បាន​បង្ហើប​ប្រាប់​មក​ភ្នំ​ពេញ​ប៉ុស្តិ៍​តាម​ទូរ​សព្ទ​ថា​៖​«​កាល​ដែល​ខ្ញុំ​ចង់​ជួយ​នេះ​គឺ​ដោយ​សារ​ ក្នុង​នាម​ខ្លួនជា​ប្រ​ធាន​សមា​គម​តា​រា​ គឺ​ត្រូវ​ជួយ​គ្រប់​តា​រា​សិល្បៈ​ទាំង​អស់​ ថ្វី​ត្បិត​តែ​គាត់​(គ្រូ​ អគ្គី​នេត្រ​)បាន​ថត​រឿង​ទើប​តែ​មួយ ​ក៏​មាន​ឈ្មោះ​ថា​ជា​តា​រា​ដែរ​។ ចឹង​គាត់​ក៏​មាន​សិទ្ធិ​​ក្នុង​ការ​ទ​ទួល​បាន​ មេ​ធា​វី​សម្រាប់​​ដោះ​ស្រាយ​រឿង​ក្តី យ៉ាង​ហោ​ច​ណាស់​ក៏​​សម្រាល​ទោស​ខ្លះ ប្រ​សិន​បើ​ចៅ​ក្រម​មិន​ទាន់​ជម្រះ​ក្តី​ហើយ​​»​។

លោក​ ហេង​ ឡុង​ ក៏​បាន​ប្រាប់​ពី​អា​រម្មណ៍​ដែល​លោក​ត្រូវ​ទ​ទួល​រង​ការ​រិះ​គន់​មក​លើ​រូប​គាត់​ដែរ​ថា៖​«​ប្រ​ហែល​ជា​ពួក​គាត់​គិត​ថា​ខ្ញុំ​នឹង​ធា​នា​ខ្លួន​ គ្រូ​អគ្គី​នេត្រ​ ចេញ​មក​ភ្លាមៗ​ហើយ​មើល​ទៅ​ ខ្ញុំ​យល់​អា​រម្មណ៍​ពួក​គាត់​ តែ​ខ្ញុំ​ចង់​ប្រាប់​ថា​ខ្ញុំ​មិន​មាន​អំ​ណាច​អី​ធ្វើ​អោយ​មនុស្ស​ជាប់​ឃុំ​ ចេញ​មក​ខាង​ក្រៅ​ឃុំ​បាន​ទេ​ គ្រាន់​តែ​ចង់​ជួយ​អោយ​សម្រាល​ទោស​ខ្លះ​ប៉ុណ្ណោះ បើ​សិន​ជា​ អគ្គី​នេត្រ​ គាត់​ចង់​ឲ្យ​​ជួយ​​»​។​

ដើម្បី​កុំ​ឲ្យ​​កាន់​តែ​មាន​ការ​យល់​ច្រ​ឡំ​ និង​មាន​ការ​រិះ​គន់​កាន់​តែ​ខ្លាំង​ជាង​នេះ​​ ពា​ណិជ្ជ​ករ​ ព្រម​ទាំង​ម្ចាស់​ផលិត​កម្ម​ភាព​យន្តស្នាដៃបំបូង​រឿង«បន្តោងឆ្នាំងដី»​​ ជា​គូស្នេហ៍​អ្នក​នាង​ ចន​ ចន្ទ​លក្ខិណា​ លោក​ ហេង​ ឡុង​ បាន​បង្ហើប​ទៀត​ថា​ លោក​នឹង​​ធ្វើ​ការ​ពន្យល់​ដល់​មហា​ជន​ទាំង​អស់​នៅ​ថ្ងៃ​ស្អែក​នេះ៕