ក្រុង​ឡុងដ៍៖ បុប្ផា និង​រុក្ខជាតិ​រាប់​លាន​ដើម​ត្រូវ​បាន​បោះ​ចោល គ្មាន​ស្ដាយ​ស្រណោះ​។ ឧស្សាហកម្ម​​ផ្កា និង​រុក្ខជាតិ​​លម្អ​នៅ​អង់គ្លេស អាច​​នឹង​​ដួល​​ទាំង​ស្រុង​នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត ដោយសារ​តែ​​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​ទូទាំង​សកល​លោក។

សមាគម​ពាណិជ្ជកម្ម​ផ្កា (HTA) ដែល​តំណាង​ឲ្យ​មជ្ឈមណ្ឌល​ដំណាំ​លម្អ ១ ៤០០ កន្លែង​ទូទាំង​ចក្រភព​អង់គ្លេស ​​ទទូច​សុំ​ជំនួយ​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល ដើម្បី​ទ្រទ្រង់​ឧស្សាហកម្ម​​ក្នុង​កាលៈទេសៈ​ដ៏​យ៉ាប់យ៊ឺន​បំផុត​នេះ។

លោក ជេមស៍ បានណ៍ ប្រធាន​សមាគម HTA ​​​ប្រកាស​ថា៖ «យើង​ជួប​​ព្យុះ​​អាក្រក់​បំផុត​នៅ​អង់គ្លេស»។

លោក​បន្ត​ទៀត​ថា៖ «អាកាសធាតុ​តាម​រដូវកាល និង​កត្តា​មិន​អាច​ថែរក្សា​ផ្កា​ទុក​បាន​យូរ ធ្វើ​ឲ្យ​អ្នក​ដាំ​ផ្កា​ងាយ​​ប្រឈម​នឹង​ការ​ខាតបង់​កាន់​តែ​ខ្លាំង​ពី ​១ ថ្ងៃ ទៅ ​១ ​ថ្ងៃ»។

សមាគម​ដំណាំ​ផ្កា​​ស្នើសុំ​រដ្ឋាភិបាល​​នូវ​ជំនួយ​ហិរញ្ញវត្ថុ ៣០៩ លាន​ដុល្លារ​អាមេរិក ដើម្បី​ទ្រទ្រង់​ការ​ដួល​រលំ។

ប្រធាន​សមាគម HTA បាន​ឲ្យ​ដឹង​ថា៖ «រហូត​ដល់​ខែ​ឧសភា មិន​សង្ឃឹម​​​​​ថា​ មាន​ដំណើរ​ការ​លក់ដូរ​ ខណៈ​​​ពេល​​នេះ ធ្លាប់​ជា​វេលា​ដ៏​សំខាន់​ក្នុង​វិស័យ​ដាំដុះ​លក់​ផ្កា និង​ដំណាំ​លម្អ»។

តាម​ការ​ប៉ាន់ស្មាន នៅ​អង់គ្លេស​មាន​​ចំនួន​អ្នក​ដាំ​ផ្កា​​ប្រមាណ ២៣ លាន​នាក់ ដែល​តាម​ទម្លាប់​ពួក​គេ​ត្រូវ​ទៅ​ហាង​រក​ទិញ​ពូជ​ផ្កា និង​ដំណាំ​យក​​មក​ដាំ​​នៅ​ផ្ទះ​អំឡុង​ខែមេសា​​នេះ​។​

មាន​អាជីវកម្ម​ ៦៥០ ក្រុមហ៊ុន​ទៀត នៅ​អង់គ្លេស ដែល​ត្រូវ​ការ​ផលិតផល​ទាំង​នោះ​មក​ផលិត​​ជា​គ្រឿង​តុបតែង​លម្អ។ មនុស្ស ១៥ ០០០ នាក់ បម្រើ​ការ​ផ្ទាល់​ក្នុង​ឧស្សាហកម្ម​ដែល​មាន​តម្លៃ​ស្មើ​នឹង ១,៤ ពាន់​លាន​ផោន។

តារា​ទូរទស្សន៍​​ប្រចាំ​កម្មវិធី​សួន​ផ្កា និង​​ដំណាំ Alan Titchmarsh បាន​ត្អូញត្អែរ​ថា៖ «យើង​​រក​ផ្កា​មក​បំពេញ​ន័យ​​ដល់​ជីវិត ​ពេល​​សម្ងំ​នៅ​ផ្ទះ​​ តែ​ស្ថានភាព​​កាន់​តែ​យ៉ាប់​»៕