ភ្នំពេញៈ ដោយសារ​តែ​ចង់​ឲ្យ​មាន​គំនិត​ច្នៃប្រឌិត​ថ្មី តែ​មិន​ចោល​ទម្រង់​ដើម និង​ទទួល​បាន​ការឯកភាព​ពី​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផង​ដែរ​នោះ ក៏​ជំរុញ​ឲ្យ​លោក​គ្រូរបាំ​បុរាណ​ខ្មែរ​គ្រប់​ទម្រង់​វ័យ ៣២ ​ឆ្នាំ​លោក ហង់ ភូមិរ៉ា ដែល​ស្រទាប់​យុវវ័យ​ច្រើនតែ​ស្គាល់​គាត់​ក្នុង​តួអង្គ​របាំ​ទម្រង់​ល្ខោនខោល​ជា​តួយក្ស តួស្វា ជាពិសេស​តួអង្គ​យាយ​កន្តែរ៉ែ សម្រេច​ច្នៃ​នូវ​ទម្រង់​របាំ​រំដួល​បុរាណ​ទៅ​ជា​របាំ​សហសម័យ​ឲ្យ​មាន​លក្ខណៈ​រស់រវើក និង​ទាក់ទាញ​នូវ​ចំណាប់​អារម្មណ៍​អ្នកទស្សនា​។

លោក ហង់ ភូមិរ៉ា ជា​គ្រូរបាំ​ដែល​បាន​បញ្ចប់​ការសិក្សា​ផ្នែក​សិល្បៈ​របាំ​បុរាណ​ទម្រង់​ល្ខោនខោល និង​ជា​ប្រធាន​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី​រូបនេះ​បង្ហើប​ពី​ការយក​របាំ​រំដួល​បែប​បុរាណ​របស់​ក្រសួង​វប្បធម៌​មក​ច្នៃ​ជា​របាំ​រំដូល​សហសម័យ​ថា​៖ «​ដោយសារ​ចង់​ឲ្យ​ទម្រង់​របាំ​នានា​​មាន​លក្ខណៈ​សម្បូរបែប​តាម​សម័យ​ពោល​គឺ​ប្រែ​ក្លាយ​ជា​របាំ​សហ​សម័យ ព្រោះ​ថា​យើង​បាន​ឈរ​ទៅ​លើ​គោលការណ៍​រួមមួយ​ដោយ​ខ្ញុំ​ក៏​ទទួល​បាន​ការប្រឹក្សា និង​យល់ស្រប​ពី​ថ្នាក់​ក្រសួង​វប្បធម៌​ផង​ដែរ ចំពោះ​ការច្នៃ​របាំ​សហសម័យ​នេះ​គឺ​វា​មាន​លក្ខណៈ​រួមរក្សា​ទម្រង់​ដើម និង​រក​អ្វី​បន្ថែម​ថ្មី​លើ​របស់​ចាស់​ឲ្យ​មាន​លក្ខណៈ​សម្បូរ​រស់រវើក​។ មិន​ថា​តែ​របាំ​រំដួល​ដែល​ខ្ញុំ​បាទ​បាន​យក​មក​ច្នៃ​នេះ​ទេ សូម្បីតែ​របាំ​ដទៃ​ក៏​យើង​អាច​ច្នៃ​បង្កើតជា​របាំ​សហសម័យ​បាន​ដែរ​»​។

ក្រុម​បុរស​ដែល​សម្តែង​របាំ​រំដួល​សហសម័យ​នាពេល​ហាត់​សម​សម្តែង​។ រូបថត ហ្វេសប៊ុក

លោក ហង់ ភូមិរ៉ា ដែល​ជាប់​ងារ​ហៅថា «​យាយ​កន្តែរ៉ែ​» ធ្លាប់​បាន​បង្កើត​ស្នាដៃ​ធំ​មួយ​សម្រាប់​អាជីព​អ្នកសិល្បៈ​គឺ​ការដឹកនាំ​ក្រុម​របាំ​ចម្រុះ​ក្រមា ដែល​មាន​ក្រុមយុវជន​ចូលរួម​ចំនួន​ដល់​ទៅ​ ១០១៤ នាក់​កាលពី​ប្រារព្ធ​ពិធី​បើក​កីឡា​ជាតិ​លើក​ទី​ ២ ​នា​ឆ្នាំ​ ២០១៨ កន្លង​មក​នោះ​បន្ត​ថា​៖ «​ការច្នៃ​របាំ​បុរាណ​ទៅ​ជា​របាំ​សហសម័យ​នោះ​គឺ​មិនមែន​យើង​ធ្វើឲ្យ​ខូច​ទម្រង់​របស់​វា​ទេ គឺ​ការបង្កើត និង​បង្កើន​ឲ្យ​មាន​ភាពទាក់ទាញ​។ ខ្ញុំ​សូម​ទាញ​ជា​ឧទាហរណ៍​ទៅ​លើ​ទម្រង់​របាំ​ល្ខោនខោល​ដែល​ជា​ជំនាញ​ខ្ញុំ​ឲ្យ​ឃើញ​ចុះ ប្រសិន​បើ​យើង​មិន​បាន​រក​វិធី​ថ្មី​បន្ថែម ទៅលើ​ទម្រង់​ចាស់​នៃ​របាំ​ល្ខោនខោល​នោះ​ទេ ច្បាស់​ណាស់​សម្រាប់​អារម្មណ៍​អ្នកទស្សនា ពិតជា​មិន​សូវ​ចាប់អារម្មណ៍​ឡើយ​។ តែ​ប្រសិន​បើ​យើង​ប្រើ​វិធី​ប្លែកៗ​ខ្លះ​ដូចជា ឲ្យ​តួអង្គ​ស្វា ប្រែ​មក​សម្តែង​មាន​កាយវិការ​ស្និទ្ធស្នាល​ជាមួយ​ទស្សនិកជន​គឺ​ចុះ​មក​ក្រោម​ឆាក លលេង​នោះ ឬ​បង្កើត​ភាព​ក្រមិចក្រមើម​តាម​សភា​ពនៃ​តួអង្គ​ស្វា​នោះ​គឺ​ឃើញ​ថា​មាន​ការទាក់​អារម្មណ៍​អ្នកទស្សនា​សប្បាយ​រីករាយ​ជាមួយ​នឹង​ទស្សនីយភាព​នៃ​ក្រុម​របាំ​ជាង​មុន​ដែរ នេះ​ហើយ​ហៅថា​ច្នៃ​បន្ថែម​ឲ្យ​ថ្មី​នោះ​»​។

ក្រុម​ស្ត្រី​សម្តែង​របាំ​រំដួល​សហសម័យ​នៅលើ​ឆាក​នាពេល​កន្លងមក​។ រូបថត ហ្វេសប៊ុក

ក្រោយពី​ច្នៃ​របាំ​រំដួល​បុរាណ​មក​បែប​ជា​របាំ​សហសម័យ​ឲ្យ​មាន​លក្ខណៈ​ប្លែក និង​ទទួល​បាន​ការកោតសរសើរ​ពី​គំនិត​ច្នៃប្រឌិត​ផ្នែក​សិល្បៈ​របាំ ដែល​ពុំមែន​ជា​ជំនាញ​ឯកទេស​ខ្លួន​មែន​ក្តី​នោះ​ក៏​លោកគ្រូ ហង់ ភូមិរ៉ា មាន​គម្រោងការ​មួយ​ទៀត​នៅ​ឆ្នាំ​ ២០២០ ផង​ដែរ​គឺ​ការបង្កើត​ក្រុម​របាំ​ចម្រុះ​ខ្នាត​ធំ​ឲ្យ​បាន​ចំពេល​បើក​ពិធី​កីឡា​ថ្នាក់ជាតិ​លើក​ទី​ ៣ ម្តង​ទៀត​ទើប​បាន​ស្ងប់​នូវ​សេចក្តីប្រាថ្នា​របស់​លោក​។

លោកគ្រូ ហង់ ភូមិរ៉ា ហៅ​យាយ​កន្តែរ៉ែ ក៏​បង្ហើប​បន្ថែម​ថា​៖ «​ចំពោះ​ខ្ញុំ នៅ​តែ​រក្សា​ចិត្ត​ចង់​សម្រេច​គម្រោងការ​មួយ​ទៀត បន្ទាប់ពី​ការដឹកនាំ​ក្រុម​របាំ​ក្រមា​យុវជន​ដោយ​កាលនោះ​មាន​សមាជិក​ចូលរួម​ចំនួន ១០១៤ នាក់​កាល​បើក​កម្មវិធី​កីឡា​ថ្នាក់ជាតិ​លើក​ទី​ ២ នៅ​ឆ្នាំ​ ២០១៨ នោះ​គឺ​ការបង្កើត​ក្រុម​របាំ​ចម្រុះ ដែល​មាន​ទ្រង់ទ្រាយ​ធំ មាន​សមាជិក​ចូលរួម​ជាង ១០០០ នាក់​ម្តង​ទៀត​។ ម្យ៉ាងទៀត​ទម្រង់​របាំ​ចម្រុះ​នេះ​ទាល់តែ​មាន​សមាជិក​ចូលរួម​ចាប់ពី ៥០០ ​នាក់​ឡើង​ទៅ​ទើប​មាន​លក្ខណៈ​សម​ជា​របាំ​ចម្រុះ​ល្អ​តាម​ទម្រង់​»៕

លោក ហង់ ភូមិរ៉ា ហៅ​យាយ​កន្តែរ៉ែ គ្រូរបាំ​ល្ខោនខោល​។ ហ្វេសប៊ុក