ភ្នំពេញ៖ ​​កម្ទេច​​ឈើ​ សំរាម និង​ក្រដាស​កាសែត​ដែល​ត្រូវ​បាន​​​បោះ​ចោល​ យក​មក​បិទ​កាវ​​ និង​តម្រៀប​ចេញ​ជា​រូបភាព​​ផ្សេងៗ​ ដើម្បី​ឲ្យ​កាន់​តែ​មាន​​ភាព​ទាក់ទាញ​ និង​ជា​ការ​ច្នៃ​ប្រឌិត​បែប​ថ្មី​ ក្រៅ​ពី​ការ​គំនូរ​​លើ​ជញ្ជាំង របស់​ក្រុម​ «ជក់ ​១ ​​ដើម​» ចាប់​ផ្តើម​ទទួល​បាន​ការ​គាំទ្រ​ បន្ទាប់​ពី​ដាក់​បង្ហាញ​នៅ​ក្នុង​​បណ្តាញ​សង្គម​​។

អ្នក​ជំនាញ​ខាង​គូរ​គំនូរ​លើ​ជញ្ជាំង​ជាង​ ១ ទសវត្សរ៍​ ដែល​គូ​បាន​គ្រប់​ទម្រង់​គំនូរ​ជា​ 2D និង​ 3D លោក មែន បារាំង ដែល​​មាន​ឈ្មោះ​ពិត​ ហ៊ែល ធុច​ ជា​ប្រធាន​ក្រុម​នៃ​ក្រុម​ ជក់ ​១ ដើម​ បាន​ថ្លែង​មក​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖​ «​ខ្ញុំ​បាន​យក​​កម្ទេច​ឈើ​ពុកៗ​ សំរាម ​កម្ទេច​ថ្ម​អាចម៍​ផ្កាយ​ កន្ទុយ​បារី​ ក្រដាស​កាសែត​ ដប​ទឹកសុទ្ធ​ ប្លាស្ទិក​ និង​របស់​ផ្សេងៗ​ទៀត​ដែល​គេ​បាន​បោះ​ចោល​ ហើយ​គិត​ថា​វា​ប្រើ​ការ​លែង​បាន​ និង​យក​មក​​កែច្នៃ​ជា​រូប​ផ្សេងៗ​ ដែល​អាច​មាន​តម្លៃ​ និង​ដាក់​លក់​នៅ​លើ​ទីផ្សារ​បាន​​»។

អតីត​នៃ​សមាជិក​ក្រុម​ សិល្បៈ​​គំនូរ​លើ​ជញ្ជាំង​ដែល​បាន​បំបែក​​ក្រុម​មក​មាន​កូន​ក្រុម​ត្រឹម​ ៣ ទៅ​ ៤ នាក់​ ហៅ​ថា​ ក្រុម​ជក់ ​១ ដើម​ ដែល​សមាជិក​​ខ្លះ​នៃ​ក្រុម​​​ជា​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​​វិចិត្រ​សិល្បៈ​បាន​បញ្ចប់​ឈ្មោះ​ជា​និស្សិត ​ដើម្បី​ចាប់​ជំនាញ​ខាង​គំនូរ​ឲ្យ​កាន់​តែ​ច្បាស់​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ ទៅ​លើ​គំនូរ​លើ​ជញ្ជាំង​ ការ​ច្នៃ​វត្ថុ​ផ្សេងៗ (សំរាម​ ប្លាស្ទិក និង​កម្ទេច​​ឈើ​....) ដែល​គេ​បោះ​ចោល​មក​ធ្វើ​ជា​រូប​ភាព​ផ្សេងៗ​ និង​គូរ​ជា​គំនូរ​ទាក់ទង​ទៅ​នឹង​បញ្ហា​បរិស្ថាន។

លោក​ មែន​ បារាំង​ បាន​បន្ត​ប្រាប់​ពី​មូលហេតុ​​ក្នុង​ការ​រៀប​របស់​​​​ដែល​គេ​បាន​បោះ​ចោល​មក​ផ្គុំ​ជា​រូប​ផ្សេងៗ​ទៀត​ថា​៖ ​«ទាក់ទង​ជាមួយ​នឹង​គំនូរ​ និង​ចម្លាក់​ នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​​មាន​គ្រប់​សព្វ​អស់​ហើយ។​​ ប៉ុន្តែ​​ចំពោះ​ការ​ដើរ​ប្រមូល​​​កម្ទេច​​កម្ទី​ សំរាម​​អីហ្នឹង​​នៅ​ស្រុក​ខ្មែរ​យើង​ដូច​ជា​មិន​សូវ​ឃើញ​មាន​ ហើយ​ក៏​គេ​មិន​សូវ​ឲ្យ​តម្លៃ​ដែរ។ យើង​​ក៏​ចង់​បង្កើត​អ្វីៗ​ដែល​ថ្មី​ ហើយ​ក៏​ចង់​ដាស់​គំនិត​របស់​ប្រជានជន​យើង​ឲ្យ​ដឹង​ថា កម្ទេច​កម្ទី​ទាំង​អស់​ហ្នឹង​សុទ្ធ​តែ​មាន​តម្លៃ​ទាំង​អស់​»។

សិល្បៈ​គំនូរ​ផុស​រូប​បក្សី​ទំ​លើ​មែក​ឈើ​ និង​ផ្ទៃក្រោយ​ជា​ក្រដាស​កាសែត​​​។ហុង មិនា

វា​ជា​ចំណាប់​អារម្មណ៍​​ខាង​ជន​​បរទេស​កុម្ម៉ង់​ទិញ​ជា​ហូរហែ​ដែល​លក់​ចេញ​ក្នុង​តម្លៃ​ ២៥ ទៅ ៣០ ដុល្លារ​ សម្រាប់​ជន​បរទេស និង ១០ ទៅ ១៥ ដុល្លារ​សម្រាប់​​ភ្ញៀវ​ក្នុង​ស្រុក​។

គួរ​បញ្ជាក់​ថា​ ការ​ផ្គុំ​វត្ថុ​ផ្សេងៗ ​(​កម្ទេច​ឈើ សំរាម ប្លាស្ទិក...)​ ដែល​គេ​បោះ​ចោល​នេះ អាច​ផ្គុំ​បាន​នៅ​លើ​ជញ្ជាំង​ថ្ម ជញ្ជាំង​ដែក ផ្ទាំង​ថ្ម កញ្ចក់​ និង​លើ​ប្រភេទ​ជ័រ​ ដែល​អាច​បាន​ជា​រូប​​ផ្ទះ​ ដើម​ឈើ​ រុក្ខជាតិ សត្វ និង ​ប្រាសាទ​អង្គរ​វត្ត​ រួម​ទាំង​រូបភាព​ផ្សេងៗ​ទៀត ដោយ​អាច​ប្រើប្រាស់​កាវ​បាន ​៣ ប្រភេទ​ ដូច​ជា​ កាវ​ទៀន កាវ 502 និង​កាវ​បិទ​កញ្ចក់​ និង​បន្ថែម​ពណ៌​ឲ្យ​ស៊ី​ទៅ​នឹង​រូបភាព​ ដែល​ទំហំ​ ៤០-៥០ សង់​ទីម៉ែត្រ ប្រើ​រយៈពេល​ផ្គុំ​រហូត​ដល់​ ២ ទៅ ៣ ម៉ោង​ ឬ ​១ ថ្ងៃ​ពេញ ​ទៅ​តាម​ប្រភេទ​រូបភាព​។

ទាក់ទង​នឹង​ការ​បើក​សាលា​បង្រៀន​គូរ​គំនូរ​ដោយ​មិន​គិត​ថ្លៃ​​​ ប្រធាន​​​ក្រុម​ជក់ ​១ ដើម​ រូប​​នេះ​ បាន​បញ្ជាក់​ថា​ លោក​នឹង​មាន​គម្រោង​បើក​នៅ​អំឡុង​ខែ មេសា និង​ឧសភា ខាង​មុខ​នេះ​ ដោយ​មាន​លោក​ជា​អ្នក​គ្រប់គ្រង​ និង​ទទួល​បាន​ជំនួយ​ពី​មិត្តភក្តិ​​ជា​ជនជាតិ​ជប៉ុន​​។

ស្ថាបនិក​នៃ​ក្រុម​ជក់ ​១ ដើម លោក​ មែន បារាំង​ បាន​បន្ថែម​​​ថា​៖​ «​ចំពោះ​ការ​បើក​សាលា​នេះ​​ យើង​ទទួល​បាន​ជំនួយ​មក​ពី​ជនជាតិ​ជប៉ុន​ ដែល​គាត់​បាន​ផ្តល់​ជា​ទីកន្លែង និង​សម្ភារៈ​ ក៏​ដូច​ជា​ថវិកា​។ ចំណែក​ឯ​ខ្ញុំ ​គឺ​ជា​អ្នក​គ្រប់គ្រង​ដោយ​ចាត់​ចែង​ទាំង​​ការ​បង្រៀន​ និង​រក​គ្រូ​មក​បង្រៀន​។ ​​សាលា​​​នឹង​ទទួល​សិស្ស​បែង​ចែក​ជា​ ២ គឺ​សិស្ស​ដែល​មាន​លទ្ធភាព​ក្នុង​ការ​បង់​ថ្លៃ​សិក្សា​ក្នុង​ ១ ខែ ១០ ដុល្លារ និង​សិស្ស​ដែល​គ្មាន​លទ្ធភាព​ ប៉ុន្តែ​មាន​បំណង​ចង់​ក្លាយ​ជា​ជាង​​គំនូរ​អាជីព​»។

គំនូរ​ដើម​ត្នោត​រចនា​បន្ថែមដោយ​កម្ទេច​សំរាម​។ហុង មិនា

ក្នុង​ការ​បង្រៀន​ត្រូវ​បែង​ចែក​ជា​ ៣ វគ្គ​ធំៗ ដែល ​១ វគ្គ ​ត្រូវ​ចំណាយ​ពេល​​ដល់​ ២ ទៅ ៣ ខែ ។ សម្រាប់​វគ្គ​ទី ១ ត្រូវ​រៀន​អំពី​ខ្នាត​​រូបភាព​គ្រប់​ប្រភេទ​ វគ្គ​ទី ២ រៀន​អំពី​របៀប​លាយ​ពណ៌ និង​វគ្គទី ៣ ជា​វគ្គ​ទ្រឹស្តី ដែល​ត្រូវ​​មាន​​ទាំង​វគ្គ​ទី ១ និង​វគ្គទី​ ២ បញ្ចូល​គ្នា​ ព្រម​ទាំង​​អនុវត្ត​ផ្ទាល់​​​លើ​ជញ្ជាំង​ ឬ​ផ្ទាំង​ក្រណាត់​ ដោយ​បង្រៀន​តែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ។ វា​បែងចែក​ជា​ ២ វេន ពេល​ព្រឹក​ និង​ពេល​ថ្ងៃ ដែល​មាន​ ២ ម៉ោង​។

លោក​ បារាំង​ បាន​បញ្ជាក់​ពី​ការ​គិត​តម្លៃ​សិក្សា​​​លើ​សិស្ស​ដែល​មាន​ជីវភាព​ធូរធារ​ថា​៖​ «១០ ដុល្លារ ដែល​យើង​យក​មក​ពី​សិស្ស​ យើង​បែង​ចែក​ជា​ ៣។ ​​ទី​ ១ យើង​ទុក​សម្រាប់​ផ្គត់ផ្គង់​ទឹក ភ្លើង​ក្នុង​សាលា ទី​ ២ ត្រូវ​​បែងចែក​ទៅ​ដល់​គ្រូ​បង្វឹក​ខ្លះ​ និង​ទី​ ៣ គឺ​ត្រូវ​មាន​កញ្ចប់​ថវិកា​មួយ​​​សល់​ពី​ការ​ចំណាយ​ទាំង​អស់​យក​ទុក​នៅ​ក្នុង​ហិប​ សម្រាប់​យក​មក​ទិញ​ដូច​ជា​អាហារ​ និង​សម្ភារ​រៀន​សូត្រ។ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​គ្រប់គ្រង​ ខ្ញុំ​មិន​​ប៉ះពាល់​លុយ​ទាំង​នោះ​ទេ ព្រោះ​យើង​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ដៃគូ​ហើយ​ ហើយ​ខ្ញុំ​ក៏​នឹង​ជួយ​ទៅ​តាម​លទ្ធភាព​ដែល​ខ្ញុំ​អាច​ជួយ​ទៅ​បាន​ ដែល​ខាង​ជប៉ុន​ក៏​មិន​បាន​ទាមទារ​អ្វី​ពី​យើង​​​ គ្រាន់​តែ​ជា​ទឹក​ចិត្ត​ដែល​យើង​ចង់​ជួយ​ប៉ុណ្ណោះ​»។

ដើម្បី​ឲ្យ​សិល្បៈ​គំនូរ​ និង​ការ​ច្នៃ​ប្រឌិត​ដោយ​យក​របស់​ផ្សេងៗ​ដែល​​គេ​បោះ​ចោល​មក​ច្នៃ​ជា​រូប​ផ្សេងៗ​នេះ​ឲ្យ​កាន់​តែ​ប្លែក​ និង​​កាន់​តែ​ថ្មី​ជាង​មុន​ លោក​ មែន បារាំង​ ក៏​បាន​បន្ថែម​ទៀត​ថា​៖​ «​ក្នុង​ពេល​ឆាប់ៗ​នេះ​ ខ្ញុំ​ក៏​​គ្រោង​ថា​នឹង​យក​ថង់​ប្លាស្ទិក​មក​​រៀប​ធ្វើ​ជា​ទីក្រុង​មួយ​​ដែល​ពោរ​ពេញ​​ដោយ​សំរាម​ ដែល​យើង​មាន​ជា​រូប​ឡាន​ស៊ីនទ្រី​ ធុង​សំរាម​ មាន​មនុស្ស​ដើរ​ មាន​​អគារ​ ដែល​ប្រធាន​បទ​ទាក់ទង​នឹង​បរិស្ថាន​ទាំង​អស់​ ហើយ​ក៏​សង្ឃឹម​ថា​ ប្រជាជន​យើង​នឹង​​​ឃើញ​រូបភាព​នេះ​ហើយ​នឹក​ឃើញ​ដល់​បរិស្ថាន​របស់​យើង​ និង​ជួយ​ការពារ​បរិស្ថាន​ឡើង​វិញ​»។

លោក​ បារាំង បាន​បញ្ជាក់​ថា «​ខ្ញុំ​ក៏​នឹង​ផ្សព្វផ្សាយ​ពី​ការ​យក​ប្រភេទ​​កម្ទេច​ឈើ​ ឬ​សំរាម​ដើម្បី​ផ្គុំ​​ក្នុង​ហាង​ផ្សេងៗ ដែល​​រូប​ភាព​ផ្គុំ​ទាំង​នោះ​ យើង​អាច​រក្សា​ទុក​បាន​រហូត​ដល់ ២ ទៅ​ ៣ ឆ្នាំ ឬ​លើស​ពី​នេះ។​ បើ​សិន​ជា​ម្ចាស់​ហាង​ថែ​បាន​ល្អ​ លើកលែង​តែ​ឈូស​ចោល​ប៉ុណ្ណោះ បើ​ត្រឹម​តែ​យក​អំបោស​ស្លាប​មាន់​មក​បោស​ វា​មិន​អាច​ជ្រុះ​នោះ​ទេ»៕