ភ្នំពេញ: ខណៈ ឃីម ម៉ាឡែន កំពុង​រៀន​ជំនាញ​មគ្គុទ្ទេសក៍​នៅ​តំបន់​ប្រវត្ដិសាស្ដ្រ​ខេត្ដ​សៀមរាប លោក​សម្គាល់​ឃើញថា នៅ​មាន​ឱកាស​ធ្វើ​ឲ្យ​ប្រសើរឡើង​ក្នុង​សេវាកម្ម និង​ទីផ្សារ​ទេសចរណ៍​។ ដូច្នេះ​លោក​សម្រេចចិត្ដ​ធ្វើការ​ជាមួយ​មិត្ដភក្ដិ​ពី​កុមារភាព​ឈ្មោះ លីម សេងតុង ដើម្បី​បង្កើត​វេបសាយ​ទេសចរណ៍​ថ្មី​ដើម្បី​សម្រួល​ដល់​ភ្ញៀវទេសចរ​កក់​មគ្គុទ្ទេសក៍​ដោយផ្ទាល់​ហើយ​មគ្គុទ្ទេសក៍​ដែលមាន​សមត្ថភាព​អាច​ដាក់​ពាក្យ​ធ្វើ​ជា​សមាជិក​បាន​។

នោះ​ជា Guide Direk ដែល​បើក​ដំណើរការ​ផ្លូវការ​កាលពី​ខែ​មុន​ដោយ​ក្រុមហ៊ុន​ចុះបញ្ជី Matong Co. Ltd ដែល​យុវជន​ទាំង​ ២ ​ចំណាយពេល​អភិវឌ្ឍ​រយៈពេល ៦ ​ខែ និង​ដាក់​ឲ្យ​ដំណើរការ​លើ​វេបសាយ និង​ដោនឡូដ​តាមរយៈ App Store និង Play Store​។

លោក ម៉ាឡែន អគ្គនាយក Guide Direk ​បាន​និយាយ​ថា​៖ «​វេបសាយ guidedirek.com គឺជា​វេបសាយ​ឲ្យ​ភ្ញៀវទេសចរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ប្រើប្រាស់​សម្រាប់​កក់​មគ្គុទ្ទេសក៍​នៅ​កម្ពុជា​ដោយ​ខ្លួនឯង​ផ្ទាល់​។ ស្របពេល​នេះ​ដែរ កម្មវិធី​ទូរស័ព្ទ Guide Direk App ជា​កម្មវិធី​សម្រាប់​មគ្គុទ្ទេសក៍​ក្នុងស្រុក​ចុះឈ្មោះ​ជា​សមាជិក​»​។

លោក ម៉ាឡែន បន្ដ​ថា​ដោយសារ Guide Direk ត្រូវបាន​អភិវឌ្ឍ​ក្លាយជា​ប្រភពព័ត៌មាន​ពី​គោលដៅ​ទេសចរណ៍​សំខាន់ៗ​រហូត​ដល់​សកម្មភាព​ទេសចរណ៍​ផ្សេងៗ វេបសាយ​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ភ្ញៀវ​អាច​ជ្រើសរើស​មគ្គុទ្ទេសក៍​ជំនាញ និង​គួរ​ឲ្យ​ទុក​ចិត្ដ​នៅ​កម្ពុជា​។

វេបសាយ Guide Direk សម្រាប់​ភ្ញៀវ​កក់​មគ្គុទេសក៍​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក​បាន​លើកឡើង​ថា​៖ «​ភ្ញៀវ​អាចមាន​ភាពបត់បែន និង​ជ្រើសរើស​អ្នក​ណែនាំ​ខ្លួន​ដែល​ល្អ​បំផុត​។ មគ្គុទ្ទេសក៍ ក៏​អាច​ពង្រីក​វិសាលភាព​ទីផ្សារ​លើ​គោលការណ៍​ស្នូល ៣ ​ចំណុច គឺ​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ទីផ្សារ​មគ្គុទ្ទេសក៍​កាន់តែ​ល្អ ពង្រីក​ឱកាស និង​ទីផ្សារ​ដល់​មគ្គុទ្ទេសក៍ និង​បង្កើត​ប្រព័ន្ធ​អាជីវកម្ម​យុត្ដិធម៌​នៅ​កម្ពុជា​»​។

មគ្គុទ្ទេសក៍​ជំនាញ​អាយុ ២៣ ឆ្នាំ​រូបនេះ​ដែល​ធ្វើការ​ជាមួយ​មិត្ដភក្ដិ លីម សេងតុង ជា​និស្សិត​ផ្នែក​គ្រប់គ្រង​ទេសចរណ៍​បាន​ធ្វើការ​ស្រាវជ្រាវ​ជាច្រើន​លើ​ឧស្សាហកម្ម​ទេសចរណ៍​បច្ចេកវិទ្យា​ជួប​ជាមួយ​មគ្គុទ្ទេសក៍​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ និង​អ្នកស្រុក​ដែល​ផ្ដល់​សេវាកម្ម​ទេសចរណ៍​មិន​ផ្លូវការ​មុនពេល​សម្រេច​ចិត្ដ​បង្កើត​សេវាកម្ម​ទេសចរណ៍​បច្ចេកវិទ្យា​នេះ​។

លោក ម៉ាឡែន បាន​ប្រាប់ ភ្នំពេញប៉ុស្ដិ៍ ថា​៖ «​ពេលនេះ​យើង​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​បច្ចេកវិទ្យា​សម័យ​កាល​ទី ២​។ ខ្ញុំ​ជឿថា បាវចនា​ប្រវត្ដិសាស្ដ្រ វប្បធម៌ និង​ធម្មជាតិ​ជា​អ្វីដែល​យើង​មាន​ភាពខុសប្លែក​ពី​វេបសាយ​ដទៃ​។ ប្រវត្ដិសាស្ត្រ​ដ៏​វ័យ​ចំណាស់​របស់​យើង​ដែល​ផ្សារភ្ជាប់​យ៉ាង​ស្អិតល្មួត​ជាមួយ​វប្បធម៌ ពិតជា​ភាព​វិសេស​របស់​យើង​។ ក្រៅពី​វប្បធម៌ និង​ប្រវត្ដិសាស្ដ្រ យើង​ក៏​នៅ​មាន​គោលដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏ច្រើន​សន្ធឹក​ទាំង​បែបផែន​ធម្មជាតិ​សុទ្ធសាធ និង​កែច្នៃ​»​។

Guide Direk ត្រូវបាន​ជឿថា​ជា​វេបសាយ​ទេសចរណ៍​ដ៏ប្លែក ខណៈ​វា​ផ្ដល់​អាទិភាព​ដល់​មគ្គុទ្ទេសក៍​ចុះបញ្ជី​ត្រឹមត្រូវ​ដោយ​ពួកគេ​អាច​គ្រប់គ្រង និង​ដាក់​តម្លៃ​សេវាកម្ម​ខ្លួនឯង​។

លោក ម៉ាឡែន បាន​ឲ្យ​ដឹងថា​៖ «​យើង​អត់​រកប្រាក់​ចំណេញ​ពី​ពួកគាត់​តាមរយៈ​កម្រៃជើងសា​អ្វី​ទេ ពីព្រោះ​តម្លៃ​សេវាកម្ម​ត្រូវ​បាន​បង្ហាញ​ស្រាប់ តែ​យើង​រក​ចំណូល​តាមរយៈ​តម្លៃ​ចុះឈ្មោះ​ក្រោយពី​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង ៣ ខែ​ឥត​គិតថ្លៃ​»​។

Guide Direk ក៏​ជួប​នូវ​បញ្ហា​ប្រឈម​ចំពោះ​ក្រុមការងារ​ដែល​ត្រូវ​ពន្យល់​ដល់​មគ្គុទ្ទេសក៍​អំពី​ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ជំនួស​ឲ្យ​ការ​អនុវត្ដ​សេវាកម្ម​បែប​ប្រពៃណី​របស់​ពួកគេ​។

លោក ម៉ាឡែន បាន​បន្ដ​ថា​៖ «​យើង​នឹង​បន្ថែម​កម្មវិធី​ផ្សេងៗ​សម្រាប់​ខល ផ្ញើ​សារ ឬ​ឆាត​ផងដែរ​។ ទាំងនេះ​នឹង​អនុវត្ដ​ឲ្យ​មគ្គុទ្ទេសក៍ និង​អតិថិជន​ស្គាល់គ្នា​កាន់តែ​ច្បាស់​ជាមុន​»​។

សុំចូល​ទៅកាន់​វេបសាយ www.guidedirek.com សម្រាប់​ព័ត៌មាន​បន្ថែម និង​ស្វែងរក​មគ្គុទ្ទេសក៍​សក្ដានុពល ព្រមទាំង​ដោនឡូដ Guide Direk ​លើ App Store និង Play Store សម្រាប់​មគ្គុទ្ទេសក៍​ប្រើប្រាស់​៕