សៀមរាប៖ Eco-Soap Bank (ESB) ជា​ឈ្មោះ​គម្រោង​មូលដ្ឋាន​នៅ​ខេត្ដ​សៀមរាប បំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចំពោះ​បរិស្ថាន​ដោយ​ការ​​ប្រមូល​សាប៊ូ​ប្រើ​រួច​ពី​សណ្ឋាគារ​ ផ្ដល់​ការងារ​ដល់​ស្ដ្រី​ងាយ​រងគ្រោះ​ជា​អ្នក​ផលិត​សាប៊ូ និង​បរិច្ចាគ​សាប៊ូ​ច្នៃ​រួច​ទៅ​ដល់​កុមារ​ក្រីក្រ​ទូទាំង​សកល​លោក​ កំពុង​បោះ​ជំហាន​ធ្វើ​កិច្ច​ការ​មនុស្ស​ធម៌​ជាង ១០ ប្រទេស​នៅ​ទូទាំង​ពិភព​លោក​។

ក្រៅ​ពី​ប្រតិបត្ដិការ​ចម្បង​នៅ​សៀមរាប​ ESB បាន​ចុះបញ្ជី​ជា​អង្គការ​នៅ​សហរដ្ឋ​អាមេរិក និង​កំពុង​ដំណើរការ​កិច្ចការ​សប្បុរស​នៅ​ក្នុង​ប្រទេស ​​ឡាវ នេប៉ាល់ រវ៉ាន់ដា តង់ហ្សានី កេនយ៉ា អាហ្វ្រិក​ខាង​ត្បូង សៀរ៉ាឡេអូន លីបង់ អ៊ូហ្គង់ដា និង​ស្វាស៊ីឡង់​។

លោក Samir Lakhani ស្ថាបនិក​ ESB បាន​ឲ្យ​ដឹង​ថា​៖ «​មិន​គួរ​មាន​កុមារ​រងគ្រោះ​ព្រោះ​បញ្ហា​ខ្វះ​សាប៊ូ​នោះ​ទេ​ ពី​ព្រោះ​សាប៊ូ​ប្រមាណ ៥ លាន​ដុំ ​ត្រូវ​បាន​បោះ​ចោល​ពី​សណ្ឋាគារ​​រៀង​រាល់​ថ្ងៃ​។ ក្នុង​ពេល​ឆាប់ៗ យើង​​បន្ដ​ទៅ​កាន់​ បង់ក្លាដែស ឥណ្ឌា អេហ្ស៊ីប និង​លីប៊ើរី​។ យើង​មាន​មោទនភាព​ដែល​បាន​ផ្ដើម​ចលនា​​ពិភព​លោក​ដ៏​ថ្លៃថ្លា​នៅ​កម្ពុជា​»។

បច្ចុប្បន្ន សាប៊ូ​កែច្នៃ​ត្រូវបាន​បរិច្ចាគ​ដល់​កុមារ​សិស្ស​សាលា​ជាង ១ លាន​នាក់ ​នៅ​ជុំវិញ​ពិភព​លោក​តាមរយៈ​អង្គការ​ និង​សប្បុរស​ជន​នានា​ ខណៈ​នៅ​កម្ពុជា​ការ​ចែក​ចាយ​បាន​ចំនួន​ប្រមាណ ៦០ ម៉ឺន​ដុំ​។

គម្រោង​ Eco-Soap Bank ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០១៤ នៅ​ពេល​និស្សិត​ស្ម័គ្រ​ចិត្ដ​អាមេរិក Samir Lakhani ធ្វើ​ការ​ក្នុង​អង្គការ​អ្នក​ត្រួស​ត្រាយ​កម្ពុជា (TCO) លើ​ការ​ជីក​ស្រះ​ត្រី​នៅ​ភាគ​ខាង​ជើង​​កម្ពុជា​។​

ពេល​បំពេញ​ការងារ​លោក Samir បាន​ឃើញ​អ្នក​ម្ដាយ​ម្នាក់​យក​សាប៊ូ​ម្សៅ​​ងូត​ទឹក​ដុស​ឲ្យ​កូន​។ ទិដ្ឋភាព​នេះ​បាន​ធ្វើ​ឲ្យ​លោក​ភ្ញាក់​ផ្អើល រួច​ក៏​គិត​ពី​លទ្ធភាព​ជួយ​ពួក​គេ​។

លោក Samir អាយុ ២៧ ឆ្នាំ បាន​និយាយ​ថា​៖ «​ខ្ញុំ​ចាប់​ផ្ដើម​ការងារ​ស្ម័គ្រ​ចិត្ដ​ដំបូង​ពេល​អាយុ ២២ ឆ្នាំ។ ខ្ញុំ​ដឹង​ថា នេះ​ជា​ទង្វើ​ខ្វះ​អនាម័យ​។ ខ្ញុំ​ចាំ​បាន​ថា ស្ដ្រី​ក្នុង​ភូមិ​នោះ​បាន​ងូត​ទឹក​ និង​ប្រើ​សាប៊ូ​ម្សៅ​ដុស​ឲ្យ​កូន​»។

លោក Samir Lakhani ស្ថាបនិក Eco-Soap Bank​​។ រូបថត សហ​ការី

ត្រឡប់​ទៅ​សណ្ឋាគារ​វិញ លោក​បាន​ដឹង​ថា សាប៊ូ​ក្នុង​បន្ទប់​ស្នាក់​នៅ​ត្រូវ​បាន​ផ្លាស់ប្ដូរ​រៀងរាល់​ថ្ងៃ​ ទោះ​បី​ជា​ប្រើ​អស់​តែ​បន្ដិច​ក៏​ដោយ​។ នៅ​ថ្ងៃ​បន្ទាប់ លោក​​បាន​ជិះ​កង់​ជុំវិញ​ក្រុង​សៀមរាប​តាម​​សណ្ឋាគារ​គ្រប់​ច្រក​ល្ហក ​ដើម្បី​សុំ​សាប៊ូ​ទាំង​នោះ​។

លោក Samir និយាយ​ថា​៖ «យើង​​បាន​ចុះ​បញ្ជី​ជា​អង្គការ​អន្ដរជាតិ​ក្នុង​ឆ្នាំ ​២០១៥ ពេល​យើង​​​ផ្ដើម​ទទួល​​សំណើ​ពី​រដ្ឋាភិបាល​ និង​សណ្ឋាគារ​នៃ​ប្រទេស​នីមួយៗ​ជុំវិញ​ពិភព​លោក​ឲ្យ​ធ្វើ​​កិច្ចការ​ស្រដៀង​គ្នា​នេះ​ក្នុង​ប្រទេស​ពួក​គេ​។ ពួក​គេ​​​គាំទ្រ​គម្រោង​ដោយសារ​ទទួល​ស្គាល់​ពី​អត្ថ​ប្រយោជន៍​បរិស្ថាន និង​សុខភាព​ ជាពិសេស ឱកាស​ការងារ​សម្រាប់​ស្ដ្រី​»។

ក្នុង​ឆ្នាំ ​២០១៧ លោក Samir គឺជា​វីរជន​ម្នាក់​ចំណោម ១០ នាក់ នៃ​កម្មវិធី CNN''s Hero ប្រចាំ​ឆ្នាំ​ ដែល​ទទួល​ស្គាល់​កិច្ច​ការ​ផ្លាស់ប្ដូរ​សង្គម​។

ការ​កែច្នៃ​សាប៊ូ​

ការ​ប្រមូល​សាប៊ូ​ចាស់ៗ​ត្រូវ​ធ្វើ​ឡើង​តាម​សណ្ឋាគារ ដែល​បច្ចុប្បន្ន​មាន​ចំនួន​ជាង ៤០០ ទីតាំង​ ទាំង​នៅ​ក្រុង​សៀមរាប ភ្នំពេញ និង​បាត់ដំបង រួច​សម្លាប់​មេរោគ និង​សម្អាត​កម្ទេច​ដី​ជា​ដើម​។ បន្ទាប់​មក បុគ្គលិក​ភាគ​ច្រើន​ជា​ស្ដ្រី​ងាយ​រង​គ្រោះ កិន​សាប៊ូ​នឹង​ម៉ាស៊ីន​ជា​ម្សៅ​ រួច​លាយ​ទឹក​ កៀប​ចូល​ពុម្ព និង​កាត់​ជា​ដុំ​តូចៗ​ មុន​នឹង​ហាល​សម្ងួត ​១ ​សប្ដាហ៍​។

លោក មាន លុច្ស ប្រធាន​គម្រោង​ Eco-Soap Bank នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា​៖ «​ជំហាន​ដំបូង​យើង​យក​សាប៊ូ​ដែល​ប្រមូល​បាន​ពី​សណ្ឋាគារ​ផ្ទះ​សំណាក់​ផ្សេងៗ មក​ដុស​រូស​វា​សិន​​ ដើម្បី​សម្អាត​ក្អែល​សក់​។ ជ្រលក់​ទឹក​ថ្នាំ​សម្លាប់​មេរោគ​រួច​ដាក់​ហាល​ ២-៣ ថ្ងៃ​ ដាក់​ក្នុង​ម៉ាស៊ីន​ឈូស​ទឹកកក​​ចេញ​ជា​សន្លឹក​ស្ដើងៗ រួច​កិន​ម្ដង​ទៀត​ ជា​ម្សៅ​ក្រោយ​ពេល​បែង​ចែក​ទៅ​តាម​ពណ៌​សាប៊ូ​»។

សណ្ឋាគារ ៤០០ទីតាំង​បានចូលរួម​ផ្ដល់សាប៊ូ។ រូបថត សហ​ការី

លោក​បន្ដ​ថា៖ «​ពេល​វា​ក្លាយ​ជា​ម្សៅ​យើង​យក​វា​មក​លាយ​ជាមួយ​ទឹក​ [បន្ថែម​ប្រេង​ក្លិន និង​ម្សៅ​សរីរាង្គ​សម្រាប់​​ការ​​​នាំ​ចេញ​ទៅ​អាមេរិក។ ថ្លឹង​ សង្កត់​ក្នុង​ពុម្ពទំហំ​ប្រហែល​ឥដ្ឋ​តាន់ រួច​កាត់​ជា ៣ ដុំ មុន​ពេល​បោះ​ត្រា​ស្លាក​​សញ្ញា និង​ចិត​ក្បាច់​​]។ ចំពោះ​ការ​​ផលិត​សម្រាប់​ចែក​ចាយ​ យើង​កាត់​វា​ជា ៨ ដុំ​ រួច​ច្រក​ដាក់​ក្នុង​កេស»​។

លោក Samir Lakhani បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា៖ «​​សណ្ឋាគារ​ក៏​ទទួល​​បាន​នូវ​ចំណាប់​អារម្មណ៍​វិជ្ជមាន​ពី​ភ្ញៀវ​ ចំពោះ​ការ​ចូលរួម​ជួយ​សង្គម​។ ភ្ញៀវ​ទេសចរ​ជា​ច្រើន​មក​កម្ពុជា និង​បាន​សួរ​ថា​ តើ​សណ្ឋាគារ​ពួក​គេ​ស្នាក់នៅ​បាន​ចូលរួម​យុទ្ធនាការ​កែច្នៃ​សាប៊ូ​ឬ​ទេ?។ សណ្ឋាគារ​ធ្វើ​ការ​ជាមួយ​យើង​ បាន​កាត់​បន្ថយ​សំរាម​រាប់​ពាន់​គីឡូក្រាម​ ហើយ​ពេល​នេះ យើង​ក៏​ប្រមូល​សម្ភារ​ជា​ក្រណាត់ និង​ក្រដាស​បង្គន់​សេស​សល់​ផង​ដែរ​»។

អតីត​​ជា​អ្នក​រត់​តុ​នៅ​ភោជនីយដ្ឋាន​អាហារ​បួស​ក្នុង​ក្រុង​សៀមរាប កញ្ញា​ ហាក់ ហ៊ុន ជា​អ្នក​ផលិត​សាប៊ូ ESB ​បាន​និយាយ​ថា៖​​ «កាល​ខ្ញុំ​នៅ​ធ្វើ​ការ​ភោជនីយដ្ឋាន យើង​បម្រើ​ភ្ញៀវ​តិចតួច​តែ​បើ​នៅ​ទី​នេះ​ខ្ញុំ​ចេះ​ច្រើន​។ ចេះ​ទាំង​របៀប​ធ្វើ​សាប៊ូ​​ ចេះ​ដឹង​ពី​ការ​ចុះ​​យក​សាប៊ូ​តាម​អូតែល ស្នើ​លុយ របៀប​​ទិញ​អីវ៉ាន់​តាម​ផ្សារ និង​ចុះ​ភូមិ​បង្រៀន​​ក្មេងៗ​ពី​របៀប​លាង​ដៃ​ទៀត​»។

លទ្ធភាព​ចែក​ចាយ

ដោយសារ​មិន​មាន​មូលនិធិ​គ្រប់គ្រាន់​សម្រាប់​ការ​ចែក​ចាយ​ខ្លួន​ឯង ESB បាន​បរិច្ចាគ​សាប៊ូ​តាមរយៈ​អង្គការ និង​អ្នក​ស្ម័គ្រ​ចិត្ដ​នានា​ ដែល​បន្ដ​បង្ហាត់​បង្ហាញ​កុមារ​ពី​បញ្ហា​អនាម័យ និង​លាង​ដៃ​សម្អាត​។

លោក លុច្ស បាន​ឲ្យ​ដឹង​ថា​​៖ «​យើង​មាន​ការ​លំបាក​ចំពោះ​លទ្ធភាព​ចែកចាយ​សាប៊ូ​កែច្នៃ​រួច​។ យើង​សុំ​ឲ្យ​មាន​អង្គការ​ផ្សេងៗ​ទាក់ទង​មក​ដើម្បី​យក​សាប៊ូ​ទៅ​ចែកចាយ​តាម​សហគមន៍ និង​សាលា​រៀន​ឲ្យ​បាន​ទូទាំង​ប្រទេស​ជាពិសេស​ដល់​កុមារ​ក្រីក្រ​បាន​ប្រើប្រាស់​។ ​យើង​ក៏​រំពឹង​ទទួល​បាន​ការ​បរិច្ចាគ ​ដើម្បី​ទ្រទ្រង់​មូលនិធិ​»។

សាប៊ូ​​ប្រមូលតាម​សណ្ឋាគារ ត្រូវបាន​ស្ត្រី​​ច្នៃ​ផលិតឡើងវិញ​សម្រាប់នាំ​ចេញទៅបរទេស។ហុង មិនា

ជាមួយ​បំណង​ផ្ដល់​សាប៊ូ​ដល់​កុមារ​ ២,៥ លាន​នាក់ ​នៅ​ឆ្នាំ​ក្រោយ ESB បាន​ឲ្យ​ដឹងថា​ ពួក​គេ​ទទួល​ការ​បរិច្ចាគ​នៅ​ទីតាំង​សិប្បកម្ម និង PayPal។

លោក Samir ​បន្ដ​ថា​៖ «​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​យើង​ចង់​ដាក់​សាប៊ូ​គ្រប់​សាលា​រៀន​ទាំង​អស់​ក្នុង​ប្រទេស ​កម្ពុជា​។ ការ​វិនិយោគ​លើ​អនាម័យ​សម្រាប់​កុមារ​ កាត់​បន្ថយ​អត្រា​ការ​បោះបង់​សាលា និង​ជំងឺ​»។

លោក​រំពឹង​ថា​ អង្គការ​កាន់​តែ​ច្រើន​នឹង​សហការ​ជាមួយ​ TCO/ESB ដើម្បី​​ទទួល​បាន​សាប៊ូ​ ៥០ ដុំ​ឥតគិត​ថ្លៃ​។ ​ព័ត៌មាន​លម្អិត​ ទំនាក់ទំនង​ទូរស័ព្ទ លេខ ០៨៥ ៥០១ ២៨៦ ឬ​អ៊ីមែល​​ pm@ecosoapbank.org»៕

វីដេអូ៖