ភ្នំពេញៈ ជា​មួយរូប​សម្រស់​ផូរផង់​បែប​យុវវ័យ តារា​ចម្រៀង​សាច់​សខ្ចី​នៅ​ទ្រនំ​សាន់​ដេ កញ្ញា ឆាយ យូរី នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​អង្រួន​ឆាក​តន្ត្រី និង​ក្ដាប់​បាន​ជោគ​ជ័យ​លើ​អាជីព​ចម្រៀង​មិន​ណយ​ទេ។

យ៉ាងណាមិញ តារា​ស្រី​ទាំងវ័យ​ក៏​ខ្ចី​ល្វក់ ហើយ​សម្ផស្ស​ក៏​អំណោយ​ផល​រូប​នេះ ហាក់​ពុំទាន់​ស្រវា​បាន​តំណែង​តួ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ណាមួយ​ឡើយ ទាំង​រូប​នាង​ផ្ទាល់​ក៏​លាន់​មាត់​ថា ប្រាថ្នា​អាជីព​សម្ដែង​ដែរ​តែ​ពុំ​ស្វាក់​បាន​មួយ​រឿង​សោះ។

ក្នុងជំនួប​ជាមួយ ភ្នំពេញប៉ុស្ដិ៍ នា​ថ្ងៃ​សម្ពោធ​ភាពយន្ត​រឿង «បិសាច​គំនូរ» កាលពីដើម​សប្ដាហ៍ ស្រី​ស្រស់ យូរី និយាយ​ថា៖ «ក្រៅ​ពី​អាជីព​ជា​តារា​ចម្រៀង យូរី ផ្ទាល់​ក៏​ចង់​ចាប់​អាជីព​ជា​តារា​សម្តែង​ដែរ ហើយ​អាច​សម្តែង​បាន​គ្រប់​ប្រភេទ​មិន​ថា សម្តែង​ជា​តួ​ស្លូត តួ​កាច តួ​ក្រមិច​ក្រមើម ឬ​តួ​ទឹក​ភ្នែក​អី​គឺ យូរី ធ្វើ​បាន​ទាំង​អស់»។

ទោះយ៉ាងណា​ក្ដី តារា​ស្រី​ខ្ចី​ល្វក់ ដែល​ល្បី​ចាកចោល​អតីត​សង្សារ​រួម​ខ្នើយ​ជា​អ្នក​ដឹកនាំ​សម្ដែង​លោក រ៉េត ទៅ​លួច​បង្កាត់​ភ្លើង​ស្នេហ៍​នឹង​ដៃគូ​សិល្បៈ​ថ្មី​លោក ប៊ីម៉ូ នោះ ក៏បាន​បន្ត​ប្រាប់​ពី​បំណង​ប្រឡូក​ក្នុង​វិស័យ​សម្ដែង​ភាពយន្ត​ផង​ដែរ​ថា៖ «ចំពោះ​តំណែង​ជា​តួឯក ឬ​ជា​តួ​អ្វី ដែល យូរី នឹង​សម្តែង​នោះ យូរី ក៏​មិន​អាច​ឆ្លើយ​បាន​ដែរ ដោយ​សារ​មិន​ទាន់​មាន​ម្ចាស់​ផលិតកម្ម​ភាពយន្ត​ទាក់​ទង​ឲ្យ​ទៅ​សម្តែង​នៅ​ឡើយ​ទេ»។

ដោយ​សារភាពថា ពុំទាន់​មាន​ទីផ្សារ​សម្ដែង​សោះ តារាចម្រៀង ដែល​ទើប​បញ្ចេញ​បទ «ស្វា​បាប៊ូ» ជាមួយ​ការ​ស្លៀក​ពាក់​រយ៉េ​រយ៉ៃ​ដូច​មនុស្ស​ព្រៃ​ និង​ចង្វាក់​រាំ​អម​ដោយ​ស្វា​ធំ​យ៉ាង​ប្លែក​ភ្នែក កញ្ញា យូរី ក៏បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ខ្លះ​សន្និដ្ឋាន​ថា អាច​ដោយ​សារ​នាង​មិន​ទាន់​ចប់​កុងត្រា​ជាមួយ​ផលិតកម្ម​សាន់ដេ​នៅ​ឡើយ ទើប​បណ្ដា​ម្ចាស់​ផលិតកម្ម​ភាពយន្ត​នានា​មិន​ទាន់​ហ៊ាន​ទាក់​ទង​ឲ្យ​នាង​សម្ដែង​កុន​ក៏​ថា​បាន។

យ៉ាងណាក៏ដោយ ខណៈ​នាង​ទើប​ប្រកាស​ទទួល​ការសម្ដែង​ភាពយន្ត តែ​ក្រឡេក​មើល​វិស័យ​ចម្រៀង​វិញ តារា​ស្រី​និយម​លេង​ស្តាយ​ឃ្យូតៗ កញ្ញា យូរី បាន​ទាក់​ទាញ​ការ​គាំទ្រ​ច្រើន​សម្រាប់​បទ​ចម្រៀង «ស្វា​បាប៊ូ» ជាមួយ​ឈុត​ឆាក​ប្លែកៗ​រាំ​នៅ​ក្នុង​ព្រៃ។ បទ​នេះ​ត្រូវ​បាន​ដឹកនាំ​សម្តែង​ដោយ​លោក ប៊ីម៉ូ (Bmo) ដែល​ល្បី​ថា​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ស្រី​ស្រស់ យូរី នោះ។

កញ្ញា យូ​រី ក៏​រំពឹង​ដែរ​ថា៖ «បទ​នេះ​ផ្ទាល់​មិនទាន់​បានចេញ​ជា MV ទេ​ទើបតែ​ដាក់​ផ្សាយ Trailer ជា​ផ្លូវការ​ប៉ុណ្ណោះ​តែ​ឃើញ​ថា​មាន​ការ​ចុច Like នឹង​ស៊ែរ​ច្រើន​មែន​ទែន។ ចំណែក​ឯ MV បទ​ហ្នឹង នឹង​ចេញ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ហើយ»។

តារាចម្រៀង​រូបនេះ ក៏ត្រូវ​បាន​គេ​សង្កេតឃើញថា ចាប់ផ្តើម​ឡើង​កូដ​ខ្លាំង​តាំង​ពី​ចេញ​បទ «ចាក់​ទឹក​ដូង» នា​រដូវ​ចូល​ឆ្នាំ ២០១៧ ធ្វើ​ឲ្យ​កក្រើក​អ្នក​គាំទ្រ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ បទ​ចម្រៀង​ដែល​សុទ្ធ​តែ​ជា​បទ​ផ្ទុះ​របស់​នាង រួម​មាន​បទ ទឹក​ហូរ​ក្រោម​ស្ពាន, ក្បាច់​ទា និង​បទ​នំបុ័ង​ប៉ាតេ ជាដើម៕