ក្រុង​សេអ៊ូល៖ ការ​ឈ្នះ​ពាន​រង្វាន់​អូស្ការ​ចំនួន ៤ ដ៏​មិន​នឹក​ស្មាន​ដល់​បាន​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​ភាពយន្ត​កូរ៉េ​ខាង​ត្បូង បុង ជូនហូ (Bong Joonho) បំបែក​​​រនាំង​វិស័យ​ភាពយន្ត​​ និង​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ភាពយន្ត​កូរ៉េ ក៏​ដូចជា​ភាពយន្ត​បរទេស​ដទៃ​ទៀត ឲ្យ​មាន​ឱកាស​ទទួល​ស្គាល់​នៅ​ឆាក​សកល​លោក។

ភាពយន្ត​កូរ៉េ​រឿង ប៉ារ៉ាសិត (Parasite) ដែល​និយាយ​ពី​វណ្ណៈ​អ្នក​មាន និង​អ្នក​ក្រ បាន​ដណ្ដើម ៤ ពាន​អូស្ការ ក្នុង​កម្មវិធី​ប្រគល់​ពាន​លើក​ទី ៩២ កាល​ពី​​រាត្រី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។

នេះ​ជា​ខ្សែ​ភាពយន្ត​បរទេស​ដំបូង​​ដែល​ដណ្ដើម​ពាន​​បាន​ច្រើន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ Academy Awards ចាប់​តាំង​ពី​ឆ្នាំ ១៩២៩។

ខ្សែ​ភាពយន្ត​ដែល​សម្ដែង​ដោយ​ជនជាតិ​កូរ៉េ និង​ផលិត​ដោយ​ក្រុម​ការងារ​កូរ៉េ​សុទ្ធសាធ​ទាំង​មិន​មាន​តួ​សម្ដែង​បរទេស​ម្នាក់​នោះ​បាន​ធ្វើ​ឲ្យ​មហាជន​ទូទាំង​ពិភព​លោក ​បើក​ភ្នែក​ធំៗ​ក្រោយ​ពី​អ្នក​ដឹកនាំ​រឿង​ប្រមូល​ពាន​ដល់​ទៅ ៤។

តួសម្ដែង​ក្នុងរឿង ប៉ារ៉ាសិត ដែល​និយាយពីគ្រួសារ​អ្នកមាន​អ្នកក្រ​​។ រូបថត AFP

កន្លង​មក​ Academy Awards តែងតែ​​ផ្ដោត​ចម្បង​លើ​ភាពយន្ត​ជា​ភាសា​អង់គ្លេស ដែល​ត្រូវ​បាន​ផលិត​​សម្រាប់​ទីផ្សារ​​បស្ចិម​ប្រទេស។ នេះ​គឺ​​ជា​សំណេរ​ចុះ​ផ្សាយ​ដោយ​កាសែត​​ប្រចាំ​ថ្ងៃ​ Chosun Ilbo ប្រទេស ​កូរ៉េ​ខាង​ត្បូង។

កាសែត​នេះ​បាន​ចុះ​ផ្សាយ​ទៀត​ថា៖ «ជោគជ័យ​របស់​លោក បុង មិន​ត្រឹម​តែ​ជា​ប្រវត្តិសាស្ត្រ​វិស័យ​ភាពយន្ត​របស់​កូរ៉េ​ខាង​ត្បូង​​នោះ​ទេ។ វា​ជា​ការ​បើក​សករាជ​ថ្មី​ និង​ផ្ដល់​ឱកាស​ដល់​ភាពយន្ត​ពី​បណ្ដា​ប្រទេស​ដទៃ​ទៀត ត្រូវ​បាន​ទទួល​ស្គាល់​នៅ​ហូលីវូដ»។

អ្នកស្រី Gina Kim សាស្ត្រាចារ្យ​នៅ ​UCLA និង​ផលិតករ​ភាពយន្ត​​បាន​និយាយ​ថា៖ «ហូលីវូដ​នៅ​តែ​គ្រប​​ដណ្ដប់​វិស័យ​ភាពយន្ត​ទូទាំង​ពិភព​លោក ហើយ​វា​ពិត​ជា​គួរ​ឲ្យ​សោកស្ដាយ​ដែល​កន្លង​មក​​មិន​សូវ​មាន​ភាពយន្ត​បរទេស​អាច​ជ្រៀត​ចូល​ដណ្ដើម​ពាន​​អូស្ការ។ ជោគជ័យ​នៃ​រឿង ប៉ារ៉ាសិត គឺ​ជា​ការ​ផ្លាស់ប្ដូរ​​ដ៏​ធំ​ធេង​ក្នុង​វិស័យ​ភាពយន្ត​»៕ AFP