ក្រុងវ៉ាស៊ីងតោន : តារាភាពយន្ដអាមេរិក Sylvester Stallone រហស្សនាម រ៉ាំបូ បន្ដវាយប្រហារក្រុមអ្នកគាំទ្រ ដែលរិះគន់ប្រឆាំង ខណៈលោកមកលេងកីឡា ក្រោយពីពាក្យចចាមអារាមក្លែងក្លាយស្ដីពីមរណភាពលោកបង្កការភ្ញាក់ផ្អើលពេញអុីនធឺណិត។
តារារ៉ុកគី ដែលបង្ខំចិត្ដចេញមុខមកបញ្ជាក់ការពិតថា លោកនៅមានជីវិតរស់ ដោយការបង្ហោះវីដេអូលេងសើចពីរឃ្លីបលើអុីនស្ដាក្រាមដែលបង្ហាញពីភាពរស់រវើករបស់លោក។
វីដេអូទីមួយ តារាវ័យ ៧១ ឆ្នាំរូបនេះ បានរេកាមេរ៉ាកាត់ឧបករណ៍ហាត់ប្រាណ ខណៈនិយាយថា៖ «នែកមើលនេះ ខ្ញុំនៅកន្លែងហាត់ប្រាណ»។
បន្ទាប់មក លោកបង្វែរកាមេរ៉ាឲ្យចំមុខលោក និងបន្ដសរសេរថា៖ «ខ្ញុំគ្រាន់តែចង់និយាយថា ខ្ញុំមានសុខភាពល្អណាស់ក្នុងនាមជាមនុស្សស្លាប់។ បន្ដវាយប្រហារខ្ញុំទៀតមក»។
ក្រោយពីហាត់ប្រាណចប់ លោកបានបង្ហោះវីដេអូឃ្លីបមួយទៀត ដោយបាននិយាយថា៖ «ទិចនិកសុខភាពប្រចាំថ្ងៃរបស់ខ្ញុំ។ សូមបន្ដរីករាយ។ ដូច្នេះ សូមតាមដាន សប្ដាហ៍ក្រោយ ខ្ញុំនឹងចេញមុខប្រាប់ពីរបៀបទទួលទានប្រកបដោយសុខភាពពេលអ្នកស្លាប់ទៅ»។
លោកបានបញ្ចប់វីដេអូដោយការវាយកាមេរ៉ាមួយដៃ។ កាលពីថ្ងៃអង្គារ រ៉ាំបូ បានចែករំលែកវីដេអូដ៏រីករាយជាមួយកូនស្រីទាំងពីរឈ្មោះ សូភីយ៉ា អាយុ ២១ ឆ្នាំ និងស៊ីស្ទីន អាយុ ១៩ ឆ្នាំ។
លោកបានប្រាប់ក្រុមអ្នកគាំទ្រឲ្យកុំខ្វល់នឹងដំណឹងឆ្កួតលីលានេះ និងបានអះអាងថា លោកនៅមានជីវិតរស់ និងមានសុខភាពរឹងមាំធម្មជាតិ ក្រោយពីព័ត៌មានក្លែងក្លាយត្រូវបានផ្សព្វផ្សាយពេញអុីនធឺណីត។ នេះមិនមែនជាលើកដំបូងដែលលោកត្រូវចេញមកបកស្រាយដំណឹងមរណទុក្ខឡើយ។
អ្នកលេងហ្វេសប៊ុកបានរាយការណ៍ ដោយបានឃើញសារក្លែងក្លាយកាលពីខែកញ្ញា ឆ្នាំ២០១៦ ដោយអះអាងថា រ៉ាំបូ ត្រូវបានប្រទះឃើញស្លាប់នៅផ្ទះក្នុងក្រុងឡូសអេនជឺលេស៕ HR