ក្រុង​វ៉ាស៊ីនតោន: អតីត​លោកស្រី​ទី ១ អាមេរិក មី​ឆែ​ល អូ​បា​ម៉ា បាន​លុប​ចោល​ការ​កក់​សំបុត្រ​ដំណើរ​កម្សាន្ដ​ទៅ​កាន់​ក្រុង​ប៉ារីស និង​ប៊ែរឡាំង ដើម្បី​ចូលរួម​បុណ្យ​សព​អតីត​ប្រធានា​ធិបតី​អាមេរិក George H.W. Bush ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ ក្នុង​អាយុ ៩៤ ឆ្នាំ។

លោកស្រី បានសរសេរថា៖ «វា​ពិតជា​សំខាន់​ចំពោះ​ខ្ញុំ​ដែល​ត្រូវ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​លោក Bush។ វា​ជា​ប្រផ្នូល​អាក្រក់​ចំពោះ​ដំណើរ​របស់​ខ្ញុំ​ទៅ​កាន់​ក្រុង​ប៉ារីស និង​ប៊ែរឡាំង។ ខ្ញុំ​នឹង​គ្រោង​ដំណើរ​នៅ​ឆ្នាំ​ក្រោយ»។

ក្នុង​សារ​ទី២ លោកស្រី បាន​បន្ដថា លោកស្រី​សង្ឃឹមថា អ្នកអាន​សៀវភៅ​របស់​លោកស្រី អ្នក​កាន់​សំបុត្រ​នឹង​យោគ​យល់​ចំពោះ​ការ​សម្រេច​ចិត្ដ​នេះ និង​ចូលរួម​ជាមួយ​លោកស្រី​ក្នុង​ការ​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​សព និង​ការ​បូជា​កម្លាំង​កាយ​ចិត្ដ​របស់​លោក​ក្នុង​ពិភពលោក​នេះ។

ដោយ​ចេញផ្សាយ​នៅ​ថ្ងៃទី ១៣ ខែវិច្ឆិកា សៀវភៅ​លោកស្រី អូ​បា​ម៉ា «Becoming» បាន​លក់​ដាច់​ជាង ២ លាន​ក្បាល​នៅ​អាមេរិក​ខាង​ជើង​ក្នុង​រយៈពេល ១៥ ថ្ងៃ​ដំបូង ហើយ​វា​ក៏បាន​បោះពុម្ព​ផ្សាយ ៣១ ភាសា។

ស្ដ្រី​កូន២ វ័យ ៥៤ ឆ្នាំ ជា​លោកស្រី​ទី ១ ដែលជា​កូនកាត់​អាហ្រ្វិក​អាមេរិក​ដំបូង និង​ជា​ភរិយា​របស់​ប្រធានា​ធិបតី​អាមេរិក​ស្បែក​ខ្មៅ​ដំបូង មាន​ឈ្មោះ​ល្បីល្បាញ​ទាំង​ថ្នាក់​ជាតិ និង​អន្ដរជាតិ​ពី​ស្នាម​ញញឹម​ប្រកប​ដោយ​ក្ដី​ស្រឡាញ់ ចំណេះ​ដឹង និង​សកម្មភាព​ដើម្បី​ស្ដ្រី។

នៅក្នុង​សៀវភៅ លោកស្រី បាន​រំឭក​ពី លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​ចោទសួរ​ពី​សញ្ជាតិ​អាមេរិក​របស់​ស្វាមី​លោកស្រី។ លោកស្រី ក៏បាន​ជីក​កកាយ​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន ដូចជា​ការ​រលូត​កូន និង​ការ​ប្រើ​វិធី​បង្ក​កំណើត​ក្រៅ​ស្បូន​ដើម្បី​ពពោះ​កូន​ស្រី​ទាំង ២ នាក់ ដែល​សព្វថ្ងៃ​ចម្រើន​វ័យ ១៧ និង ២០ ឆ្នាំ៕