ភ្នំពេញ៖ បណ្តុំរូបថតស៊ីអារម្មណ៍ផ្អែមល្ហែមខ្លាំងពីតារាសម្តែងស្រី និងពិធីការិនីទូរទស្សន៍ មេម៉ាយកូន ១ សម្រស់ផូរផង់ក្រមុំមិនដូរ អ្នកនាង សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់រូបសង្ហា លី វ៉ាហេដ នៅតំបន់ប្រាសាទបុរាណលើទឹកដីខេត្តសៀមរាបថ្មីៗនេះ ក៏បណ្តាលឲ្យលេចឮនូវដំណឹងថា អ្នកទាំង ២ កំពុងតែបន្លាយចំណងមិត្តភាពស្និទ្ធស្នាលឲ្យក្លាយទៅគូស្នេហ៍ ខណៈក៏ជិតកំណត់ពេលវេលារៀបការហើយដែរ ទើបបាននាំគ្នាមកថត Pre-Wedding នៅលើទឹកដីដែនដ៏ពិសិដ្ឋនេះ។
ភ្ជាប់នឹងបណ្តុំរូបថតជាច្រើន សន្លឹកបង្កើតបរិយាកាសដ៏សប្បាយរីករាយ និងផ្អែមល្ហែមបំផុត នៅតំបន់ប្រាសាទខេត្តសៀមរាប នាដើមខែនេះ អ្នកនាង សុខ សោម៉ាវត្តី ក៏បង្ហើរសារបញ្ជាក់ពីចិត្តថា៖ «រូបភាពនៅសៀមរាប មិនដឹងជា post មួយណាទុកមួយណាទេ ព្រោះស្រឡាញ់ទាំងអស់ទឹកដីអង្គរ ដែលខ្ញុំស្រឡាញ់ជួបគ្នាលើកក្រោយណា Best memories ever» និងសារថា « ព្រះនាងម្ចាស់ឡឺកឺ នឹងបងប្រហិត ក្តីសុខ និងសុភមង្គលដែលកើតចេញពីខ្លួនយើងទាំង ២ គឺមិនមែនពីអ្នកដទៃនោះឡើយ!»។
ក្រៅពីការចុច Like និងសារអបអរសាទរយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ ក៏នៅតែមានអ្នកចង់ជជីកសួរការពិតដែរថា៖ «តើនេះជាការថត Pre-Wedding មែនទែន? ឬក៏ជាការថតសម្តែងនៅក្នុងស្ប៉តផលិតផលអ្វីមួយទេ Idols ទាំង ២! ហើយបើពិតមែននោះ តើពេលណារៀបការដែរ?»។
តាមពិតទៅភាពផ្អែមល្ហែមខ្លាំងពីមិត្តក្នុងវិស័យសិល្បៈរបស់ សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេដ គឺបានបង្ហាញ ពីភាពស្និទ្ធស្នាលតាំងពីចាប់ដៃគ្នាសម្តែងក្នុងកុនដុំរឿង «អ្នកខូចចិត្តអាជីព» មក ហើយនាងក៏តែងតែច្រានចោលពីសម្ព័ន្ធភាពដ៏ពិសេសនេះជារឿយៗផងដែរ។
តើតារាស្រីមេម៉ាយកូនមួយអ្នកនាង សុខ សោម៉ាវត្តី កំពុងតែរឹតបន្តឹងនូវទំនាក់ទំនងស្នេហាបន្ថែម ឬក៏យ៉ាងណាជាមួយនឹងកំលោះកីឡាករ បាល់ទាត់កម្ពុជារូបសង្ហា លី វ៉ាហេដ នោះក៏បន្តជាមន្ទិលសង្ស័យដដែល ខណៈភ្នំពេញប៉ុស្តិ៍មិនអាចទទួលបានការបញ្ជាក់ពីនាងឡើយ ដោយប្រព័ន្ធទូរស័ព្ទនាងមិនអាចទំនាក់ទំនងបាន។
កាលពីដើមឆ្នាំនេះ តារាសម្តែងស្រី និងពិធីការិនីទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី ក៏បានបកស្រាយប្រាប់ភ្នំពេញប៉ុស្តិ៍ពីសម្ព័ន្ធភាពខ្លួន និងកីឡាករ លី វ៉ាហេដ ផងដែរថា៖ «មិនមែនអ្វីថ្មីដូចជាការគិតរបស់បងប្អូននោះទេ! តាមពិតទៅ ពួកយើងនៅតែស្និទ្ធស្នាលគ្នា តែក្នុងការងារសិល្បៈដូចជាកាលពីមុនអ៊ីចឹង! ហើយនៅឆ្នាំថ្មីនេះ យើងក៏មានការថត MV រឿងខ្លីមួយដែរ ថតសម្រាប់ផលិតផលមួយប្រភេទប៉ុណ្ណោះ»៕