ភ្នំពេញ៖ វិចិត្រសាលសហសម័យ ស្រា អាត បានស្វាគមន៍ពិព័រណ៍ថ្មីក្រោមចំណងជើងថា «អប្សរា និងរឿងព្រេងកម្ពុជា» ដែលជាការឧទ្ទិសដល់ សម្តេចព្រះរៀមបុប្ផាទេវី ក្រោយពីទ្រង់សោយទិវង្គតកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា កន្លងទៅនេះ។
សម្តេចព្រះរៀមបុប្ផាទេវី មានព្រះកិតិ្តនាមខ្ពង់ខ្ពស់ និងត្រូវបានគោរពចំពោះស្នាព្រះហស្តក្នុងការអភិរក្ស និងច្នៃបង្កើតរបាំព្រះរាជទ្រព្យ ដោយទ្រង់បានចូលរួមសម្ដែងរបាំតាំងពីចម្រើនវ័យជំទង់ នៅលើឆាកសិល្បៈជុំវិញពិភពលោក។
ពិព័រណ៍នេះ នឹងមានការដាក់តាំងស្នាដៃរួមគ្នា ដោយមានរូបថត និងផ្ទាំងគំនូរ មិនត្រឹមតែស្ដែងពីស្នាព្រះហស្តរបស់ទ្រង់ថែមទាំងឆ្លុះបញ្ចាំងពីកេរដំណែលកម្ពុជាដ៏ថ្លៃថ្លាកន្លងមក។ កម្រងរូបថតនឹងតំណាងឲ្យភាពស្របគ្នានៃនាដការីរបាំអប្សរា និងចម្លាក់ពីបរមបុរាណនៃសម័យចេនឡា។
តួអង្គដ៏សំខាន់មួយទៀតនៃពិព័រណ៍នេះ រួមមាន ទេវនាដនិម្មិត ឯម ធាយ ដែលឈានចូលវ័យ ៨៧ ឆ្នាំ។
អ្នករបាំវ័យជ្រេរូបនេះធ្លាប់បាននិយាយថា៖ «ក្នុងសម័យសង្គមរាស្ត្រនិយម សម្ដេចឪទ្រង់ឈ្វេងយល់ថា របាំព្រះរាជទ្រព្យ គួរតែស្វាគមន៍មនុស្សទូទៅ មិនមែនសម្រាប់តែរាជវង្សនៅក្នុងវាំងនោះទេ»។
ដូចគ្នាទៅនឹងទស្សនៈរបស់ស្ថាបនិកវិចិត្រសាល ស្រា អាត អ្នកនាង Cecile Eap ការបើកវិចិត្រសាលនេះ គឺដើម្បីផ្សព្វផ្សាយ និងចែករំលែកសិល្បៈសហសម័យ ជាមួយមនុស្សគ្រប់រូបដែលមានចំណាប់អារម្មណ៍លើវិស័យនេះ។
អ្នកនាងបានពន្យល់ថា៖ «យើងមានអារម្មណ៍ថា នេះគឺជាពេលវេលាដ៏ស័ក្ដិសមបំផុតក្នុងការដាក់តាំងពិព័រណ៍មួយនេះ។ វាមិនត្រឹមតែជាការសម្ដែងក្ដីគោរពដល់សម្ដេចព្រះរៀមបុប្ផាទេវីនោះទេ ថែមទាំងជាការរំឭកនូវប្រភពនៃសិល្បៈខ្មែរ និងឥទ្ធិពលពីអតីតកាលមកលើសិល្បករនាសម័យបច្ចុប្បន្ននៅកម្ពុជា»។
ស្ថាបនិកវិចិត្រសាល ស្រា អាត បានបន្តទៀតថា៖ «យើងពិតជាចង់បង្ហាញនូវឥទ្ធិពលឥតសាបសូន្យរបស់សម្ដេចព្រះរៀម មកលើវប្បធម៌កម្ពុជា តាមរយៈពិព័រណ៍ដែលស្វាគមន៍សាធារណជនមកកាន់ទីនេះ»។
ក្នុងចំណោមស្នាដៃ ដែលត្រូវបានដាក់តាំងលើកនេះ រួមមានគំនូររបស់ លោក គុណ កុលកតិកា ជាវិចិត្រករកម្ពុជា ដែលមានការសិក្សាជ្រៅជ្រះពីប្រវត្តិសាស្ត្រអាណាចក្រកម្ពុជា និងវប្បធម៌ប្រទេសនេះ។
ក្ដីស្រឡាញ់របស់លោកចំពោះសិល្បៈដ៏ប្រណីតរបស់កម្ពុជា និងចំណាប់អារម្មណ៍របស់លោកចំពោះសិល្បៈប៉ែកអឺរ៉ុប បានធ្វើឲ្យលោករំលេចជាស្នាដៃតុល្យភាពពិភពទាំង ២ គឺអាណាចក្រកំណើតរបស់លោក និងពិភពលោកខាងលិច។
វិចិត្រករនៅភ្នំពេញរូបនេះ បានរំលេចរូបភាពដែលជាឥទ្ធិពលប្រែប្រួលនៃពន្លឺ និងពណ៌ ចេញពីធាតុមេឃ ដី និងទឹក ដែលទ្រទ្រង់ជីវិត។
សិល្បករមួយរូបទៀត ដែលចូលរួមពិព័រណ៍នេះ គឺលោក Arjay Stevens ជាអ្នកវិទ្យាសាស្ត្រធម្មជាតិជនជាតិអាល្លឺម៉ង់ ដែលបានចាប់អាជីពជាអ្នកថតរូប និងសិល្បករ។
លោកបានចាប់ផ្ដើមជាប់ចិត្តនឹងសិល្បៈអាស៊ីអាគ្នេយ៍ ក្រោយពីលោកបានមកកាន់ដែនដីនេះ នៅឆ្នាំ ១៩៩៦។ រាប់តាំងពីថ្ងៃដំបូង លោក Stevens តែងផ្ដោតលើការស្វែងយល់ពីសិល្បៈដ៏រុងរឿងរបស់ខ្មែរ។
អស់រយៈកាលជាង ២០ ឆ្នាំ លោកបានផ្ដិតរូបថតរាប់ពាន់សន្លឹកនៅកម្ពុជា។ យោងតាមការអះអាងពីរូបលោក និងនាយកផ្នែកសិល្បៈ និងស្ថាបត្យកម្មព្រះបរមរាជវាំង លោក Stevens គឺជាជនដំបូងដែលបានថតរូបឯកសារអំពីផ្ទាំងគំនូរពណ៌អំពីរឿងរាមកេរ្តិ៍ នៅលើជញ្ជាំងវាំង ក្នុងអំឡុងឆ្នាំ ១៩៩៦ និង ១៩៩៧។
សមិទ្ធផលរបស់លោក គឺជាសៀវភៅរូបថត ដែលផ្ដិតយករឿងរ៉ាវនារីរបាំអប្សរាដ៏ល្បីល្បាញពីសម័យអង្គរ ដែលមានភាពខុសគ្នាពីអ្នករបាំសហសម័យនាពេលបច្ចុប្បន្ន។
ពិព័រណ៍ «អប្សរា និងរឿងព្រេងកម្ពុជា» ផ្ដើមស្វាគមន៍សាធារណជន នៅថ្ងៃអង្គារ ទី ៣ ខែ ធ្នូ ហើយនឹងបន្តដាក់តាំងរហូតដល់ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ នៅវិចិត្រសាល ស្រា អាត ស្ថិតនៅផ្ទះលេខ 7/9E0 មហាវិថីសុធារស ក្បែរវត្តឧណ្ណាលោម៕