ភ្នំពេញ៖ តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​ជ្រក​ក្រោម​ទ្រនំ​ហង្សមាស​កញ្ញា វី ឌីណែត ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​កូន​ស្រី​សំណព្វ​ចិត្ត​របស់​តារា​ចម្រៀង​ជើង​ចាស់​លោក​ ហួរ ឡាវី ដែល​មិន​​ធ្លាប់​លេច​ឮ​ដំណឹង​មាន​គូ​ស្នេហ៍​ ស្រាប់​តែ​ថ្មីៗ​នេះ​បង្ហាញ​រូប​កាន់​ដៃ​គ្នា​យ៉ាង​ផ្អែម​ល្ហែម​នៅ​ក្នុង​ទឹក​ដី​អង្គរ​ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ពី​​អ្នក​ប្រើប្រាស់​បណ្តាញ​អ៊ីនស្តាក្រាម។

ជាមួយ​រូបភាព​ដ៏​រ៉ូមេនទិក​នេះ មតិ​ខ្លះ​យល់​ថា​ ស្រី​ស្រស់​ វី ឌីណែត ទំនង​ជា​ចង់​បង្ហើប​​ពី​ពន្លក​​ស្នេហ៍​ប្រាប់​មហាជន និង​អ្នក​គាំទ្រ​នាង។

យ៉ាងណា​មិញ តារា​ចម្រៀង​ស្រី​ វ័យ​ ២៣ ឆ្នាំ ដែល​តែងតែ​ទទួល​បាន​ប្រជាប្រិយភាព​​ និង​លេច​មុខ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ស្ទើរ​តែ​គ្រប់​កម្មវិធី​រូប​នេះ​បាន​ថ្លែង​មក ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​តាម​ពិត​រូប​នោះ ​គឺ​ជា​ដៃ​របស់​មិត្តភក្តិ​ទេ ហើយ​ក៏​មិន​បាន​ទៅ​តែ​ ២ នាក់​ដែរ​ គឺ​ទៅ​លក្ខណៈ​ក្រុម​ការងារ​ គ្រាន់​តែ​ថត​ផូស្ត​លេង​ប៉ុណ្ណោះ​ ខ្ញុំ​ក៏​មិន​ហ៊ាន​យក​សង្សារ​ដែរ​ ខ្លាច​បែក​គ្នា​»​។

ក្រោយ​ពី​បាន​បញ្ជាក់​​ឋានៈ​ម្ចាស់​​ដៃ​ត្រឹម​តែ​ជា​មិត្តភក្តិ​ តារា​ចម្រៀង​ស្រី​សំឡេង​​​ធ្ងន់​រូប​នេះ​បាន​បង្ហើប​​ទៀត​ថា​៖ ​«សម្រាប់​បច្ចុប្បន្ន​នេះ​ ខ្ញុំ​មិន​ទាន់​មាន​សង្សារ ឬ​អ្នក​តាម​ស្រលាញ់​ដែរ និយាយ​រួម​ទៅ​គឺ​អត់​មាន​តែ​ម្តង​ មិន​ថា​មើល​ចិត្ត​គ្នា​សិន ឬ​គម្រោង​ថ្ងៃ​អនាគត​អី​ក៏​អត់​ដែរ​​ ព្រោះ​គិត​ថា​ ខ្លួន​ឯង​នៅ​ក្មេង​ដែរ​ មិន​ទាន់​ដល់​អាយុ​ដែល​ត្រូវ​គិត​រឿង​នេះ​ទេ ក្រៅ​ពី​ការងារ​»​។

ទោះ​បី​ជា​តារា​ចម្រៀង​ស្រី​រូប​ស្រស់​កញ្ញា វី ឌីណែត​ ​មិន​ទាន់​ក្ដាប់​​​តំណែង​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​លំដាប់​ពិភព​លោក​ដូច​ជា​តារា​ស្រី​រួម​​ទ្រនំ​អ្នក​នាង ឱក សុគន្ធកញ្ញា អ្នកនាង​ សុខ ស្រីនាង កញ្ញា សុខ សីឡាលីន​ កញ្ញា សួស វីហ្សា​ និង​អ្នកនាង​ ពេជ្រ​ សោភា ក៏​តារា​ស្រី​រូប​នេះ​ទទួល​បាន​តំណែង​ជា​តួឯក​ស្រី​ក្នុង​រឿង​ភាគ​ថ្មី​របស់​ផលិតកម្ម​រស្មី​ហង្សមាស​ «រាជ​បុត្រ​កង្កែប​» ដែល​ត្រូវ​សម្តែង​ជា​គូ​ជាមួយ​ម្ចាស់​ជយលាភី​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​ Cambodia Idol លោក​ នី​ រតនា​ ផង​ដែរ​។

ក្រៅ​ពី​បាន​បញ្ចប់​ការ​ថត​ខ្សែ​ភាពយន្ត​លើក​ដំបូង​ក្នុង​អាជីព​សម្តែង​ថែម​ទាំង​គ្រង​តំណែង​ជា​តួឯក​ស្រី​ទៀត​នោះ​ តារា​ចម្រៀង​ស្រី​​​រូប​នេះ​ ក៏​បាន​ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មីៗ​ជា​ច្រើន​បទ​ផង​ដែរ ដោយ​នាង​​បាន​បញ្ជាក់​ថា​៖ «ភាគ​ច្រើន ​គឺ​ជា​បទ​មនោសញ្ចេតនា​»។

មិន​ត្រឹម​តែ​មាន​​ភាព​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ​​ទាំង​វ័យ​ក្មេង​កញ្ញា វី ឌីណែត​ ដែល​មាន​ឪពុក​ជា​អ្នក​សិល្បៈ​ស្រាប់​នោះ​ ក៏​បាន​បង្ហើប​ពី​ការ​បង្កើត​អាជីវកម្ម​ក្រៅ​សិល្បៈ​ដែល​ត្រៀម​ទុក​ថែម​ទៀត​ថា​៖​ «​សម្រាប់​ពេល​នេះ ​ខ្ញុំ​កំពុង​មាន​គម្រោង​បើក​របរ​រក​ស៊ី​មួយ​ដែរ​ តែ​សុំ​លាក់​សិន​ សុំ​បង្ហើប​ត្រឹម​តែ​ថា​អាច​ជា​អាជីវកម្ម​ខាង​ថែរក្សា​សម្រស់​ច្រើន​ជាង​»​៕