ភ្នំពេញៈ នាឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ម្តាយបង្កើត​នាង​នៅ​ខេត្ត​ស្វាយរៀង​របស់​តារាចម្រៀង​ស្រី​សមត្ថភាព​អាច​ច្រៀង​ទាំង​បុរាណ និង​សម័យ កញ្ញា សួស វីសា ដែល​ក៏​ជា​ថ្ងៃ​ខួបកំណើត​ខ្លួន​ផង​ដែរ​នា​ថ្ងៃទី​ ២០ ខែ​មេសា​កន្លង​មក​ក៏​ស្រាប់តែ​កំលោះ​រូប​សង្ហា​លោក ថមមី បាន​ដក​ចិញ្ចៀនពេជ្រ​ ១ ​វង់​ជូន​ជា​កាដូ និង​សុំ​នាង​រៀបការ​ទាំង​ក្នុង​ចំណោម​មនុស្ស​ច្រើន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​មហាជន​។

ក្រោយពី​ចប់​កិច្ចការ​នៃ​ពិធី​ចម្រើន​ព្រះជន្ម​ម្តាយ​នាង ខណៈ​ពេល​រាត្រី​ដែល​មាន​ការប្រគំតន្ត្រី​កម្សាន្ត​ដ៏សប្បាយ​នោះ​លោក ថមមី បាន​លុតជង្គង់​និយាយ​ក្នុង​ចំណោម​មនុស្សម្នា​យ៉ាង​ច្រើន​នោះ​ថា​៖ «​តើ​អូន​យល់ព្រម​រៀបការ​ជាមួយ​នឹង​បុរស​ដែល​មិន​សូវ​ល្បី និង​គ្មាន​ទ្រព្យធន​ច្រើន​ដូចជា​សេដ្ឋី ដូចជា​បង ដែល​មាន​ចិត្ត​ស្មោះ​នេះ​ដែរ​ទេ​?»​។

មាន​សារ​ដោយ​ទទូច​រក​ចម្លើយ​តាម​បណ្តាញ​សង្គម​ផង​ដែរ​ថា​៖ « Will You Marry Me? Sous Visa បងប្អូន​ក៏​ចង់ដឹង​ចម្លើយ​ពី​គាត់​ដូច​ខ្ញុំ​ដែរ​ឬ​ក៏​អត់​?»​។

យ៉ាងណា​ទាំង​មហាជន​ក្តី និង​សាមីខ្លួន​ខាង​ប្រុស​ក្តី​ក៏​មិន​ទាន់​បាន​ទទួល​ការតប​ភ្លាមៗ​ពី​កញ្ញា សួស វីសា ទៅ​នឹង​សំណើសុំ​រៀបការ​នា​ថ្ងៃ​ប្រារព្ធ​ខួប​កំណើត​នៅ​ខេត្ត​ស្វាយរៀង​នោះ​នៅឡើយ​ទេ ខណៈ​ភ្នំពេញ​ប៉ុស្តិ៍​ក៏​មិន​បាន​ការបកស្រាយ​ពី​កញ្ញា​ផង​ដែរ​ពេល​ទំនាក់ទំនង​ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​បាន​បិទ​។

ទោះបី​ជា​តារាចម្រៀង​សាច់​សខ្ចី​សម្ផស្ស​ស្រស់​សោភា កញ្ញា សួស វីសា ដែល​ឆក់​បាន​ឱកាស​នៅក្នុង​តំណែង​ជា​គ្រូបង្វឹក​ម្នាក់​នៃ​កម្មវិធី​លំដាប់​ពិភពលោក The Voice Kids Cambodia នា​រដូវកាល​ទី ២ នៅ​ទ្រនំ​ផលិតកម្ម​ហង្សមាស និង​កំពុង​តែ​ឡើង​កូដ​រូបនេះ​មិន​បាន​ឆ្លើយតប​ភ្លាមៗ មែន​ក្តី តែ​ក៏​ឃើញ​នាង​បាន​សារភាព​ទទួល​យក​ចំណង​ស្នេហ៍​ពី​បុរស​រូបនេះ​រួច​ទៅ​ហើយ តែ​មិន​ទាន់​ហ៊ាន​តប​ចំពោះ​សំណើសុំ​រៀបការ​នោះ​តែ​ប៉ុណ្ណោះ​។

មួយ​ថ្ងៃ​ក្រោយមក​ក៏​ឃើញ​សារ​របស់​នាង​តាម​ហ្វេសប៊ុក​ថា​៖ «​ចង់​ស្អប់​ម្នាក់​ហ្នឹង​ណាស់ ព្រោះ​ចូលចិត្ត​ធ្វើឲ្យ​ខឹង ហើយ​ពូកែ​ខាង​លួង ចង់​ស្អប់​ដែរ តែ​នៅ​តែ​យក​ឈ្នះ​ចិត្ត​ខ្លួន​មិន​បាន​! តែ​ក៏​អរគុណ​សម្រាប់​ថ្ងៃនេះ thanks you honey love you too!» និង​សារ​មួយ​ទៀត​បញ្ជាក់​ថា​៖ «​នាង​ខ្ញុំ​រួម​ទាំង​ក្រុម​គ្រួសារ​សូម​គោរព​ថ្លែងអំណរគុណ​ជ្រាលជ្រៅ​ដល់​លោកយាយ លោក​-​តា ពូមីង បងប្អូន ទាំងអស់​ដែល​បាន​មក​ចូលរួម​ក្នុង​កម្មវិធី​របស់​ខ្ញុំ​កាលពី​ម្សិលមិញ​។

ជាពិសេស​នោះ​អរគុណ​ទៅ​ដល់​ពូម៉ៅ Tommy Real សម្រាប់​កាដូ​ចិញ្ចៀនពេជ្រ​ទោះ​វា​មិនមែន​តម្លៃ​រាប់ម៉ឺន លាន សែន​ដូច​គេ តែ​វា​មាន​ន័យ​ណាស់​សម្រាប់​ខ្ញុំ អរគុណ​ពូម៉ៅ និង​ប្អូនៗ​ដែល​ខំ​ស៊ូប្រាយ​ខ្ញុំ​រាល់ថ្ងៃ ស៊ូប្រាយ​ទាល់តែ​ដល់​ថ្ងៃ​ពិតប្រាកដ​ដែល​មក​ដល់​»៕