ក្រុងហាណូយ: ឫស្សីជាសម្ភារសាមញ្ញក្នុងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋវៀតណាម តែឫស្សីក៏ជាឧបករណ៍យ៉ាងពិសេសក្នុងក្រអៅបេះដូងវៀតណាមផងដែរ។ នៅរោងសៀកឫស្សីវៀតណាម ឫស្សីត្រូវបានប្រើលើសពីឧបករណ៍ធម្មតាសម្រាប់សកម្មភាពសៀកដ៏ជក់ចិត្ដមួយចំនួន ដោយវាមានមុខងារជាជណ្ដើរក្នុងកម្មវិធីកម្សាន្ដនានា។
ឫស្សីត្រូវបានប្រើសង់ជាវេទិកាដែលងាយបំប្លែងពីឆាកមួយទៅឆាកមួយទៀត។ ទាំងនេះបានធ្វើឲ្យឫស្សីក្លាយជានិមិត្តរូបសំខាន់ក្នុងការសម្ដែងសៀក ហើយវាបង្កើតភាពល្អឯក ដែលធ្វើឲ្យសិល្បៈកម្សាន្ដសៀកវៀតណាមខុសប្លែកពីប្រទេសដទៃ។
តន្ដ្រីអមការសម្ដែងសៀកសុទ្ធតែសម្រាំងពីចង្វាក់ភ្លេងដែលលាយឡំគ្នារវាងឧបករណ៍ប្រពៃណី កុលសម្ព័ន្ធ និងសម័យទំនើប។ តន្ដ្រីត្រូវបានតាក់តែងឡើងទៅតាមឈុតឆាកនៃការសម្ដែង រន្ថើនទៅតាមចលនា និងមនោរម្យរបស់អ្នកសម្ដែង។
មហាជននឹងទទួលបាននូវបទពិសោធស្គាល់ប្រពៃណីចម្រុះ ដូចជា សិល្បៈគងកុលសម្ព័ន្ធភ្នំ ពិណភាគខាងជើងដែលបន្សល់ទុកតាំងពីបរមបុរាណ ខាទ្រូ (ចម្រៀងក្នុងពិធីបុណ្យផ្សេងៗ) និងទ្រ ឌុនកាតៃធូ ឬ តន្ដ្រីប្រពៃណីអ្នកភាគខាងត្បូង។
ការសម្ដែងសៀកឫស្សីវៀតណាមនីមួយៗតំណាងឲ្យវប្បធម៌ប្លែកៗពីតំបន់ខុសៗគ្នាក្នុងប្រទេស។ ការរស់នៅបែបស៊ីវិល័យកំពុងធ្វើឲ្យប្រពៃណីបុរាណនោះរលាយបាត់រូបរាងបន្ដិចម្ដងៗ ដូចជា ទិដ្ឋភាពប្រជាជនដើរកៀងហ្វូងទាកាត់វាលស្រែក្រោមពន្លឺព្រះខែនៅភាគខាងត្បូង ពិធីដង្ហែក្បួនបួងសួងដល់អាទិទេពសុំទិន្នផលស្រូវសម្បូរហូរហៀរក្នុងភូមិឋាននៅភាគកណ្ដាលខ្ពង់រាប ហើយការណាត់ជួបស្នេហ៍ដ៏រ៉ូមេនទិករបស់យុវជន និងយុវតីនៅភាគខាងជើងប្រទេស។
សៀកឫស្សីវៀតណាម កម្របង្កើតទស្សនីយភាពបែបវប្បធម៌នេះណាស់ តែពេលនេះវាក៏បង្ហាញពីដំណើររឿងបុរាណតាមរយៈឈុតឆាក រួមទាំងពន្លឺ សំឡេង និងវេទិកាផងដែរ។
ការសម្ដែងធ្វើឲ្យមហាជនមិនថា វៀតណាម និងជនបរទេសប្លែកអារម្មណ៍ជាមួយសៀកល្អឯកតែមួយគត់នេះ។ ពួកគេបានសម្ដែងជាង ៥០០ កម្មវិធីនៅទីក្រុងជាង ៥០ ក្នុង ១៧ ប្រទេសដោយបានទាក់ទាញមហាជនជាង ២០ ម៉ឺននាក់នៅរោងមហោស្រពអូប៉េរ៉ាក្រុងស៊ីដនី សាលមហោស្រពសិល្បៈកាណាហ្គាវ៉ា សាលមហោស្រពសិល្បៈយ៉ូកូស្កា មហោស្រពភើត និងសាលមហោស្រពរាជអូប៉េរ៉ាក្នុងក្រុង Muscat។
លោក ធួន លី ជានាយកនៃការសម្ដែងសៀកឫស្សីនៃក្រុម A O Show បាននិយាយថា៖ «ពីក្រោយការសម្ដែងសៀកនេះ សៀកឫស្សីវៀតណាមគឺជាបេសកកម្មទាក់ចិត្ដជនជាតិវៀតណាមដែលរស់នៅសែនឆ្ងាយពីមាតុភូមិ និងមហាជនអន្ដរជាតិឲ្យបានស្គាល់នូវតម្លៃ និងភាពសម្បូរបែបនៃវប្បធម៌វៀតណាម»៕ VNS/ Asia News Network/HR