ក្រុង​ហាណូយ៖ ម្ចាស់​បារ៍​ជា​ច្រើន​កន្លែង​បាន​ឲ្យ​ដឹង​ថា ការ​លក់​ស្រាបៀរ​នៅ​​ប្រទេស ​វៀតណាម ​មាន​ការ​ធ្លាក់​ចុះ​​នៅ​មុន​ពេល​ចូល​ឆ្នាំ​​របស់​ខ្លួន​ ​ខណៈ​​ច្បាប់​រឹត​បន្ដឹង​ចរាចរណ៍​ថ្មី​បាន​រំខាន​ដល់​ការ​អបអរ​ឆ្នាំ​ថ្មី​ក្នុង​ប្រទេស​​និយម​គ្រឿង​ស្រវឹង​​បំផុត​មួយ​ក្នុង​លោក​។

នៅ​តាម​បារ៍​ជា​ច្រើន​ក្នុង​ទីក្រុង​ហាណូយ មាន​កៅអី​ទទេ​ ហើយ​អ្នក​គ្រប់គ្រង​ខ្លះ​ត្អូញត្អែរ​ថា ជំនួញ​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​តាំង​ពី​គោល​នយោបាយ​មិន​អនុគ្រោះ​គ្រឿង​ស្រវឹង​ត្រូវ​បាន​​​អនុវត្ដ​កាល​ពី​ថ្ងៃទី ១ ខែ​មករា​។

ង្វៀង ធីហាញ ជា​អ្នក​គ្រប់គ្រង​បារ៍ បៃហូយ ក្នុង​ទីប្រជុំ​ជន​ក្រុង​ហាណូយ បាន​ត្អូញ​​ថា អ្នកស្រី​ពិបាក​រក​លុយ​​ឲ្យ​ប្រាក់​ខែ​បុគ្គលិក​ណាស់​នា​ខែ​នេះ​។

អ្នកស្រី​បន្ត​ថា​៖ «​ចំនួន​ភ្ញៀវ​បាន​ធ្លាក់​ចុះ​ខ្លាំង រហូត​ដល់ ៨០ ភាគរយ​។ បើ​ស្ថានភាព​នេះ​នៅ​តែ​បន្ដ​ ១ ឬ ២ ខែ​ទៀត យើង​រត់​លែង​រួច​ហើយ​»។

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ជាង ៣០ ភាគរយ ​ចំណោម​ក្រុម​បុរស​ក្នុង​ប្រទេស ​វៀតណាម កើត​ឡើង​ពី​ការ​បើកបរ​លើស​ល្បឿន​។

ហាង​ផឹក​ស៊ី​នៅវៀតណាម ហាក់មានសភាពស្ងប់ស្ងាត់ ជាង​មុនក្រោយ​​ចេញគោលនយោបាយ​រឹត​បន្តឹង​​​។ រូបថត AFP

ស្ថិត​ក្រោម​ច្បាប់​ថ្មី អ្នក​បើកបរ​ម៉ូតូ ដែល​ទទួល​ទាន​គ្រឿង​ស្រវឹង​នឹង​ត្រូវ​ផាក​ពិន័យ​រហូត​ដល់ ៣៤៥ ដុល្លារ​ ខណៈ​អ្នក​បើកបរ​រថយន្ដ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង អាច​នឹង​ប្រឈម​ការ​ផាក​ ១ ៨០០ ដុល្លារ​។ ទាំង ២ ករណី ​ក៏​នឹង​ប្រឈម​ការ​ព្យួរ​បណ្ណ​បើកបរ​ផង​ដែរ​។ សូម្បី​តែ​អ្នក​ជិះ​កង់​មាន​ជាតិ​ស្រវឹង​ក៏​ត្រូវ​ផាក​​ ​២៥ ដុល្លារ​ដែរ។

ប៉ូលិស​ចរាចរណ៍​បាន​និយាយ​ថា ពួក​គេ​បាន​ផាក​ពិន័យ​អ្នក​បើកបរ​ប្រមាណ ៦ ៣០០ នាក់ ​នៅ​ទូទាំង​ប្រទេស​ត្រឹម​រយៈពេល ២ សប្ដាហ៍ ​ក្រោយ​ពី​ច្បាប់​ចូល​ជា​ធរមាន​។ គ្រោះថ្នាក់​ចរាចរណ៍​បាន​ធ្លាក់​ចុះ​ប្រមាណ ១៣ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នា​ឆ្នាំ​មុន​។

អ្នក​គ្រប់គ្រង​បារ៍​ ត្រាន អាញមិញ បាន​និយាយ​ថា អតិថិជន​បាន​ធ្លាក់​ចុះ​ ៥០ ភាគរយ ​នៅ​បារ៍ បៃហូយ របស់​ខ្លួន​ហើយ​ពួក​គេ​ព្យាយាម​សម្រួល​ដល់​ភ្ញៀវ​​ដោយ​ការ​ផ្ដល់​កន្លែង​ផ្ញើ​យានយន្ដ​ពេល​រាត្រី ឬ​ជូនភ្ញៀវ​​ដល់​ផ្ទះ​។

អ្នកដឹកជញ្ជូនស្រាបៀរ​បំពេញតម្រូវការ​បារ៍ និងហាង​នានា​។ រូបថត AFP

ម៉ូយ​ប្រចាំ​ម្នាក់​​របស់​លោក​ឈ្មោះ ង្វៀង ធៀនឌុង បាន​និយាយ​ថា ខ្លួន​កម្រ​ចេញ​ទៅ​បរិភោគ​គ្រឿង​ស្រវឹង​ក្រៅ​ផ្ទះ​ណាស់​នា​ពេល​ថ្មី​ៗ​នេះ និង​មក​ទី​នេះ​ជាមួយ​មិត្ដភក្ដិ​ប៉ុន្មាន​នាក់​ដោយសារ​វា​នៅ​ជិត​ផ្ទះ​ស្រាប់​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​គាំទ្រ​ច្បាប់​ថ្មី​នេះ តែ​វា​​​ឆាប់​អនុវត្ដ​ពេក​។ ទម្លាប់​​​​មិន​អាច​ផ្លាស់​ប្ដូរ​ភ្លាមៗ​នោះ​ទេ​»។

យោង​តាម​ក្រុមហ៊ុន​វាយ​តម្លៃ​សន្ដិសុខ SSI វៀតណាម​ដែល​មាន​​ប្រជាជន​សរុប ៩៣ លាន​នាក់ នេះ​ស្ថិត​ក្នុង​​​កំពូល​តារាង​ជា​អ្នក​ផឹក​គ្រឿង​ស្រវឹង​ទាំង ១០។ ការ​ទទួល​ទាន​ស្រាបៀរ​ទំនង​ជា​ហក់​ដល់​ ៤,២ ពាន់​លាន​លីត្រ ក្នុង​ឆ្នាំ ​២០២០​ ហើយ​ប្រទេស​នេះ​ជា​ទីផ្សារ​ស្រាបៀរ​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​៕ AFP/HR