ក្រុងហែលស៊ីនគី: សណ្ឋាគារចល័តដ៏តូចបានបើកដំណើរការនៅហ្វាំងឡង់ នៃតំបន់ប៉ូលខាងជើង បំពាក់ភ្ជាប់រទេះសណ្ដោង ដែលអាចត្រាច់ចរលើវាលព្រឹលទឹកកក ឆ្ពោះទៅកាន់គោលដៅល្អៗដើម្បីគន់ពន្លឺធម្មជាតិភាគខាងជើង។
បង្កើតឡើងដោយប្រតិបត្ដិករទេសចរណ៍ ៤ Off the Map Travel បន្ទប់ស្នាក់សម្រាប់មនុស្ស ២ នាក់មានទំហំទទឹងតែ ២,៤០ ម៉ែត្រ បណ្ដោយ ៤,៥ ម៉ែត្រ និងកម្ពស់ ២ ម៉ែត្រ។
នៅក្នុងសណ្ឋាគារចល័តបំពាក់បរិក្ខារចាំបាច់គ្រប់ប្រភេទ រួមទាំង គ្រែដេកដ៏ស្រួលខ្លួន តុតូច ម៉ាស៊ីនកម្ដៅ និងបង្គន់ស្ងួតនៅខាងក្រៅ។ បន្ទប់ស្នាក់តូចនេះ ក៏រំលេចនូវដំបូលឆ្លុះមេឃ អាចគន់ពន្លឺភាគខាងជើងពេលកំពុងដេក។
អំឡុងពេលស្នាក់នៅ ភ្ញៀវនឹងត្រូវមានស្បែកជើងព្រឹល និងម៉ូតូទឹកកកផ្ទាល់ខ្លួន ដើម្បីជិះលុកលុយក្នុងតំបន់។
សរុបមក មានសណ្ឋាគារចល័តចំពោះ ៣ កំពុងដំណើរការនៅភាគខាងកើតភូមិដាច់ស្រយាល គីលភីសចាវី ភាគខាងជើងប្រទេសហ្វាំងឡង់។
ទាំងនេះសម្រាប់ដាក់ឲ្យភ្ញៀវកក់រហូតដល់ពាក់កណ្ដាលខែមេសា និងបើកដំណើរការជាថ្មីរហូតដល់ខែមករា ឆ្នាំ ២០១៩។
Jonny Cooper ស្ថាបនិក Off the Map Travel និងអ្នកជំនាញមគ្គុទេសក៍តំបន់ប៉ូល បាននិយាយថា ផ្ទះស្នាក់ឆ្លុះមេឃានេះ ផ្ដល់នូវបទពិសោធយ៉ាងពិសេសដល់ភ្ញៀវ។
លោកបន្ថែមថា៖ «ជំរំលើវាលទឹកកកនេះត្រូវបានដំឡើងនៅក្នុងរដូវរងា ដោយផ្ដល់ឲ្យភ្ញៀវនូវឱកាសពិសេសគន់ពន្លឺភាគខាងជើង និងរីករាយជាមួយភាពស្ងប់សុខលើវាលទឹកកកតំបន់ប៉ូលខាងជើង»។
បទពិសោធស្នាក់ឯកណ្ដាលវាលទឹកកកជាមួយ Off the Map Travel ចាប់ផ្ដើមពីម៉ោង ៦ ល្ងាច ពេលដែលមគ្គុទេ្ទសក៍ដឹកជញ្ជូនភ្ញៀវដោយម៉ូតូទឹកកកទៅកាន់សណ្ឋាគារតូចមុនពេលបង្ហាត់បង្ហាញពួកគេពីវិធីដុតភ្លើង និងអាំងសាច់ក្រក។
ក្រោយពីអាំងសាច់កណ្ដាលវាលទឹកកក ភ្ញៀវនឹងត្រូវដំឡើងតង់ខ្លួនឯង។ ដូច្នេះពួកគេអាចរីករាយនឹងភាពស្ងប់សុខនៃតំបន់ប៉ូលខាងជើងនេះ និងរង់ចាំគន់សម្រស់ពន្លឺភ្លើងពណ៌ធម្មជាតិ។
តំបន់ភូមិ គីលភីសចាវី រំលេចនូវផ្ទៃមេឃស្រឡះល្អនាពេលរាត្រី និងសម្បូរពន្លឺភាគខាងជើងរះច្រើនជាងទីណាៗទាំងអស់នៃប្រទេសហ្វាំងឡង់។ ក្រុមអ្នកជំនាញបានប៉ាន់ប្រមាណថា បើមេឃស្រឡះល្អ ភ្ញៀវមានឱកាសបានឃើញពន្លឺធម្មជាតិដ៏ស្រស់ត្រកាល ៧០ ភាគរយ៕HR