ក្រុងសាណា: ត្មាត​រោម​វែង ណេលសុន បាន​ហើរ​ឆ្លងកាត់​ប្រទេស​យេម៉ែន​ដែល​ញាំញី​ដោយ​សង្គ្រាម​បង្ហូរឈាម​បំណង​ស្វែងរក​ចំណី តែ​ត្រូវ​បញ្ចប់​វាសនា​ក្នុង​កណ្ដាប់ដៃ​ក្រុម​អ្នក​ប្រយុទ្ធ​យេម៉ែន និង​បាន​ជាប់ឃុំ​បណ្ដោះអាសន្ន​ពី​បទ​ចារកម្ម​សម្ងាត់​។

បក្សី​សម្បុរ​ខ្សាច់​បាន​ចុះចត​ក្នុង​ទីក្រុង​ធំ​ទី​ ៣ Taez របស់​យេម៉ែន​ដែល​ជា​សកម្មភាព​ខុស​ប្រក្រតី​របស់​ត្មាត​ជំទង់ ដែល​អាច​ឆ្លងកាត់​ទ្វីប ដើម្បី​ស្វែងរក​ចំណី ខណៈ​អាកាសធាតុ​ពុំ​មាន​ការប្រែប្រួល​ខ្លាំង​ដូច្នេះ​។

ណេលសុន ទំនង​ជា​មាន​អាយុ ២ ឆ្នាំ​ បាន​ធ្វើ​ដំណើរ​ដ៏វែងឆ្ងាយ​កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០១៨ ពី​ ប៊ុលហ្គារី ជា​ទី​ដែល​វា​ត្រូវ​បាន​បំពាក់​ឧបករណ៍​បញ្ជូន​សញ្ញា​ផ្កាយរណប​ដោយ​អង្គការ​មូលនិធិ ការពារ​ព្រៃ Fund for Wild Fauna and Flora (FWFF)​។

ប៉ុន្ដែ​វា​ទំនង​ជា​វង្វែង​ផ្លូវ និង​ចុះចត​ដោយ​ចៃដន្យ​ក្នុង​ទីក្រុង Taez នៃ​តំបន់​ក្រុម​ឧទ្ទាម Huthi កាន់កាប់ តែ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កងកម្លាំង​របស់​រដ្ឋាភិបាល ដែល​បាន​ចាត់ទុក​ឧបករណ៍​បញ្ជូន​សញ្ញា​ទីតាំង​ភូមិសាស្ត្រ​ថា ជា​ឧបករណ៍​ចារកម្ម និង​បាន​ឃុំ​បក្សី​នេះ​ជា​បណ្ដោះអាសន្ន​។

លោក ស៊ីសាម អាល់ ហ៊ុត ដែល​តំណាង​ឲ្យ​អង្គការ FWFF នៅ​ប្រទេស​យេម៉ែន​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង​គ្រប់គ្រង​ដោយ​ឧទ្ទាម សាណា មកកាន់ Taez ដើម្បី​រំដោះ​ត្មាត​ជំទង់​នេះ​។

លោក ហ៊ុត បាន​និយាយ​ថា​បក្សី​នេះ​នឹង​ត្រូវ​បាន​ដោះលែង​រយៈពេល ២ ខែ​ ទៀត​ពេល​គេ​ជឿថា ណេលសុន មាន​កម្លាំង​ថាមពល និង​ជាសះស្បើយ​ពី​របួស​ពេល​ហោះហើរ​លើ​ផ្លូវ​ដ៏​វែងឆ្ងាយ​កន្លង​មក​៕ HR