ភ្នំពេញៈ ដោយសារ​តែ​ចង់​ស្វែងរក​បេក្ខជន​មាន​ទេពកោសល្យ និង​មាន​ជំនាញ​សិល្បៈ​ផ្នែក​ចម្អិន​ម្ហូបអាហារ​សេវាកម្ម​នោះ សមាគម​មេ​ចុងភៅ​កម្ពុជា សហការ​ជាមួយ​នឹង​សមាគម​ភោជនីយដ្ឋាន​កម្ពុជា​បាន​រៀបចំ​ការប្រកួត​ជ្រើសរើស​ចុងភៅ​ឆ្នើម​វ័យក្មេង​ជា​លើក​ដំបូង​ប្រចាំ​ឆ្នាំ​ ២០១៩ (Young Chef Talent Competitions Service 2019) ខណៈ​ការប្រកួត​នឹង​ធ្វើ​នៅ​ថ្ងៃទី​ ៨ ខែ​មិថុនា ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​។

ថ្លែង​ឲ្យ​ដឹង​ពី​ការប្រកួត​នាឱកាស​បើក​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃទី​ ២៧ ខែ​ឧសភា ឆ្នាំ​ ២០១៩ នៅ​ស្នាក់ការ​ភោជនីយដ្ឋាន​ខេមា ដែល​ស្ថិត​នៅ​ជាន់​ទី​ ៥ នៃ​អគារ Fred Bank លើ​ដង​មហាវិថី​ព្រះនរោត្តម​លោក រីឆាត ហ្គីឡេត (Richard Gillet) ជា​ប្រធាន​សមាគម​មេ​ចុងភៅ​កម្ពុជា (Disciples Escoffier Cambodia) បាន​ឲ្យ​ដឹង​ពី​លក្ខខណ្ឌ​នៃ​ការប្រកួត និង​កាលបរិច្ឆេទ​នៃ​ការប្រកួត​ដល់​បេក្ខជន​ដែល​មាន​បំណង​ចង់​ចូលរួម​ផងដែរ​។

លោក រីឆាត ហ្គីឡេត បាន​បង្ហើប​ថា​៖ «​នេះ​គឺជា​ការប្រកួត​ជ្រើសរើស​អ្នក​មាន​ទេពកោសល្យ​វ័យក្មេង​ថ្នាក់ជាតិ ផ្នែក​សិល្បៈ​បម្រើ​សេវាកម្ម​អាហារ​តាម​តុ ដែល​ជា​ការសហការ​គ្នា​រវាង​សមាគម​មេចុងភៅ​កម្ពុជា និង​សមាគម​ភោជនីយដ្ឋាន​កម្ពុជា ដើម្បី​ចម្រាញ់​រក​ចុងភៅ​ឆ្នើម​វ័យក្មេង​របស់​កម្ពុជា​ចំនួន ៣ រូប​។ តែ​សម្រាប់​បេក្ខជន​ដែល​ជា​ម្ចាស់​ជយលាភី​លេខ​ ១ នោះ​នឹង​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​មួយ​ផង​ដែរ នៅឯ​ទីក្រុង​ហុងកុង​នៃ​ប្រទេស​ចិន​នៅ​អំឡុង​ខែ​វិច្ឆិកា​ចុង​ឆ្នាំ​ ២០១៩ នេះ​តែ​ម្តង​»​។

ព្រោះ​តែ​នេះ​គឺជា​ការរៀបចំ​លើក​ដំបូង ហើយ​ចង់​ផ្សព្វផ្សាយ​ក៏​ដូចជា​ចង់​បើក​ឱកាស​ទូលាយ​សម្រាប់​ក្រុម​បេក្ខជន ជាពិសេស​អ្នក​មាន​ចំណូល​ចិត្ត និង​ជំនាញ​ចម្អិន​ម្ហូបអាហារ​ទើប​ខាង​សមាគម​មេ​ចុងភៅ​កម្ពុជា​ដែល​បាន​សហការ​ជាមួយ​នឹង​សមាគម​ភោជនីយដ្ឋាន​កម្ពុជា​រៀបចំ​ពិធី​សន្និសីទ​សារព័ត៌មាន​ថ្ងៃនេះ​ឡើង ដើម្បី​ចែករំលែក​ដល់​បេក្ខជន​ដែល​មាន​វត្តមាន​ចូលរួម​ឲ្យ​បាន​ជ្រាប​ពី​លក្ខខណ្ឌ​នៃ​ការប្រកួត​ខ្លះៗ​ជាមុន​។

បេក្ខជន​ត្រៀម​ប្រកួត Young Chef Talent Competition Service 2019​។ ហេង ជីវ័ន

លោក រីឆាត ហ្គីឡេត បាន​បញ្ជាក់​ថា​៖ «​ការប្រកួត​គឺ​ថ្ងៃ​ទី​ ៨ ខែ​មិថុនា ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​យើង​នឹង​មាន​ក្រុម​គណៈកម្មការ​ចុងភៅ​ដែល​សុទ្ធតែ​ជា​មេ​ចុងភៅ​អញ្ជើញ​មកពី​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ល្បី​ក្នុង​ប្រទេស​កម្ពុជា​មក​ធ្វើ​ជា​អ្នក​ផ្តល់​ការវាយតម្លៃ ឬ​ផ្តល់​ពិន្ទុ​សម្រាប់​បេក្ខជន​យើង​។ ហើយ​យើង​ក៏​មាន​លក្ខខណ្ឌ​ចំនួន ៨ យ៉ាង​សម្រាប់​ការ​កាត់​សេចក្តី​លើ​ថ្វីដៃ​របស់​បេក្ខជន​ប្រឡង​នេះ​ដែរ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​»​។

ទោះបី​ដំណើរការ​លើក​ដំបូង​មែន​ក្តី បើ​តាម​ស្តាប់​ពី​ឆន្ទៈ និង​ស្មារតី​នៃ​សមាគម​ទាំង​ ២ គឺ​ទំនង​ជា​នឹង​ត្រូវ​មាន​ការរៀបចំ​ប្រកួត​ជ្រើសរើស​ចុងភៅ​ឆ្នើម​វ័យក្មេង​នេះ​មាន​លក្ខណៈ​ប្រចាំ ហើយ​ជា​លទ្ធផល​ចុងក្រោយ​គឺ​ត្រូវ​ចម្រាញ់​យក​បេក្ខជន​ ៣ ​រូប​ចុងក្រោយ ខណៈ​សម្រាប់​ប្រាក់​រង្វាន់​សម្រាប់​ជយលាភី​នីមួយៗ​នោះ​គឺ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​គឺ​រង់ចាំ​ដល់​ថ្ងៃ​ប្រកួត​ទើប​អាច​ដឹងបាន​។

អ្នកស្រី ហាក់ លីណា ដែល​ជា​ប្រធាន​សមាគម​ភោជនីយដ្ឋាន​កម្ពុជា (Cambodia Restaurant Association) បង្ហើប​ប្រាប់​នាពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដែរ​ថា​៖ «​ជា​ការពិត​ការរៀបចំ​ប្រកួត​ជ្រើសរើស​ចុងភៅ​ឆ្នើម​វ័យក្មេង​នេះ យើង​នឹង​ត្រូវ​ធ្វើឲ្យ​មាន​ការប្រកួត​ជា​លក្ខណៈ​ប្រចាំ​ឆ្នាំ​តែ​ម្តង​។ ចំណែកឯ​រឿង​ប្រាក់​រង្វាន់​នោះ យើង​ក៏​នៅ​មិន​ទាន់​ជម្រាប​ជូន​បាន​នៅ​ឡើយ​ទេ​នា​ពេល​នេះ​គឺ​​រង់ចាំ​ដល់​ប្រកួត​ខែក្រោយ​។ ម្យ៉ាងវិញ​ទៀត​សម្រាប់​បេក្ខជន​ជា​ម្ចាស់​ជយលាភី​លេខ​ ១ នឹង​មាន​ឱកាស​បាន​ទៅ​ចូលរួម​ការប្រកួត​លក្ខណៈ​អន្តរជាតិ​នៅ​ហុងកុង​ចុង​ឆ្នាំ​នេះ​»​។

សម្រាប់​ការប្រកួត​ជ្រើសរើស​ចុងភៅ​ឆ្នើម​វ័យក្មេង​លើក​ដំបូង​ប្រចាំ​ឆ្នាំ​ ២០១៩ ​នេះ​ប្រសិន​បេក្ខជន​ចាប់អារម្មណ៍​អាច​ទំនាក់ទំនង​តាម​សារអេឡិចត្រូនិក E-mail:info@cambodiarestaurantassociation.com.kh ឬ​តាម​ប្រព័ន្ធ​ទូរស័ព្ទ 076 222 8886 ដើម្បី​សាកសួរ​នាំ​ពី​លក្ខខណ្ឌ​នៃ​ការចូលរួម​ប្រកួត​ចាប់ពី​ពេល​ផ្សាយដំណឹង​នេះ​តទៅ​៕