ក្រុងហាណូយ: កសិករស្រែអំបិលនៅឧបទ្វីប ហុន ខុយ បានក្រោកពីដំណេកមុនថ្ងៃរះតាមទម្លាប់កិច្ចការជាច្រើនជំនាន់នូវការប្រមូលផលអំបិលនៅភាគខាងត្បូងប្រទេសវៀតណាម ដោយរំពឹងថានឹងទទួលផលច្រើនជាងកន្លងមក។
មនុស្សជាច្រើននៅក្នុងទីក្រុងដ៏ស្ងប់ស្ងាត់នៃខេត្ដខាញហាវបានប្រកបរបរធ្វើស្រែអំបិលដើម្បីចិញ្ចឹមជីវិតជាគោលដៅពេញនិយមលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមដែលកសិករពាក់មួកប្រពៃណីប្រមូលពំនូកគ្រីស្ដាល់ប្រៃដាក់ក្នុងកញ្ជើឫស្សីឆ្លុះរូបភាពផ្ទៃទឹក និងរំលេចនូវព្រះសុរិយាជាផ្ទៃក្រោយ។
ពួកគេរែកអំបិលដើរយ៉ាងប្រុងប្រយ័ត្នលើភ្លឺស្រែដែលទប់ទឹកសមុទ្រដើម្បីផលិតជាអំបិល។ ង្វៀង ថាញ់ឡៃ ក្នុងសម្បុរស្បែកពណ៌ទង់ដែងចាស់ដោយសារឥទ្ធិពលកម្ដៅថ្ងៃគួបនឹងអំបិលអស់រយៈពេលជិត ៤ ទសវត្សរ៍បានត្អូញថា៖ «ការងារនេះមិនស្រួលបន្តិចសោះ យើងត្រូវប្រឹងសម្បើមណាស់ក្រោមកម្ដៅ ហើយអំឡុងរដូវរងា យើងត្រូវសម្រាក»។
បុរសអាយុ ៦០ ឆ្នាំបានលក់អំបិលដល់អ្នកជំនួញក្នុងស្រុកដែលកែច្នៃជាច្រើនដំណាក់កាលរហូតដល់ដាក់ទទួលភ្ញៀវលើតុ ឬតាមបណ្ដារោងចក្រនានាទូទាំងប្រទេសវៀតណាមសម្រាប់ប្រើប្រឡាក់ត្រីប្រហុកជាអាហារបម្រុងដ៏ពេញនិយមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទឹកត្រី ឬធ្វើទឹកសូដាជាដើម។
ជាទូទៅលោកអាចរកចំណូលបានប្រមាណ ៣៦០ ដុល្លារក្នុង ១ ខែអំឡុងពេលរដូវប្រមូលផលចាប់ពីខែមករាដល់ខែមិថុនាដោយកម្រៃនេះច្រើនជាងទ្វេដងពីកម្មករលើស្រែអំបិលដទៃទៀតទទួលបាន។
បើយោងតាមទិន្នន័យផ្លូវការចុងក្រោយបំផុតបានបង្ហាញថា វៀតណាមផលិតអំបិលប្រមាណ ១ លានតោនក្នុងឆ្នាំ ២០១៥ តែវៀតណាមក៏ត្រូវនាំចូល ៥០ ម៉ឺនតោនទៀតដែលភាគច្រើនមកពីចិន និងឥណ្ឌា។
ប៉ុន្ដែតម្រូវការដ៏ច្រើនសន្ធឹកនេះមិនបានជួយជំរុញជីវភាពកសិករស្រែអំបិលវៀតណាមស្ទុះងើបខ្លាំងនោះទេ។ ក្នុងទីក្រុងទេសចរណ៍ ហុនខុយ ដែលភ្ញៀវនាំគ្នាមកទស្សនាសមុទ្រស្រែអំបិល កសិករនៅតែរងគ្រោះព្រោះបម្រែបម្រួលអាកាសធាតុ។
ការប្រែប្រួលអាកាសធាតុបានរំខានដល់ឧស្សាហកម្មអំបិលដែលពឹងអាស្រ័យចម្បងលើកម្ដៅថ្ងៃស្ងួតដើម្បីទទួលបានទិន្នផលខ្ពស់។
ង្វៀង ឃ្វាងអាញ ដែលចុះស្រែអំបិលជាង ២ ទសវត្សរ៍បាននិយាយថា៖ «បើអាកាសធាតុល្អ យើងអាចប្រមូលផលអំបិលរហូតដល់ ៦ ខែ។ បើវាមានភ្លៀងច្រើន យើងច្បាស់ជាដាច់បាយហើយ»៕ HR