ភ្នំពេញៈ ពិធី​ចូល​ម្លប់ ដែល​ត្រូវ​បាន​អនុវត្ត​ពី​បរម​បុរាណ​ក្នុង​បំណង​ឲ្យ​​កូនស្រី​ពេញវ័យ​ជំទង់​ឲ្យ​ចូល​ម្លប់​បន្ទុំ​សាច់ អប់រំ​ចរិយា​សម្បត្តិ និង​វិជ្ជា​មេផ្ទះ មុន​រៀបការ​នោះ ស្ទើរតែ​បាត់បង់​អស់​ហើយ​។ ប៉ុន្តែ​សម្អាងការ​ដ៏ល្បី​មួយ​នៅ​កម្ពុជា​បាន​បើក​ទទួល​រៀបចំ​ពិធី​ចូល​ម្លប់​សម័យកាល​ទំនើប​ជាមួយ​ការគាំទ្រ​ច្រើន​ពី​សំណាក់​ក្រុម​គ្រួសារ​មាន​កូនស្រី​ចម្រើន​វ័យ​ក្រពុំ​។

អ្នកនាង ឌី ម៉ាឡែន ម្ចាស់​សម្អាងការ ប៉ារ៉ាឌី ដែល​មាន​បទពិសោធ​រៀបចំ​ពិធី​ចូល​ម្លប់​បាន​ឲ្យ​ដឹងថា ពិធី​ចូល​ម្លប់​តម្រូវ​ធ្វើ​ចំពោះ​ក្មេងស្រី​ដែល​កោរជុក កាត់​កំប៉ោយ​ឆ្លង​វ័យ​កុមារី ឈាន​ចូល​វ័យ​ជំទង់​ដោយ​ឪពុកម្តាយ ឬ​អាណាព្យាបាល​ត្រូវ​ធ្វើ​ពិធី​នេះ​ជា​សិរីមង្គល​មួយ​។

ម្ចាស់​សម្អាងការ​រូបឆោម​ស្រស់ស្អាត​បែប​ស្រគត់ស្រគំ​បាន​ប្រាប់​ពី​មូលហេតុ ដែល​អ្នក​នាង​ទទួល​រៀបចំ​ពិធី​ចូល​ម្លប់​នេះ​ឡើង​ថា​៖ «​តាមពិត​ទៅ​ខ្ញុំ​មិន​ដែល​បាន​រៀន​អ្វីឲ្យ​ជ្រៅជ្រះ​នោះ​ទេ ប៉ុន្តែ​ស្រឡាញ់​អ្វី​ដែល​ជា​វប្បធម៌​ខ្មែរ​យើង​។ អ៊ីចឹង​ខ្ញុំ​ក៏​បាន​សិក្សា​ស្រាវជ្រាវ​ទាក់ទង​នឹង​វប្បធម៌​ខ្មែរ​យើង​តាមរយៈ​ការ​ទៅ​ប្រជុំ​ជាមួយ​អ្នក​ដែល​គាត់​មាន​ចំណេះ​ខាង​ទំនៀមទម្លាប់​ដូចជា លោក​អាចារ្យ​ជាដើម ហើយ​ខ្ញុំ​ក៏​មាន​កូនស្រី​ម្នាក់​ដែរ​។ នៅពេល​ដែល​កូនស្រី​ខ្ញុំ​ពេញវ័យ​ខ្ញុំ​នឹង​ធ្វើ​ពិធី​ចូល​ម្លប់​ឲ្យ​កូន​ដូច​គ្នា ហើយ​ខ្ញុំ​ក៏​ចង់​រក្សា​ទំនៀមទម្លាប់​មួយ​នេះ​ឲ្យ​បាន​គង់វង្ស​ដូច​គ្នា​»​។

សម្ភារ​ជាច្រើន​ដែល​ត្រូវ​បាន​រៀបចំ​សម្រាប់​ពិធី​ចូល​ម្លប់​សម័យថ្មី​។ រូបថត សហការី

សម្អាងការ ប៉ារ៉ាឌី ដែល​ដំណើរការ​បាន​ជាង ៥ ​ឆ្នាំ​ទើប​តែ​បាន​រៀបចំ​​ពិធី​ចូល​ម្លប់​រយៈពេល​ ១ ​ឆ្នាំ​នេះ​ទេ​។

ជា​អ្នក​ផ្តួចផ្តើម​លើក​យក​កម្មវិធី​ចូល​ម្លប់ ដែល​សឹង​តែ​បាត់បង់​នាពេល​បច្ចុប្បន្ន​នោះ​អ្នកនាង ឌី ម៉ាឡែន បាន​បរិយាយ​ពី​ប្រវត្តិ​នៃ​ពិធី​នេះ​ខ្លះៗ​ទៀត​ថា​៖ «​ពិធី​ចូល​ម្លប់​មាន​តាំងពី​សម័យអង្គរ​រហូត​មក​ដល់​រាជ​ព្រះបាទនរោត្តម សតវត្សរ៍​ទី​ ២០ និង​ត្រូវ​បាត់បង់​ជា​បន្តបន្ទាប់ កម្រ​នឹង​ឃើញ​មាន​គេ​ប្រារព្ធ​ពិធី​នេះ​។ ប៉ុន្តែ​ក៏​មាន​តិចតួច​នៅ​ស្រុកស្រែ​អំបិល ខេត្ត​កោះកុង ស្រុក​បាធាយ ខេត្ត​កំពង់ចាម ស្រុក​សូត្រ​និគម ខេត្ត​សៀមរាប ដែល​មាន​របៀបរបប​ធ្វើ​ពិធី​ខុសៗ​គ្នា​បន្តិចបន្តួច ប៉ុន្តែ​នៅ​តាម​តំបន់​ខ្លះ​ទៀត​គឺ​ខុស​គ្នា​ទាំង​ស្រុង​»​។

ម្ចាស់​សម្អាងការ​ល្បី​រូបនេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​កាលពី​សម័យមុន កូនស្រី​ត្រូវ​ស្ថិត​នៅ​ក្នុង​បន្ទប់​បិទជិត​មាន​ម្តាយ ឬ​មនុស្ស​ភេទ​ស្រី​នៅ​ការពារ រក្សា​អនាម័យ​ខ្លួនប្រាណ​មិន​ឲ្យ​ចេញ​ទៅ​ទីវាល​អង្គុយលេង ឬ​ងូត​ទឹកអូរ ត្រពាំង​នាំ​ឲ្យ​មេរោគ​ចូល​ខ្លួន ហើយ​បន្ទុំ​សាច់​មិន​ឲ្យ​ត្រូវ​កម្តៅថ្ងៃ ប៉ះ​ខ្យល់​ដែល​នាំឲ្យ​សាច់​មិន​សរ​លោង​។ កូនស្រី​ទើប​ពេញវ័យ​ត្រូវ​នៅ​តែ​ក្នុង​ផ្ទះ​ចៀសវាង​ជំនួប​ជាមួយ​មនុស្ស​ប្រុស​ខ្លាច​មាន​ទំនាក់ទំនង​ស្នេហា​។

គ្រឿង​សម្ភារ​វិជ្ជា​មេផ្ទះ​ត្រូវ​បាន​រៀបចំ​ក្នុង​ពិធី​ចូល​ម្លប់​នាសម័យ​បច្ចុប្បន្ន​។ រូបថត សហការី

នាសម័យកាល​បច្ចុប្បន្ន​ពិធី​ចូល​ម្លប់​មាន​ការវិវឌ្ឍ​ខុស​ពី​មុន ដោយ​អ្នកនាង ឌី ម៉ាឡែន បាន​ឲ្យ​ដឹង​ថា​សព្វថ្ងៃ​មិន​មាន​ការដាំ​ដើម​ចេក​ទុក​រហូត​ដល់​មាន​ផ្លែ​ចេកទុំ ទើប​កូនស្រី​អាច​ចេញ​ពី​ម្លប់​បាន​នោះទេ​។ គេ​គ្រាន់​តែ​ធ្វើ​ពិធី​ចំនួន​កន្លះ​ថ្ងៃ និង​មាន​ធ្វើ​ពិធី​កួច​ព្រលឹង​កូនស្រី​កុំ​ឲ្យ​មាន​ការភិតភ័យ​ព្រម​ទាំង​មាន​ការទូន្មាន​ពី​លោក​អាចារ្យ​ព្រម​ទាំង​ឪពុកម្តាយ​ទៅ​ដល់​កូនស្រី​តែ​ប៉ុណ្ណោះ​។

អ្នកនាង ឌី ម៉ាឡែន បាន​រៀបរាប់​ថា​៖ «​កម្មវិធី​នេះ​គឺ​យើង​ផ្តោត​ទៅ​លើ​កូនស្រី​ដែល​ទើប​នឹង​ពេញវ័យ​ដែល​មាន​លោក​អាចារ្យ​ដែល​គាត់​ជា​អ្នករៀបចំ​កម្មវិធី​នេះ​ឡើង មាន​ការនិមន្ត​ព្រះសង្ឃ​មក​សូត្រមន្ត និង​មាន​ការប្រមូល​គ្នា​ប្រហែល​ជា ៤ ទៅ ៦ ​នាក់​មាន​ធ្វើ​ពិធី​បួងសួង​ដោយ​យក​កញ្ជើ​ស្រូវ​មក​រៀបរាប់​អង្គុយ​ព័ទ្ធជុំវិញ និង​យក​កូនស្រី​ដែល​ត្រូវ​ចូល​ម្លប់​ឲ្យ​អង្គុយ​ជិត​កញ្ជើ រួច​លោក​អាចារ្យ និង​ឪពុកម្តាយ​ប្រកាស​ប្តឹង​ផ្តល់​អំពី​ពូជ​មេ​ស្រូវ​ដែល​ខ្លះ​ហៅថា «​ស្រូវ​មេពូជ​» ហើយ​អនុញ្ញាត​ឲ្យ​កូនស្រី​ទៅ​ថ្វាយបង្គំ​ឪពុកម្តាយ និង​ព្រះសង្ឃ​ព្រម​ទាំង​ញាតិមិត្ត​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ចូល​ម្លប់ ហើយ​ក្រៅ​ពី​សម្ភារ​ដែល​ខ្ញុំ​បាន​រៀបរាប់​នេះ​មាន​ជាច្រើន​ទៀត​ដែល​រៀបរាប់​មិន​អស់​»​។

ពិធី​ចូល​ម្លប់​សព្វថ្ងៃ​ប្រព្រឹត្ត​ឡើង​ដើម្បី​ឲ្យ​កូនស្រី​យល់​ដឹង​ពី​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ ដែល​មាន​តាំងពី​បុរាណ និង​ចង់​បង្វែរ​អារម្មណ៍​ក្មេងស្រី​ដែល​ទើប​នឹង​ពេញវ័យ​មិន​ឲ្យ​មាន​ទំនោរ​ទៅ​ខាង​បរទេស​ច្រើន​ពេក ឲ្យ​យល់​ដឹង​ពី​វប្បធម៌​របស់​ខ្មែរ និង​ចេះ​រៀបចំ​ខ្លួន​ព្រមទាំង​ចរិត​ឫកពា​ឲ្យ​សមសួន​តាម​កាលៈទេសៈ ព្រម​ទាំង​ទទួល​បាន​ចំណេះដឹង​ល្អៗ​ពី​ការធ្វើ​​ពិធី​ចូល​ម្លប់​នេះ​។

អ្នកនាង ឌី ម៉ាឡែន ម្ចាស់​សម្អាងការ ប៉ារ៉ាឌី ដែល​មាន​បទពិសោធ​រៀបចំ​ពិធី​ចូល​ម្លប់​។ រូបថត ហុង មិនា

ម្ចាស់​សម្អាងការ ប៉ារ៉ាឌី ក៏​សង្កេត​ឃើញ​ផង​ដែរ​ថា ពិធី​ចូល​ម្លប់​សព្វថ្ងៃ​ក៏​មិន​បាន​ជួយ​ឲ្យ​កូនស្រី​បក​មក​សុភាព​ទន់ភ្លន់​ដូច​មនុស្ស​សម័យមុន​ទាំង​ស្រុង​នោះ​ទេ ដោយ​កត្តា​ទាំង​នេះ​អាស្រ័យ​ទៅ​លើ​ចរិត​ពី​ធម្មជាតិ​របស់​កូនស្រី និង​ការអប់រំ​បន្ត​ទៀត​របស់​ឪពុកម្តាយ​បន្ថែម​ទៀត​ផង​ដែរ​។

ឪពុកម្តាយ​ដែល​នៅ​ប្រកាន់ខ្ជាប់​ការប្រារព្ធ​ពិធី​ចូល​ម្លប់​នេះ​ដល់​កូនស្រី​ពេល​នេះ​ត្រូវ​បាន​អ្នកនាង ឌី ម៉ាឡែន បាន​បង្ហាញ​ថា​៖ «​មិន​មាន​ន័យ​ថា ​លុះត្រា​ណា​ដែល​គាត់​ជា​អ្នកមាន​ទេ​ដែល​ធ្វើ​ពិធី​នេះ​បាន ប៉ុន្តែ​ពួកគាត់​ភាគច្រើន​បាន​គិត​ថា​គួរតែ​ធ្វើ​ពិធី​នេះ​ឡើង ដើម្បី​អប់រំ​ចិត្ត​គំនិត​ដល់​កូនស្រី មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ផ្តល់​តម្លៃ​កូនស្រី ហើយ​វា​ក៏​ជា​ទំនៀមទម្លាប់​របស់​គ្រួសារ​ពួកគាត់​ដែល​តែងតែ​ធ្វើ​ពិធី​ចូល​ម្លប់​ជា​រៀងរហូត​មក​ហើយ​សម្រាប់​គ្រួសារ​របស់​ពួកគាត់​»៕